Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រយុទ្ធនៅមីយ៉ាន់ម៉ា ខ្លាំងលើសដើម ឯទ័ពថៃនៅព្រំដែននោះ កំពុងត្រៀមខ្លួន

បានផុស

នៅ

ពេលនេះកងទ័ពថៃនៅឯព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងពង្រឹងកម្លាំងនិងប្រុងជើងការខ្ពស់បំផុត ស្របពេលការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា ឯណោះកាន់តែខ្លាំងទៅៗមិនថមថយសោះ។

ទ័ពថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ា (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃបានចល័តតាមតំបន់ព្រំដែននិងបង្កើនវត្តមានលើសមុន ព្រោះថា សមរភូមិក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាឯណោះ បានឡើងកម្តៅខ្លាំងទៀតហើយ ពោលគឺកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាមកាន់តែខ្លាំងដៃ ឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងកាំភ្លើងយន្តថែមទៀតផង។

ការប្រយុទ្ធថ្មីនេះ ផ្ទុះឡើងក្នុងភូមិសាស្រ្ត Pa Sak នៃភូមិ ​​Min La Pan ស្រុក Myawaddy ខេត្ត Myawaddy រដ្ឋការ៉ែន ដែលមានចម្ងាយមិនដល់មួយគីឡូមែត្រផងពីភូមិ Mai Mae Kon Ken ឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ។

ទ័ពថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ា (រូបថត៖ Amarin)

ឆ្លើយតបទៅសភាពការណ៍កាន់តែមិនស្រួលនិងមានពេលខ្លះគ្រាប់កាំភ្លើង ហោះធ្លាយចូលដល់ដីថៃ ត្រូវចំផ្ទះពលរដ្ឋផងនោះ, កងកម្លាំង Rajamanu ថៃ បានដាក់ពង្រាយទ័ពនិងឃ្លាំមើលសភាពការណ៍យ៉ាងជាប់លាប់ ហើយនឹងបើកឆាកប្រយុទ្ធតែម្តង ប្រសិនបើចាំបាច់។

កាលពីសប្តាហ៍មុន ទាហានមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម​ បានបាញ់តដៃគ្នាយ៉ាងស្វិតស្វាញនៅក្បែរព្រំដែនថៃ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ធ្លាយចូលដល់ស្រុក Mae Sot ប៉ះត្រូវសាលារៀន Ban Mae Kon Kaen បង្ខំឲ្យមានការជម្លៀសសិស្សយ៉ាងប្រញាប់ និងធ្វើឲ្យថៃក្តៅស្លឹកត្រចៀក។

ការផ្ទុះនៅមីយ៉ាន់ម៉ា (រូបថត៖ Amarin)

ក្រោយមក កងកម្លាំង Rajamanu ​សហការជាមួយ Naresuan ក៏បានបញ្ជូនសព្វាវុធនិងគ្រឿងបរិក្ខាយោធា ទៅព្រំដែនព្រមទាំងបង្កើនការល្បាតទាំងថ្ងៃយប់។ 

សូមជម្រាបជាថ្មី សមរភូមិនៅមីយ៉ាន់ម៉ា គឺជាការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលជាមួយក្រុមឧទ្ទាម ដែលខំការពារពួកឧក្រិដ្ឋជនតាមអនឡាញ នៅតំបន់សេដ្ឋកិច្ចពិសេស KK Park។ កងទ័ពរដ្ឋាភិបាល បានប្តេជ្ញាហើយថា ពួកគេនឹងបើកប្រតិ​បត្តិការកម្ចាត់ Scammer នៅទីនោះឲ្យក្លាយទីជាផេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម