កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន បង្ហាញមូលហេតុកំណើននៃការឆ្លងជំងឺកូវីដ-១៩
នៅថ្ងៃទី២ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងថ្មី ៧៥០នាក់ទៀត ដែលនាំឱ្យមានអ្នកឆ្លងសរុបកើនដល់ ៣១,៤៦០នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថាកន្លងមកនេះការឆ្លងមេរោគកូវីដ-១៩ កើនឡើងដោយសារតែការធ្វេសប្រហែសរបស់បុគ្គល។

លោកស្រីមានប្រសាសន៍បញ្ជាក់ថា៖ “បុគ្គលខ្លះគាត់ថា ខ្ញុំលាងដៃក៏លាង ម៉ាសក៏ពាក់ ប៉ុន្តែគាត់ភ្លេចថា គាត់អត់បានរក្សាគម្លាតសុវត្ថិភាពចម្ងាយពី ១,៥ម៉ែត្រ ឡើងទៅទេ គឺគាត់នៅជិតគ្នា នៅប៉ះពាល់គ្នា”។
លោកស្រីបន្តថា ចំណែកការពាក់ម៉ាស មានប្រជាពលរដ្ឋខ្លះអនុវត្តមិនបានត្រឹមត្រូវ។
លោកស្រី មានប្រសាសន៍ថា៖ “តាមការសង្កេត ឃើញបងប្អូនយើងមួយចំនួនធំបានពាក់ល្អត្រឹមត្រូវ តែមួយចំនួនទៀតគាត់ពាក់អត់ត្រឹមត្រូវទេ អ្នកខ្លះមានតែម៉ាស តែពាក់ក្រោមចង្កា ឬក៏ពាក់បិទតែមាត់ តែមិនដាក់ដល់ច្រមុះដែលនាំឱ្យដកដង្ហើមដោយទាំងមេរោគ”។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្តថា៖ “ជួនកាលពាក់ម៉ាសហើយ ហើយដោះចេញ ហើយយកទៅដាក់កន្លែងមិនមានអនាម័យល្អ ហើយទីតាំងដែលគាត់ដាក់ម៉ាសហ្នឹងក៏មិនដឹងទីតាំងយ៉ាងម៉េច មានវីរុសនៅកន្លែងហ្នឹង ឬក៏យ៉ាងម៉េច អ៊ីចឹងនៅពេលគាត់យកមកពាក់ឡើងវិញ វានាំទាំងវីរុសហ្នឹងមកដល់ផ្លូវដង្ហើមគាត់តែម្ដង ហ្នឹងក៏ជាលទ្ធភាព [មេរោគឆ្លងចូលខ្លួន] មួយដែរ។ ពេលខ្លះខ្ញុំអាចនិយាយបានថា យើងភ្លេចខ្លួន”។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ករណីដែលនាំឱ្យឆ្លងមេរោគកូវីដ១៩ជាពិសេសមួយទៀត ដៃ។
លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “ពាក់ម៉ាសហើយ រមាស់ភ្នែក ដៃហ្នឹងយកទៅញីភ្នែកភ្លាមតែម្ដង ដោយយើងមិនបានគិតថា តើដៃយើងបានសម្អាតហើយ ឬនៅ”។
លោកលើកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពារ ឬយ័ន្តការពាររបស់សម្ដេចតេជោ គឺ ៣កុំ៣ការពារ ឱ្យបានហ្មត់ចត់ជាទីបំផុត។

គួររំលឹកថា វិធានការណ៍ការពារខ្លួន ៣កុំ ៣ការពារនោះមានដូចជា៖
៣ ការពារ៖
១. ពាក់ម៉ាសការពារមាត់ និងច្រមុះពីការប៉ះពាល់ទៅនឹងផ្ទៃខាងក្រៅរាល់ពេលដែលលោកអ្នកចេញពីផ្ទះ។ ការពាក់ម៉ាសក៏បានកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ និងច្រមុះបានផងដែរ។
២. ត្រូវសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ ឬអាកុលយ៉ាងតិច ៤០ វិនាទីបន្ទាប់ពីលោកអ្នក ក្អក ឬ កណ្ដាស់, ពេលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអំឡុងពេលថែទាំពួកគេ, មុនពេលបរិភោគអាហារ និងជាពិសេសក្រោយពេលបន្ទោរបង់រួច។
៣. រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ពីអ្នកដ៏ទៃដើម្បីការពារឲ្យបាននៃការសាយភាយនៃមេរោគពីមនុស្សម្នាក់ និងមនុស្សម្នាក់ទៀតក្នុងបរិយាកាសខាងក្រៅ។ ការរក្សាគម្លាតអាចធ្វើឡើងនៅពេលដែលលោកអ្នកតម្រង់ជួរទិញទំនិញ, ការចូលរួមកិច្ចប្រជុំក្នុងបន្ទប់បិទជិត, ការសន្ទនាជាមួយមនុស្សដែលមិនមែនជាសមាជិកគ្រួសារក្នុងផ្ទះ និងករណីផ្សេងៗជាច្រើនទៀត។
៣ កុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នាដូចជាក្នុងជណ្ដើរយន្ត, ក្លឹបកម្សាន្ត និងបន្ទប់ដែលពុំមានបើកបង្អួច។
២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាភាគរយនៃការសាយភាយនៃវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមានកម្រិតខ្ពស់ និងពិបាកក្នុងការពារ។ ឩទាហរណ៍ ការចូលរួមមង្គលការ ឬកម្មវិធីដែលមានអ្នកចូលរួមច្រើននាក់, ភោជនីយដ្ឋានដែលមានមនុស្សច្រើនជាង ២០ នាក់ និងផ្សារលក់ទំនិញដែលមានមនុស្សច្រើនជាដើម។
៣. កុំប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាចាប់ដៃ, ឱប ឬ កៀកស្មា។ លោកអ្នកនៅតែអាចប្រើប្រាស់ភាសាកាយវិការដែលមិនប៉ះពាល់គ្នាតាមរូបភាពជាច្រើនដូចជា ជំរាបសួរ ឬលើកដៃជាសញ្ញា៕
អត្ថបទ៖ ច័ន្ទវីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


