ព័ត៌មានអន្ដរជាតិ
ថៃបិទរោងចក្រថាមពលចំនួន៤ ព្រោះសេដ្ឋកិច្ចធ្លាក់ចុះ
ក្រសួងថាមពលរបស់ប្រទេសថៃ បានផ្អាកប្រតិបត្តិការនៅរោងចក្រថាមពលចំនួន៤ ហើយបានពន្យារពេលការបើកដំណើរការរោងចក្រទី៥ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងតម្រូវការអគ្គិសនីខ្សោយ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់សម្ដីរដ្ឋមន្ត្រីថាមពល Auttapol Rerkpiboon កាលពីថ្ងៃអង្គារទី២៨ខែតុលា។

សេចក្តីសម្រេចដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាគោលនយោបាយជាតិថាមពល មានគោលបំណងទប់ស្កាត់ការផ្គត់ផ្គង់អគ្គិសនីលើសកម្រិត ដែលអាចបង្កើតបន្ទុកហិរញ្ញវត្ថុដែលមិនចាំបាច់សម្រាប់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
លោក Auttapol បាននិយាយថា «ការពន្យារពេលនេះ នឹងជួយអាជ្ញាធរអគ្គិសនីថៃ និងក្រុមហ៊ុនឯកជនសន្សំប្រាក់សរុបចំនួន៣,៥ពាន់លានបាត»។
រោងចក្រចំនួនបី ដែលត្រូវបានផ្អាកដូចជានៅភាគខាងជើង និងខាងត្បូងទីក្រុងបាងកក ព្រមទាំងនៅស្រុក Nam Phong ខេត្ត Khon Kaen គឺជារោងចក្រថាមពលប្រើហ្គាស ដែលដំណើរការដោយក្រុមហ៊ុនអាជ្ញាធរអគ្គិសនីថៃ។ ចំណែកឯរោងចក្រទី៤ ស្ថិតនៅស្រុក Mae Moh ខេត្ត Lampang គឺជារោងចក្រដើរដោយធ្យូងថ្ម។ ដើមឡើយរោងចក្រទាំងបួនត្រូវបានគេគ្រោងនឹងផ្គត់ផ្គង់អគ្គិសនីនៅប្រទេសថៃចន្លោះឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ ប៉ុន្តែឥឡូវនេះនឹងត្រូវបិទរហូតដល់ក្រោយឆ្នាំ២០២៩ឯណោះ។
ទន្ទឹមនឹងនេះ រោងចក្រថាមពល Burapa ដែលជាកម្មសិទ្ធិមួយផ្នែកដោយក្រុមហ៊ុន Gulf Development Plc បានពន្យារពេលការបើកដំណើរការពាណិជ្ជកម្មរបស់ខ្លួនពីឆ្នាំ២០២៧ទៅឆ្នាំ២០២៩វិញ។
លោក Auttapol បានសន្មតថា ការផ្អាក និងពន្យារពេលនេះ បណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ដែលបានរំខានដល់សេដ្ឋកិច្ចរបស់ប្រទេសថៃចាប់តាំងពីឆ្នាំ២០២០ ហើយបន្តធ្វើឲ្យកំណើនធ្លាក់ចុះ ទោះបីជាមានការងើបឡើងវិញនៅក្នុងវិស័យផ្សេងទៀតក៏ដោយ។ លោកបាននិយាយថា «ការរាតត្បាត និងការបិទប្រទេសបានកាត់បន្ថយតម្រូវការយ៉ាងខ្លាំង ហើយសកម្មភាពសេដ្ឋកិច្ចមិនទាន់បានងើបឡើងវិញពេញលេញនៅឡើយទេ»។
លោកបានបន្ថែមថា ក្រសួងនឹងពិនិត្យមើលផែនការសម្រាប់គម្រោងថាមពលនាពេលអនាគត រួមទាំងរោងចក្រផលិតឧស្ម័នដែលបានស្នើឡើងនៅក្នុងខេត្ត Surat Thani និងតំបន់ភាគឦសាន ដើម្បីធានាថា ពួកវាស្របតាមការព្យាករតម្រូវការថាមពលជាក់ស្តែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


