អត្ថាធិប្បាយ
ចំណងសមរភូមិមុខ និងសមរភូមិក្រោយ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាដ៏រឹងមាំនៃខឿនការពារជាតិ
ស្ថិតនៅក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រឈមមុខដាក់គ្នាលើជម្លោះព្រំដែនជាមួយប្រទេសថៃ សមរភូមិសតិអារម្មណ៍ ក៏បាននិងកំពុងបង្កើតឡើងនូវព័ត៌មានមិនពិតជាបន្តបន្ទាប់ ពិសេសដោយសារព័ត៌មានថៃមួយចំនួនតែម្ដង ដែលបានចុះផ្សាយព័ត៌មានបំផ្លើស។ កាន់តែសោកស្ដាយនោះ ជនជាតិខ្មែរមួយក្តាប់តូច ក៏បែរជាបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារជាតិខ្លួនឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងទ័ពទៅវិញ។

ប៉ុន្តែយ៉ាងណា ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ តែងតែផ្ដល់ការគាំទ្រ ដឹកនាំ និងលើកទឹកចិត្តជាប្រចាំចំពោះវីរកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្ដោយព្រំដែន រួមទាំងកម្លាំងនគរបាលជាតិ ហើយបានបំផុសចលនាជំរុញខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកៀរគរប្រជាពលរដ្ឋទូទាំងប្រទេស លើកទឹកចិត្តទៅដល់កងកម្លាំងប្រដាប់អាវុធ ដែលត្រៀមជាស្រេច ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺតែងបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងនៃខឿនការពារជាតិរបស់កម្ពុជា។ បើទោះបីជាសម្ដេចតេជោ មិនបានអញ្ជើញចុះដោយផ្ទាល់ ក៏បានចាត់គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងនាំយកនូវជំនួយឧបត្ថម្ភជូនវីរយុទ្ធជននៅសមរភូមិមុខ ដែលបង្ហាញឱ្យឃើញពីការលើកទឹកចិត្តពីសម្ដេចទៅកាន់កងទ័ពនៅជួរមុខ។
មិនខុសពីសម្ដេចតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ក៏តែងតែផ្ដល់ការគាំទ្រ ដឹកនាំ និងលើកទឹកចិត្តជាប្រចាំចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ហើយសម្ដេច ក៏បានឆ្លៀតដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយបណ្ដាមេបញ្ជាការកងទ័ពនៅជួរមុខដោយផ្ទាល់ទៀតផង។ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យជនជាតិខ្មែររួមគ្នា ដើម្បីលើកទឹកចិត្តកងកម្លាំង ទោះបីជាមាននិន្នការយ៉ាងណាក៏ដោយ ដោយកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ព។ សម្ដេចធិបតី សង្កត់ធ្ងន់ថា នេះជាពេលដែលប្រទេសជាតិទាំងមូលត្រូវរួមគ្នា ជាពិសេសរួមគ្នានៅពីក្រោយកងទ័ព ត្រៀមលក្ខណៈការពារជាតិ និងបូរណភាពទឹកដី។

ក្រៅពីសម្ដេចតេជោ និងសម្ដេចធិបតី ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាបណ្ដាប្រតិភូក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើនទៀត ក៏បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលជាសមរភូមិមុខផងដែរ។ តួយ៉ាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាស្បៀង សម្ភារៈ និងថវិកា ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។
ការចុះប្រាស្រ័យដោយផ្ទាល់ពេលនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកថា ជាទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ ដែលនៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ។

អតីតប្រមុខការទូតកម្ពុជា ដែលបានតតាំងយកឈ្នះលើភាគីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺសម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ទោះបីជាសម្ដេចស្ថិតក្នុងវ័យជរា រាងកាយទ្រុឌទ្រោមក៏ដោយ។

ស្របពេលជាមួយគ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើចលនាកៀរគរជំនួយជាថវិកា និងសម្ភារៈចាំបាច់ ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្ដល់ការគាំទ្រ និងឧបត្ថម្ភដល់សមរភូមិមុខ។
ថ្លែងចំពោះមុខកងទ័ពកំពុងឈរជើងនៅទិសខេត្តព្រះវិហារ អមដោយវត្តមាននាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីជាច្រើនរូបផ្សេងទៀត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជា ពិតជារឹងមាំ ហើយកាន់តែខ្លាំងក្លាបំផុត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បាននាំភាពកក់ក្ដៅ និងថាមពលអង់អាច ពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែននៅតំបន់មុំបីផងដែរ។ លោកនាយឧត្តមសេនីយ៍ ស សុខា ថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃ នាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំនៃកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស បានទៅឈរជើងប្រចាំការនៅសមរភូមិមុខនេះដោយផ្ទាល់ ចាប់តាំងពីព្រឹត្តិការណ៍ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ វត្តមានថ្នាក់ដឹកនាំកងទ័ពនៅទីនោះ គឺជាការធានារបស់រាជរដ្ឋាភិបាលខាងភស្ដុភារ និងបច្ចេកទេស។

ឈរលើស្មារតីខាងលើ ចំណងទំនាក់ទំនងសមរភូមិមុខ និងសមរភូមិក្រោយ គឺមិនអាចកាត់ផ្តាច់បានទេ ពោលគឺជួរមុខ និងជួរក្រោយ រួមគ្នាជាកម្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ ជោគជ័យលើខ្មាំងសត្រូវ ដោយរក្សាជំហរសាមគ្គីជាតិ គាំទ្រ ប្រកាន់ស្មារតីជាតិតែមួយ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


