លោក ជិន ម៉ា​លីន ស្នើ​ឲ្យ​មហាជន កុំ​ទាន់​វិនិច្ឆ័យ​មុន​តុលាការ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

លោក ជិន ម៉ា​លីន ស្នើ​ឲ្យ​មហាជន កុំ​ទាន់​វិនិច្ឆ័យ​មុន​តុលាការ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ​

បានផុស

នៅ

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទាំងអស់ កុំ​ទាន់​ធ្វើការ​វិនិច្ឆ័យ​មុន​តុលាការ​លើ​សំណុំរឿង​ពិធី​ការិនី​ទូរទស្សន៍ My TV កញ្ញា មាន ពេជ្រ​រីតា ជាមួយ​លោក ឧកញ៉ា ហេង សៀ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ ទុក​ឲ្យ​សមត្ថកិច្ច និង​តុលាការ ធ្វើការ​ស៊ើបអង្កេត និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជិន ម៉ា​លីន លើកឡើងថា តាំងពីព្រឹក​ម្សិលមិញ មាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម អ្នកសារព័ត៌មាន រួមទាំង​សង្គម​ស៊ីវិល​មួយចំនួន​ផងដែរ បាន​បញ្ចេញ​អារម្មណ៍​តាម​បណ្តាញ​សង្គម ដោយ​ដើរតួនាទី​ជំនួស​សមត្ថកិច្ច និង​តុលាការ ធ្វើការ​វិនិច្ឆ័យ​កាត់​សេចក្តី​ក្នុង​សំណុំរឿង​វិវាទ​រវាង​ឧកញ៉ា និង​ពិធីការនី ទាំង​មិន​បានដឹង​ច្បាស់​ពី​អង្គហេតុ​ពិតប្រាកដ នៃ​សំណុំ​រឿងនេះ ដោយ​គ្រាន់តែ​ទទួល​ព័ត៌មាន និង​រូបភាព​តៗ​គ្នា​ពី​ខាងក្រៅ​តែប៉ុណ្ណោះ​។ លោក​ថា តុលាការ និង​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​ក្នុង​សំណុំ​រឿងនេះ មិនទាន់​ឈានដល់​ការសម្រេចសេចក្តី​នៅឡើយ​ទេ​។​

​បើតាម​លោក ជិន ម៉ា​លីន “​ផ្អែកលើ​គោលការណ៍​ច្បាប់ ជាពិសេស​ការ​សន្មត​ជាមុន​ថា គ្មាន​ទោស​មុន​តុលាការ​សម្រេច យើង​គួរ​ទុក​ការងារ​នេះ ជូន​សមត្ថកិច្ច និង​តុលាការ​ធ្វើការ​ស៊ើបអង្កេត និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ពិតប្រាកដ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​សម្រាប់​ភាគី​វិវាទ​ទាំងពីរ ហើយ​ភាគី​ទាំងពីរ​នេះ ក៏បាន​ប្តឹងទៅ​តុលាការ​រៀងៗ​ខ្លួន​រួចហើយ​ដែរ ដើម្បី​ការពារ​សិទ្ធិ​របស់ខ្លួន​តាមផ្លូវ​ច្បាប់ ដោយមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​មេធាវី​ទាំងសងខាង​ផងដែរ​”​។​

​លោក ជិន ម៉ា​លីន លើកឡើង​ដែរ​ថា ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម និង​ឈឺឆ្អាល​ស្រឡាញ់​យុត្តិធម៌ យើង​អាច​តាមដាន និង​ឃ្លាំមើល ដោយ​យកចិត្តទុកដាក់​នូវ​ដំណើរការ នៃ​ការស៊ើបអង្កេត និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ​បាន​។​

​សូមបញ្ជាក់ថា ពិធី​ការិនី​ទូរទស្សន៍ My TV កញ្ញា មាន ពេជ្រ​រីតា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ បានដាក់​ពាក្យបណ្តឹង​តប​ទៅ​លោក ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០ ម៉ឺន​ដុល្លារ (១០០,០០០) ព្រមទាំង​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន​១ ម៉ឺន​ដុល្លារ ហើយ​សំណុំ​រឿងនេះ ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើម​ស្រាវជ្រាវ​ផងដែរ​។​

​កញ្ញា មាន ពេជ្រ រីតា ត្រូវ​បាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​លួច​ទូរសព្ទដៃ និង​ប្រើ​ហិង្សា​ចាក់ទៅលើ​ឧកញ៉ា ហេង សៀ បណ្តាល​ឲ្យ​រងរបួស​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​សាលាដំបូងរាជធានី​ បន្តការសាកសួរកញ្ញា មាន ពេជ្ររីតា នៅព្រឹកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services