Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ ការយកពន្ធបដិការទាបលើវៀតណាមរបស់សហរដ្ឋអាម៉េរិក និងផលបច្ច័យមកលើកម្ពុជា

បានផុស

នៅ

កាលពីថ្ងៃទី២ ខែកក្កដា កន្លងមកនេះ សហរដ្ឋអាម៉េរិក និងវៀតណាម បានសម្រេចកិច្ចព្រមព្រៀងពន្ធបដិកា ដែលរួមមាន ការយកពន្ធ២០%ទៅ៤០%លើទំនិញវៀតណាមទៅកាន់សហរដ្ឋអាម៉េរិក ជាការដោះដូរទៅនឹងការនាំចូលទំនិញអាម៉េរិកចូលទៅវៀតណាមក្នុងកម្រិតពន្ធ០% ។ នេះ គឺជាអត្រាពន្ធគយដ៏ទាបបំផុតសម្រាប់បណ្តាប្រទេសអាស៊ាន បើប្រៀបធៀបទៅនឹងកម្ពុជា និងថៃ៣៦% មីយ៉ាន់ម៉ា និងឡាវ ៤០% ឥណ្ឌូណេស៊ី ៣២% និងម៉ាឡេស៊ី ២៥%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វៀតណាមបានបន្តអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពឡើងក្នុងបរិបទសេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិមិនមានភាពប្រាកដប្រជា ដែលអាចទាក់ទាញការវិនិយោគរបស់អាម៉េរិក ជាពិសេស ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានផ្លាស់ប្តូរទម្រង់ និងសណ្ឋានរបស់ពាណិជ្ជកម្មសកល យុទ្ធសាស្រ្តរបស់ទីក្រុងហាណូយបានឆ្លុះបញ្ចាំងមិនត្រឹមតែការគិតគូរពីសេដ្ឋកិច្ចរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានធ្វើការគណនាអំពីការការពារភូមិសាស្ត្រនយោបាយ។ ការទាំងអស់នេះ បានជះផលប៉ះពាល់មកលើកម្ពុជាផងដែរ ជាពិសេស នៅក្នុងបរិបទនៃការចរចាពន្ធគយ ការសាយភាយនៃការវិនិយោគ សន្តិសុខព្រំដែន សន្តិសុខសាយប័រ និងការប្រកួតប្រជែងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ប្រឈមមុខនឹងការគំរាមកំហែងសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក ទីក្រុងហាណូយ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទទួលបាននូវការរក្សាចំណងមិត្តភាពល្អជាមួយនឹងរបស់រដ្ឋបាលលោក ត្រាំ សូម្បីតែកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិកមកត្រឹម០% ប៉ុន្តែ សហរដ្ឋអាម៉េរិកនៅតែសម្រេចចិត្តដាក់ពន្ធ២០% លើការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។ សម្រាប់កម្ពុជា ក៏បានធ្វើការចរចាជាច្រើនជុំជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែ នៅតែប្រឈមមុខនឹងពន្ធខ្ពស់ជាងប្រទេសវៀតណាម។ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហាឆ្នាំនេះ ពន្ធ៣៦% នឹងត្រូវដាក់លើរាល់ផលិតផលកម្ពុជាដែលនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងថា កម្ពុជានៅមានពេលវេលា និងឱកាសក្នុងការចរចាបន្ថែម តែកម្ពុជា មានពេលវេលាតិចតួច ដើម្បីចរចាពន្ធបដិការឱ្យមានតម្លៃពន្ធទាប។

យុទ្ធសាស្រ្តរបស់រៀតណាមក្នុងការទាក់ទាញវិនិយោគិនអាម៉េរិក

ជាមួយនឹងការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន និងការបែកខ្ញែកខ្សែសង្វាក់ផ្គត់ផ្គង់ វៀតណាម បាន នឹងកំពុងក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតភស្តុភារដ៏សំខាន់ក្នុងតំបន់ និងតាមរយៈការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ទីក្រុងហាណូយព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះ ដែលអាចកើតមានឡើងដោយការជាប់ពាក់ព័ន្ធក្នុងការដំឡើងពន្ធបដិការរបស់សហរដ្ឋអាម៉េរិក។

បន្ថែមពីនេះទៅទៀត វៀតណាមក៏បានប្រើប្រាស់«ការទូតបច្ចេកវិទ្យា» ដែលវៀតណាមបានចាប់ផ្តើមកិច្ចព្រមព្រៀងសាកល្បង Starlink ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះសាកល្បងសម្រាប់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក អីលុន ម៉ាសន៍ រយៈពេល ៥ឆ្នាំ នៅក្នុងប្រទេសរបស់ខ្លួន ដែលនេះ ជាការឆ្លុះបញ្ចាំងពីឆន្ទៈរបស់វៀតណាមក្នុងការទទួលយកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ជនបទ និងការពេញចិត្តជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។ នេះ ក៏បង្ហាញពីការផ្លាស់ប្តូរពីការពឹងផ្អែកបែបប្រពៃណីលើប្រព័ន្ធឌីជីថលរបស់ចិន និងកាត់បន្ថយឥទ្ធិពលបច្ចេកវិទ្យាចិន។

ដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក វៀតណាមក៏បានការទិញយន្តហោះ Boeing និងឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិក ដែលការបញ្ជាទិញមានតម្លៃខ្ពស់ទាំងនេះ គឺជានិមិត្តរូបនយោបាយ ដែលជាសញ្ញានៃការតម្រឹមយុទ្ធសាស្រ្តរបស់វៀតណាមជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ខណៈពេលដែលធានាបាននូវការធ្វើពិពិធកម្មថាមពល។ ចំណាត់ការទាំងនេះ អាចនឹងធានាបាននូវសុឆន្ទៈ និងការពារវៀតណាមពីពន្ធគយដែលអាចកើតមាន ឬសម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក។

នៅពាក់កណ្តាលឆ្នាំ២០២៥ គម្រោងរីសតវាយកូនហ្គោលរបស់មូលនិធិលោកត្រាំ (Trump’s Organization) នៅជិតទីក្រុង ហាណូយ ដែលមានតម្លៃ១.៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាម ដោយមិនបានធ្វើការត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថាន និងផ្លូវច្បាប់គ្រប់ជ្រុងជ្រោយឡើយ ដែលនេះ គឺពិតជាជួនពេលទៅនឹងដំណាក់កាលចរចាពន្ធបដិការជាមួយនឹងរដ្ឋាបាលលោក ត្រាំ។ ខណៈពេលដែលមន្ត្រីបានអះអាងថា គម្រោងនេះ ត្រូវបានគ្រប់គ្រងដោយឯកជន ក្នុងរយៈពេលនេះបានចោទជាសំណួរពាក់ព័ន្ធទៅនឹងឥទ្ធិពលនយោបាយ និងផលប្រយោជន៍ពាណិជ្ជកម្ម ដែលការអនុម័តនេះ អាចនឹងត្រូវបានសម្របសម្រួលដោយឥទ្ធិពលនយោបាយរបស់លោក ត្រាំ។ បញ្ហានេះ ក៏ត្រូវបានកសិករវៀតណាម បានធ្វើការតវ៉ាពាក់ព័ន្ធទៅនឹងសំណងមិនគ្រប់គ្រាន់ និងការរំលោភដីធ្លីផងដែរ។ ករណីនេះ បង្ហាញពីការត្រួតស៊ីគ្នារវាងការយន្តការការទូត ពាណិជ្ជកម្មផ្ទាល់ខ្លួន និងការការពារអភិបាលកិច្ចនៅក្នុងប្រទេសវៀតណាម។

នៅពេលដែលវៀតណាមកំពុងតែធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងការចូលរួមសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក កម្ពុជាត្រូវតែវាយតម្លៃផលប៉ះពាល់ និងរៀបចំនូវយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ ពាក់ព័ន្ធទៅនឹងទំហំពាណិជ្ជកម្មដ៏ធំរវាងវៀតណាម និងសហរដ្ឋអាម៉េរិក, សម្ពាធលើអធិបតេយ្យភាពឌីជីថល និងបញ្ហាប្រឈមទៅនឹងការចរចាពន្ធបដិការជាដើម។ ប្រសិនជាគិតលើទំហំពាណិជ្ជកម្មវិញ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាម៉េរិកនៅឆ្នាំ២០២៤ គឺ១៤៩.៦ពាន់លានដុល្លារអាម៉េរិក  បើប្រៀបធៀបទៅនឹងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកប្រហែល ១០.១៨ពាន់លានដុល្លារអាម៉េរិក ពោល គឺប្រហែលស្មើនឹង១៥ដង នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ស្របជាមួយគ្នានេះដែរ វៀតណាមក៏នឹងកំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនឆ្ពោះទៅរកការផលិតតម្លៃខ្ពស់ និងបច្ចេកវិទ្យាបៃតង ដែលទាក់ទាញការយកចំណាប់អារម្មណ៍និងដើមទុនសម្រាប់ការវិនិយោគ ដែលអាចនឹងត្រូវបានរីករាលដាលនៅទូទាំងសេដ្ឋកិច្ចក្នុងតំបន់តូចៗ។

ខណៈពេលដែលការប្រើប្រាស់ការទូតចរចាដោះដូរ (Transactional Diplomacy) អាចនាំមកនូវការចំណេញរយៈពេលខ្លី ស្របពេលដែលការពឹងផ្អែកលើកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ច អាចបំផ្លាញស្វ័យភាពយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជា។ កម្ពុជា ត្រូវតែធានាថា ការចរចាពាណិជ្ជកម្ម ឬការវិនិយោគណាមួយ ត្រូវគោរព និងរក្សាគោលការណ៍ស្នូល ពោលគឺ អធិបតេយ្យភាព គណនេយ្យភាព ផលប្រយោជន៍រួម និងនិរន្តរភាព។

ការឆ្លើយតបរបស់កម្ពុជាក្នុងបរិបទការដំឡើងពន្ធបដិការរបស់សហរដ្ឋអាម៉េរិក

សម្រាប់កម្ពុជាដែលជារដ្ឋតូច និងមានទំហំពាណិជ្ជកម្មតូចជាមួយនឹងសហរដ្ឋអាម៉េរិក កម្ពុជា ក៏នឹងកំពុងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើន គួបផ្សំទៅនឹងការកែសម្រួលការអនុគ្រោះពន្ធដល់វិនិយោគិនបរទេស ដែលមកវិនិយោគនៅកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងសម្រេចបានចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើការបង្កើនពលកម្មជំនាញតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការងាកចេញពីឧស្សាហកម្មដែលមានគុណតម្លៃទាបទៅឧស្សាហកម្មដែលមានគុណតម្លៃមធ្យម និងខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីបង្រួមគម្លាតរវាងជនបទ និងទីក្រុង ធុរកិច្ចបៃតង បរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការកសាងមូលធនមនុស្សជាដើម។ ក៏ប៉ុន្តែ កម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកបន្ថែមទៀត ដូចជា ការធ្វើឌីជីថលលូបនីយកម្មលើការចុះបញ្ជីធុរកិច្ច ពលករជំនាញ សិទ្ធិកាន់កាប់ដីធ្លី តម្លៃទឹកភ្លើង និងប្រព័ន្ធច្បាប់ជាដើម។

ចំណុចសំខាន់មួយទៀតផងដែរ ខណៈពេលដែលប្រទេសវៀតណាម និងបណ្តាប្រទេសនៅអាស៊ានកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធឌីជីថល ទំនើបកម្មប្រព័ន្ធឌីជីថល និងការពង្រឹងសន្តិសុខសាយប័រ កម្ពុជាក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិកដូចជា Meta, Amazon,  Starlink និង Google ជាដើម ដើម្បីបើកឱកាសឱ្យក្រុមហ៊ុនទាំងនោះ អាចវិនិយោគនៅកម្ពុជា ក៏ដូចជា អភិវឌ្ឍមូលធនមនុស្ស និងសន្តិសុខនៅកម្ពុជា។ ការតភ្ជាប់តាមប្រព័ន្ធឌីជីថល អាចជំរុញលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាជីវកម្មខ្នាតតូច ជាពិសេស នៅក្នុងខេត្តជនបទដែលមិនទាន់បានប្រើប្រាស់។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាអធិបតេយ្យភាពជាតិ និងសន្តិសុខ កម្ពុជា ត្រូវតែបង្កើតក្របខណ្ឌអភិបាលកិច្ចទិន្នន័យដ៏រឹងមាំ រួមទាំង បទប្បញ្ញត្តិនៃការធ្វើមូលដ្ឋានីយកម្មទិន្នន័យច្បាប់សន្តិសុខតាមអ៊ីនធឺណិត និងគោលការណ៍ណែនាំលទ្ធកម្មឌីជីថលប្រកបដោយតម្លាភាព ជាពិសេស ការអភិវឌ្ឍនិងអនុវត្ត “គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥” ដើម្បីធានាបានការទទួលខុសត្រូវខ្ពស់ពីធុរកិច្ចឯកជន និងការពារសន្តិសុខជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា។

យុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏មានភាពបត់បែន និងយុទ្ធសាស្រ្តការទូត “ឬស្សី” របស់វៀតណាម បានហុចផលជាច្រើនដល់សេដ្ឋកិច្ច និងការវិនិយោគរបស់សហរដ្ឋអាម៉េរិក និងចិននៅវៀតណាម ដែលនេះបានឆ្លុះបញ្ចាំងពីភាពរហ័សរហួននៃយុទ្ធសាស្ត្រការទូតរបស់វៀតណាមនៅក្នុងចន្លោះនៃការប្រកួតប្រជែងនៃមហាអំណាច និងភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ ធ្វើឱ្យវៀតណាមអាចសម្របខ្លួនទៅនឹងសណ្តាប់ធ្នាប់ពិភពលោក។ សម្រាប់កម្ពុជា នេះអាចបង្កទៅជាបញ្ហាប្រឈម និងឱកាសផងដែរ ដែលទាមទារឱ្យកម្ពុជាត្រូវរក្សាទំនាក់ទំនងល្អជាមួយវៀតណាម ក៏ដូចជា ការចូលរួមសហការគ្នាពីបណ្តាប្រទេសអាស៊ានដទៃទៀត ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធបដិការពីសហរដ្ឋអាម៉េរិក។ ការបះទង្គិច និងភាពតានតឹងរវាងកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែន បានបង្ហាញយ៉ាងច្បាស់ពីភាពផុយស្រួយនៃសន្តិសុខតំបន់ និងការប៉ះពាល់ជាខ្លាំងដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលជាចំណុចទាបបំផុតនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងតុល្យភាពត្រឹមត្រូវនៃកំណែទម្រង់សេដ្ឋកិច្ច ការទូតវ័យឆ្លាត និងមានភាពបត់បែន ក៏ដូចជាការអត់ធ្មត់ជាយុទ្ធសាស្ត្រ កម្ពុជាអាចការពារផលប្រយោជន៍ជាតិរបស់ខ្លួន ខណៈដែលបន្តទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក និងវៀតណាម ដែលផ្អែកលើគោលការណ៍ស្មើភាពគ្នា ឈ្នះ-ឈ្នះ និងប្រយោជន៍រួម៕

ដោយ៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច២១ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម