ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យសិល្បៈ ៣ រូប សង្កត់ធ្ងន់ដូចគ្នាអំពី “មនោសញ្ចេតនា” ក្នុងពេលសម្ដែង
បន្ទាប់ពីបេសកកម្មប្រកាសទទួលពាក្យប្រកួតពីបេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត អស់រយៈពេល ១ ខែកន្លះមក កម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ បានស្វាគមន៍នូវបេក្ខជនជាច្រើនក្រុមទូទាំងប្រទេស។ ប្រព្រឹត្តទៅក្រោមវិញ្ញាសា “ទម្រង់របាំក្បាច់បុរាណខ្មែរ” កម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជម្រើសដោយគណៈកម្មការ និងវគ្គតម្រង់ទិសហើយ។

ក្នុងដំណាក់កាលនេះ គណៈកម្មការបានធ្វើការត្រួតពិនិត្យនូវរាល់វីដេអូសម្ដែងរបស់បេក្ខជនក្រុមនីមួយៗ ហើយមានតែក្រុមដែលបំពេញលក្ខណៈត្រឹមត្រូវ ស្របតាមគោលការណ៍ និងលក្ខន្តិកៈរបស់កម្មវិធីប៉ុណ្ណោះ ទើបអាចឈានទៅវគ្គបន្ទាប់បាន។
នាដំណាក់កាលតម្រង់ទិស ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថាល្ខោនមួយដែលល្អគន់ ត្រូវមានគុណសម្បត្តិ ៣ យ៉ាង ទី ១ គឺអ្នកសម្ដែងត្រូវមាននាដកម្ម (ដាក់មនោសញ្ចេតនា លេងទឹកមុខ ខឹង សប្បាយ) ទី ២ គឺអ្នកច្រៀងត្រូវបញ្ចូលមនោសញ្ចេតនា ទៅតាមសាច់រឿងឈុតឆាកនិងទី ៣ អ្នកភ្លេងក៏ត្រូវចូលតួទៅតាមនោះដែរ ឧទាហរណ៍ពេលដល់ឈុតកម្សត់ ភ្លេងត្រូវកម្សត់តាមនោះ មិនមែនកន្ត្រាក់ឡើយ។

ទាក់ទិនទៅនឹងផ្នែកមនោសញ្ចេតនានេះដដែល លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន ក៏មានអនុសាសន៍បន្ថែមផងដែរថា៖ “បើតាមប្រសាសន៍របស់លោកយាយ ជា សាមី ល្ខោនក្បាច់បុរាណ គឺមនោសញ្ចេតនា ត្រូវលេងជាមួយក្បាច់ បានន័យថាយំសើច តាមរយៈកាយវិការក្បាច់នីមួយៗ មិនដូចបាសាក់ យីកេឡើយ។ ហើយក្បាច់នោះទៀតសោតត្រូវឱ្យច្បាស់លាស់ និងមានទម្ងន់ ឧទាហរណ៍ថាពេលចង្អុលលក្ខណៈខឹង ត្រូវចង្អុលឱ្យធ្ងន់ ឱ្យចំ។”

ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានសង្កត់ធ្ងន់ថា ការរាំ ត្រូវដាក់មនោសញ្ចេតនាទៅតាមតួអង្គ ឧទាហរណ៍តួនាងសីតាពេលឃើញយក្ស និងឃើញមនុស្ស ភ័យខុសគ្នា។
ការដាក់មនោសញ្ចេតនា គឺដើរតួសំខាន់ក្នុងការរាំ ដើម្បីឱ្យល្ខោន ឬរបាំនោះ មានភាពរស់រវើក ទាក់ភ្នែកអ្នកមើលឱ្យចូលអារម្មណ៍តាម។ ជាចុងក្រោយ ព្រឹទ្ធាចារ្យសិល្បៈទាំង ៣ រូប បានកោតសរសើរនូវទឹកចិត្តស្រឡាញ់ និងអភិរក្សវប្បធម៌ សិល្បៈបុរាណ របស់បេក្ខជនទាំងអស់ ដែលជាអ្នកបន្តវេន ជាធនធាន និងជាគ្រាប់ពេជ្រកំពុងច្នៃ។


ឆ្លៀតក្នុងឱកាសនោះផងដែរ ក៏មានបទបង្ហាញស្ដីពីបច្ចេកទេសថត និងផ្សព្វផ្សាយ ដោយលោក ឆយ ធារ៉ា ជាសមាជិកនៃលេខាធិការដ្ឋានសសយក ខេត្តស្វាយរៀង ដែលលោកបានណែនាំអំពីវិធី ៨ យ៉ាង ដើម្បីទទួលបានវីដេអូប្រកបដោយគុណភាពវិជ្ជាជីវៈ ក៏ដូចជាណែនាំពីកម្មវិធីកាត់តវីដេអូក្នុងទូរសព្ទផងដែរ។
សូមបញ្ជាក់ផងដែរថា ដំណាក់កាលបន្ទាប់នៃកម្មវិធីល្ខោនខ្មែរ គឺជាការជម្រុះបេក្ខជន ដោយវាយតម្លៃលើវីដេអូសម្ដែងរបស់ក្រុមនីមួយៗ ហើយមានតែ ១២ ក្រុមប៉ុណ្ណោះ ទើបអាចឆ្ពោះទៅវគ្គក្រោយបាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


