ព័ត៌មានជាតិ
គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើគម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ដើម្បីចូលរួមចំណែកបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា រវាង លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) ។ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម ។
បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយតាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។

លោកបានថ្លែងបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា»។
លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារវីង។ គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង។

លោកថា៖«គម្រោងនេះ នឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរ។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។

គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


