Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញក្រុមទូកនេសាទនៅថៃ ខូចខាតអស់ជាង១០លានបាត

បានផុស

នៅ

គ្រោះអគ្គិភ័យដ៏គួរ​ឲ្យ​រន្ធត់មួយ បានលេបត្របាក់ក្រុមទូកនេសាទចំនួន​៨​គ្រឿង នៅឯកំពង់​​​ទូក​ក្នុងស្រុក Khanom កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ដែលបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះ​បើ​យោង​​តាម​​សារព័ត៌មាន​ថៃ Khaosod។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល១​រំលងអធ្រាត្រ នៅចំណុចមាត់ព្រែក Khlong Khanom។ ដោយសារតែមានខ្យល់បក់បោកខ្លាំង ធ្វើ​ឲ្យ​អណ្តាតភ្លើងរីករាលដាលយ៉ាងរហ័សពីទូកមួយទៅទូកមួយទៀត​បន្តកន្ទុយ​គ្នា។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែជាអកុសល ទូកទាំងនោះត្រូវបានឆេះខ្ទេចអស់ទៅហើយ ដែលគេប៉ាន់ប្រមាណថាមានទំហំខូចខាតលើសពី១០​លានបាត (ប្រហែលជិត៣០​ម៉ឺនដុល្លារ)។

តាមសេចក្តីរាយការណ៍ ទូកដែលរងគ្រោះទាំងនោះ គឺជាកម្មសិទ្ធិរបស់គ្រួសារអតីត​សមាជិកសភាម្នាក់ ហើយក៏ជាក្រុមទូកនេសាទដ៏ធំបំផុតមួយនៅក្នុងខេត្ត Nakhon Si Thammarat ផងដែរ។ ចំពោះមូលហេតុដំបូង គេសង្ស័យថាអាចមកពីឆ្លងចរន្តអគ្គិសនីនៅលើទូកមួយគ្រឿង ប៉ុន្តែអាជ្ញាធរក៏មិនទាន់ទាត់ចោលនូវលទ្ធភាពដែលថាជាការលួចដុតដោយចេតនានោះដែរ។ ពេលនេះ មន្ត្រីជំនាញកំពុងតែធ្វើកោសល្យវិច័យយ៉ាងដិតដល់នៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺមានការសង្ស័យពីមហាជនថា ករណីនេះអាចពាក់ព័ន្ធនឹងបញ្ហាខឹងសម្បាររឿង «កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងឡើងថ្លៃ» នៅក្នុងតំបន់ ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់ផ្លូវការនូវការអះអាងនេះនៅឡើយទេ។ បច្ចុប្បន្ន កម្លាំងនគរបាល និងអង្គភាពជើងទឹក កំពុងពិនិត្យមើលបំណែកទូក និងវាយតម្លៃពីផលប៉ះពាល់ដល់រចនាសម្ព័ន្ធកំពង់​ទូក​ទាំងមូល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម