Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ងាក​មក​គាំទ្រអ៊ុយក្រែនចូល​សហភាពអឺរ៉ុប ក្រោយដៃគូ Victor Orban ​​ចាញ់ឆ្នោត​​នៅ​ហុងគ្រី​

បានផុស

នៅ

​ដោយ​ធ្លាប់​​សិ្នទ្ធ​ស្នាល និង​ល្អូកល្អិន​ជាមួយ​នាយករដ្ឋមន្ត្រី​​ហុងគ្រីដែលទើប​ចាញ់ឆ្នោត នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ​ហាក់ប្តូរ​គោល​ជំហរ​ក្នុង​សំណុំរឿង​អ៊ុយក្រែន​​​​​​ ដោយ​ងាក​មក​គាំទ្រផែនការរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ប៉ុន្តែ លោក បា​ន​​ដាក់​បន្ទុក​ថា ទីក្រុងកៀវមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាសមាជិកនៃប្លុកនេះនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico (រូបភាព៖Reuters)

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី​​ tass ចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឲ្យ​ដឹងថា នៅក្នុងការ​ថ្លែង​​​ក្នុង​វីដេអូដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ លោក Fico បាននិយាយថា «អ៊ុយក្រែនពិតជាមិនទាន់ត្រៀមខ្លួនរួចរាល់ទាំងស្រុង ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបនៅពេលនេះទេ។ ហេតុដូច្នេះហើយ ទីក្រុងកៀវត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ប្រទេសបេក្ខជនឲ្យបានពេញលេញ មុនពេលអាចបន្តដំណើរការចរចាបន្ថែមទៀត»។

លោក Fico មិនបានបញ្ជាក់លក្ខខណ្ឌដែលអ៊ុយក្រែននៅតែខ្វះខាតនោះទេ។ ទោះជាយ៉ាងណា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ប្រទេសបេក្ខជនត្រូវតែបំពេញតាមស្តង់ដារមួយចំនួនទាក់ទងនឹងនីតិរដ្ឋ កំណែទម្រង់តុលាការ ការប្រឆាំងអំពើពុករលួយ ស្ថិរភាពនយោបាយ សមត្ថភាពសេដ្ឋកិច្ច និងសមត្ថភាពអនុវត្តច្បាប់រួមរបស់ប្លុក។

អ៊ុយក្រែនត្រូវបានសហភាពអឺរ៉ុបផ្តល់ឋានៈជាបេក្ខជនជាផ្លូវការនៅឆ្នាំ ២០២២ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង។ នៅចុងឆ្នាំ ២០២៣ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមបើកការចរចាចូលជាសមាជិកជាមួយទីក្រុងកៀវ។

ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវបានវាយតម្លៃថា មានរយៈពេលជាច្រើនឆ្នាំទៅមុខ​ទៀត​ ពីព្រោះអ៊ុយក្រែននៅតែប្រឈមមុខនឹងការលំបាកជាបន្តបន្ទាប់នៅក្នុង​វិស័យ​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋ និងជាពិសេសស្ថានភាពសង្គ្រាមដែលមិនទាន់បានបញ្ចប់។

រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនក៏មានការព្រួយបារម្ភ​ដែរថា ការទទួលយកអ៊ុយក្រែនលឿនពេក ក៏អាចបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើថវិការួមរបស់ប្លុក ជាពិសេសនៅក្នុងវិស័យកសិកម្ម និងជំនួយអភិវឌ្ឍន៍។ បន្ថែមពីលើបញ្ហានៃការចូលរួមជាមួយសហភាពអឺរ៉ុប លោក Fico បានបន្តអំពាវនាវឲ្យមានបទឈប់បាញ់មុនកាលកំណត់នៅអ៊ុយក្រែន។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Fico បង្ហាញថា ស្លូវ៉ាគីនៅតែគាំទ្រគោលដៅរយៈពេលវែងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្តែចង់ឲ្យដំណើរការនេះកើតឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើការបំពេញតាមស្តង់ដាររបស់ប្លុកយ៉ាងពេញលេញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម