Connect with us

កូវីដ-១៩

ដូនចាស់ត្រូវឆ្កែខាំ បានស្លាប់ ពិនិត្យឃើញវិជ្ជមាន កូវីដ-១៩

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ដូនចាស់ម្នាក់ត្រូវឆ្កែខាំហេីយមានការៈមិនស្រួលខ្លួន កូនៗបានយកទៅឱ្យអាចារ្យធ្វើពិធី ពេលដឹកមកផ្ទះវិញបានស្លាប់តាមផ្លូវ។ លុះក្រុមគ្រូពេទ្យចុះពិនិត្យសំណាកតេស្តរហ័ស ស្រាប់តែ រកឃេីញវិជ្ជមានកូវីដ-១៩ នៅរសៀលថ្ងៃទី២៨  ខែកក្កដា  ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពដូនចាស់នោះមានឈ្មោះ ស៊ុ  វ៉ាន់ អាយុ៨៥ឆ្នាំ រស់នៅភូមអង្គារបុស្ប សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងបន្តទៀតថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កូនៗបានយកម្តាយទៅលេងនៅចំការក្នុងខេត្តសៀមរាប ដោយរថយន្តផ្ទាល់ខ្លួន។ ពេលទៅដល់ចំការស្រាប់ម្តាយត្រូវសត្វឆ្កែខាំ ក្រោយមកម្តាយក៏ចេះតែមានអាការៈមិនស្រួលខ្លួន  កូនៗក៏បាននាំម្តាយ ទៅភូមិណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានអញ្ជេីញអាចារ្យមកសូត្រមន្ត សង្ឃទានជូនរយៈពេល២ថ្ងៃ ចំណែកអាការៈពុំបានធូស្បេីយឡើយ។ នៅថ្ងៃទី២៨ ខែកក្កដា កូនៗក៏សម្រេចចិត្ត​យក​ម្តាយមកផ្ទះវិញ ធ្វេីដំណេីរបានប្រហែលពាក់កណ្តាលផ្លូវ ស្រាប់តែម្តាយបានដាច់ខ្យល់ស្លាប់ នៅចំណុចសាលាក្រហម នៅវេលាម៉ោង១១ថ្ងៃត្រង់។

បន្ទាប់មកសពបានដឹកមកដល់ផ្ទះ ហើយកូនចៅបានរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកលេីសព ធ្វើតេសត្តរហ័ស ស្រាប់តែឃើញវិជ្ជមានកូវីដ-១៩។ ដោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្រុមគ្រូពេទ្យបានរៀបចំវេចខ្ចប់សពតាមលក្ខណៈបច្ចេកទេសសុខាភិបាល  ដេីម្បីយកទៅបូជា នៅទីតាំងបូជាសពកូវីដ-១៩ នៅភ្នំបាក់ សង្កាត់ទឹកថ្លា។ ក្នុងនោះអាជ្ញាធរក៏ប្រមូលក្រុមគ្រួសារ សាច់ញាតិ និងអ្នកជាប់ពាក់ព័ន្ធដេីម្បីយកសំណាក់ធ្វេីតេស្តរកកូវីដ-១៩ និងឱ្យធ្វើចត្តាឡីស័កផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម