Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាស តាមប្រមាញ់ Netanyahu លុះក្ស័យ បើសិននៅរស់

បានផុស

នៅ

ស្របពេលមានពាក្យចចាមអារ៉ាមអំពីជោគវាសនាមិនប្រាកដរបស់លោក Benjamin Netanyahu ពេលនេះ អ៊ីរ៉ង់ប្រកាសថា បើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅរស់មែន ខ្លួននឹងតាមប្រមាញ់លុះក្ស័យ។

(រូប៖ Reuters)

តាមការផ្សាយរបស់ India Today នៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ ឆ្មាំបដិវត្តន៍ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «អ៊ីរ៉ង់នឹងតាមកំណត់គោលដៅវាយប្រហារលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈសង្គ្រាមជាមួយ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្ត។ ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមាររូបនេះនៅមានជីវិត យើងនឹងបន្តតាមប្រមាញ់លុះក្ស័យ និងសម្លាប់គេដោយកម្លាំងពេញទំហឹង»។

សេចក្តីប្រកាសនេះ កើតឡើងចំពេលលោក Netanyahu អវត្តមានពីកិច្ចប្រជុំទ័ព គួរឲ្យសង្ស័យ ចំពេលផ្ទុះពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិត។

(រូប៖ Reuters)

តាមរយៈវីដេអូផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល គេឃើញថា ក្នុងកិច្ចប្រជុំទ័ព គឺមិនមានវត្តមានលោក Netanyahu ទេ ពោលគឺមានតែរដ្ឋមន្ត្រីការពារជាតិ Israel Katz និងមន្ត្រីជាន់ខ្ពស់ជាមួយមេទ័ពផ្សេងទៀតប៉ុណ្ណោះ។

អ្វីដែលគេសង្ស័យគឺថា ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់ ផ្ទុះឡើង លោក Netanyahu មិនដែលអវត្តមានទេ សម្រាប់កិច្ចប្រជុំសំខាន់បែបនេះ ដូច្នេះនេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់មុខពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ។

(រូប៖ Reuters)

ប្រភពជាច្រើនបានលើកឡើងដូចៗគ្នា អំពីមរណភាពរបស់លោក Netanyahu ជាពិសេសមុននេះ ក៏មានការបញ្ចេញវីដេអូសង្ស័យជា Ai ដែលបង្ហាញពីបុរសខ្លាំងអ៊ីស្រាអែល មានរូបរាងខុសលក្ខណៈផងដែរ។

យ៉ាងណា រហូតមកដល់ម៉ោងនេះ នៅមិនទាន់មានព័ស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ថា លោក Netanyahu បាត់បង់ជីវិតនោះទេ។ ផ្ទុយទៅវិញ វាហាក់ដូចជាយុទ្ធសាស្ត្ររក្សាសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតរបស់អ៊ីស្រាអែល ចំពេលសង្គ្រាមកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម