នាយក WHO​ និង នាយិកា UNICEF៖ ការបើកសាលារៀនឡើងវិញ មិនអាចពន្យារពេលបន្តទៀតទេ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

នាយក WHO​ និង នាយិកា UNICEF៖ ការបើកសាលារៀនឡើងវិញ មិនអាចពន្យារពេលបន្តទៀតទេ

បានផុស

នៅ

គេហទំព័រ អង្គការយូនីសេហ្វ នៅថ្ងៃទី១៦ ខែមិថុនានេះ បានលើកយកអត្ថបទដែលចងក្រងដោយ លោកតាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ស្ដីពី “ការបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទនោះបានបង្ហាញ ពីផលប៉ះខ្លាំងពាល់ចំពោះកុមារនៅពេលការបិទសាលានៅតែអូសបន្លាយ និងលើកឡើងថាជំងឺកូវីដ-១៩ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ។

អត្ថបទនោះបានលើកឡើងថា ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង​សាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​ ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

អត្ថបទបន្តថា ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ភស្តុតាងបានបង្ហាញថាជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែនជាកត្តានាំឲ្យ​មាន​ការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើនអំពីរបៀបកាត់បន្ថយហានិយភ័យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង។

ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀនតាមប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួសឲ្យការរៀនផ្ទាល់បានឡើយ។ លើសពីនេះ លទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព​ កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។

អត្ថបទបានបន្តថា ភស្តុតាង បង្ហាញពីការកើនឡើងនូវការថប់បារម្ភក្នុងចិត្ត ការធ្លាក់ទឹកចិត្ត និងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងចំណោមកុមារដែលដល់វ័យចូលរៀន ចាប់តាំងពីពេលជំងឺរាតត្បាតជាសកលនេះកើតឡើង។ កុមារដែលមិនបានទៅរៀនក្នុងថ្នាក់ផ្ទាល់ ក៏ជួបប្រទះនឹងភាពឯកាកាន់តែច្រើនជាងមុន ពិបាកផ្ចង់អារម្មណ៍ និងមានអារម្មណ៍ថប់បារម្ភពាក់ព័ន្ធនឹងការរៀនសូត្រក្នុងកម្រិតខ្ពស់ផងដែរ។ បញ្ហាទំាងនេះនឹងរឹតតែធ្ងន់ធ្ងរទៅៗ នៅពេលសាលារៀនត្រូវបន្តបិទទ្វារកាន់តែយូរ។

ការបិទទ្វារសាលារៀនក៏នាំឲ្យមានការថយចុះនូវសកម្មភាពការសិក្សា បង្កើតទម្លាប់ញ៉ាំអាហារមិនល្អ និងបង្កការរំខានដល់ដំណេក។ សម្រាប់កុមារមួយចំនួន ការចំណាយពេលនៅផ្ទះនាំឲ្យហានិភ័យប្រឈមនឹងអំពើហិង្សាមានការកើនឡើង ហើយការចំណាយពេលកាន់តែយូរជាមួយនឹងអេក្រង់នាំឲ្យហានិភ័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញកាន់តែកើនឡើង។ ជាមួយនឹងការបិទទ្វារសាលារៀន ច្រកផ្លូវសំខាន់ៗដើម្បីកំណត់ និងរាយការណ៍ពីករណីរំលោភបំពាន និងបញ្ហាសុខភាពផ្លូវចិត្ត ក៏ត្រូវបិទជិតផងដែរ។

អត្ថបទនោះ បានលើកឡើងទៀតថា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាល សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃហើយ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺនេះ។ តំបន់នេះគួរត្រៀមខ្លួនទប់ទល់នឹងការថយចុះនូវជំនាញអំណាន និងគណិតវិទ្យារបស់កុមារ ទាំងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ក៏ដូចជាគម្លាតលទ្ធផលសិក្សាកាន់តែធំរវាងកុមារជួបការលំបាក និងកុមារមានលទ្ធភាព។

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានថា​ ការខាតបង់ការរៀនសូត្រ ដែលបង្កឡើងដោយសារការបិទទ្វារសាលាអូសបន្លាយពេលយូរ នឹងនាំឲ្យផលិតភាព ព្រមទាំងលទ្ធភាពរកចំណូលពេញមួយជីវិតរបស់សិស្សដែលរងផលប៉ះពាល់នៅក្នុងតំបន់នេះ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់នាពេលអនាគត។ ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា តម្លៃបច្ចុប្បន្ននៃការខាតបង់នេះគឺស្មើនឹង ១,២៥ ទ្រីលានដុល្លារ ឬ ៥,៤% នៃផសស ឆ្នាំ ២០២០ របស់តំបន់នេះ។ គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០៣០ សម្រាប់ការអប់រំ កំពុងតែជួបការលំបាករួចទៅហើយ មុនពេលដែលមានជំងឺរាតត្បាតជាសកលនេះ។ ឥឡូវនេះ យូនីសេហ្វ និងយូណេស្កូ ប៉ាន់ប្រមាណថាថវិកាអប់រំនៅក្នុងតំបន់នេះចាំបាច់ត្រូវកើនឡើងយ៉ាងហោចណាស់ ៧% ទើបអាចភ្ជាប់គម្លាតនេះ ដើម្បីសម្រេចតាមចំណុចដៅទាំងនេះ។

អត្ថបទបានបញ្ជាក់ថា បើទោះជាការបិទទ្វារសាលារៀននាំឲ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ ប្រទេសជាច្រើននៅតែអល់អែកក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាចមានការកើនឡើងនូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះ យើងគួរផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩ និងកុមារ ដើម្បីខិតខំរិះរកវិធីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

នៅទូទាំងសកលលោក ករណីឆ្លងលើកុមារមាននៃជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថាមានចំនួន ភាគរយតិចតួចបំផុត។ កុមារដែលស្ថិតនៅក្នុងវ័យរៀននៅបឋមសិក្សា និងកុមារតូចៗជាងនេះស្ថិតនៅក្នុងចំណោមក្រុមកុមារ ដែលទំនងជាអាចឆ្លងជំងឺនេះក្នុងកម្រិតតិចតួចបំផុត។ ហើយសូម្បីតែនៅពេលដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ(ដូច្នេះហើយទើបកុមារទាំងនេះពុំបានរួមចំណែកធំដុំដល់ភាគរយនៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិតដែលត្រូវបានរាយការណ៍)។ ការសិក្សាលើកុមារមកពីសាធារណៈរដ្ឋកូរ៉េ បានបង្ហាញថាកុមារដែលឆ្លងជំងឺនេះ មាន      លទ្ធភាពតិចតួចក្នុងការចម្លងមេរោគនេះទៅកាន់មនុស្សដទៃ។

អត្ថបទបានលើកឡើងបន្តថា ជារួម សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែលមានហានិភ័យខ្ពស់នាំឲ្យមានការឆ្លងជំងឺនេះឡើយ ជាពិសេសប្រសិនបើមានការអនុវត្តតាមវិធានការសុវត្ថិភាពឲ្យបានសមស្រប។ កម្រិតនៃការឆ្លងជំងឺនៅទីកន្លែងទាំងនេះ ត្រូវបានរកឃើញថាឆ្លុះបញ្ចាំងនឹងកម្រិតចម្លងនៅក្នុងសហគមន៍ជុំវិញផងដែរ។

ករណីលើកលែងដែលអាចមានគឺ សាលាមធ្យមសិក្សា (វិទ្យាល័យ) ដែលកន្លងមកករណីផ្ទុះជំងឺមានច្រើនជាងនៅសាលាបឋមសិក្សា។ ដោយសារតែក្មេងជំទង់ហាក់បីដូចជាអាចចម្លងមេរោគនេះដូចគ្នានឹងមនុស្សពេញវ័យដែរ ការបិទផ្នែកខ្លះនៃសាលាមធ្យមសិក្សាគួរនៅតែជាជម្រើស ប៉ុន្តែគួរតែជាវិធានការចុងក្រោយ និងបិទតែរយៈពេលមួយមានកំណត់នៅពេលករណីឆ្លងនៅក្នុងសហគមន៍កំពុងកើនឡើង។ នៅពេលដែលសាលារៀនត្រូវបានបង្ខំឲ្យបិទទ្វារជាបណ្តោះអាសន្ន វិធានការបិទនេះត្រូវអនុវត្តស្របគ្នា និងវិធានការសុខភាពសាធារណៈ និងវិធានការសង្គមដទៃទៀតដែលអនុវត្តនៅកម្រិតសហគមន៍។

ប៉ុន្តែជារួម ភស្តុតាងបង្ហាញយ៉ាងលើសលុប ពីភាពចាំបាច់ដែលសាលារៀន ជាពិសេស សាលាមត្តេយ្យសិក្សា និងបឋមសិក្សា ត្រូវបើកដំណើរការឡើងវិញ។ ភាពចាំបាច់បែបនេះក៏មានចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូចផងដែរ។ និយាយបែបនេះ មិនមែនមានន័យថាគ្មានហានិភ័យទាល់តែសោះនោះទេ។ ប៉ុន្តែហានិភ័យទាំងនេះ គឺជាអ្វីដែលគេអាចគ្រប់គ្រងបាន នៅពេលដែលមានការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យច្បាស់លាស់។ សេចក្តីណែនាំស្តីពីកាបើកសាលារៀនក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកល របស់អង្គការសុខភាពពិភពលោក មានបញ្ចូលវិធានការជាច្រើន ដើម្បីកាត់បន្ថយការប្រឈមនឹងការចម្លងជំងឺកូវីដ-១៩។ វិធានការទាំងនេះ រួមមាន ការអនុវត្តអនាម័យផ្ទាល់ខ្លួន ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ការរក្សាគម្លាតសុវត្ថិភាព ការប្រាស្រ័យទាក់ទងដោយបានច្បាស់លាស់និងមានសង្គត្តិភាព ជាមួយនឹងមាតាបិតា និងកុមារ ដើម្បីធានាឲ្យមានការគោរពតាមវិធានការទាំងនេះ ទំាងនៅក្នុងថ្នាក់រៀន ទាំងនៅក្នុងអំឡុងពេលធ្វើសកម្មភាពក្រៅម៉ោងសិក្សា ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។

អត្ថបទបានបន្ថែមថា អ្នកតាក់តែងគោលនយោបាយត្រូវពិចារណាពីបរិបទនៅតាមមូលដ្ឋាននីមួយៗនៅពេលបើកដំណើរការការរៀនសូត្រនៅក្នុងសាលាឡើងវិញ ដូចជាកត្តានៃកម្រិតការឆ្លងក្នុងសហគមន៍ និងសមត្ថភាពឆ្លើយតបចំពោះការកើនឡើងនៅករណីឆ្លងជាដើម។ នៅតាមទីកន្លែងមួយចំនួន សេវាសុខភាព និងសេវាអប់រំ ត្រូវការធនធានបន្ថែម ដើម្បីអនុវត្តវិធានការសុវត្ថិភាពដែលចំាបាច់ទាំងនេះ។

ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ រួមទាំងបង្ការការកកើត និងឆ្លងសាយភាយនៃពពួកមេរោគបំប្លែងខ្លួនថ្មីផងដែរ។

ដណឹងល្អ គឺការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមានវ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក “គន្លងថ្មី” ប្រកបដោយចីរភាព។ ខណៈពេលដែលហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ជិត៧ខែនេះសមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសសារធាតុញៀនជាង៧៥៥គីឡូក្រាម

ព័ត៌មានជាតិ២០ នាទី មុន

ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​​កូវីដដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញាអ្វីទាំងអស់

ព័ត៌មានជាតិ២៤ នាទី មុន

រដ្ឋាភិបាលនឹងបើកសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ចាប់ពីស្អែក

ព័ត៌មានជាតិ១ ម៉ោង មុន

វឌ្ឍនៈគ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC បានឧបត្ថម្ភ​ឧបករណ៍​តេស្ត​រហ័ស​១០​ម៉ឺន​ឈុត ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

សុខភាព១ ម៉ោង មុន

បណ្ដោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services