Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប កោតសរសើរ ប៉ាគីស្ថាន និង ត្រៀមខ្លួន​​ ពង្រីក​ការ​ចរចា​ រវាង អាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថាន ក្នុងការជួយទប់ស្កាត់កុំឲ្យមានជម្លោះរីករាល​ដាល​កាន់តែធំរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar និងលោកស្រី Kallas
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការថ្លែងមតិនៅទីក្រុងអ៊ីស្លាម៉ាបាត (Islamabad) កាលពីថ្ងៃច័ន្ទ ទី១ ខែមិថុនា រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar លោកស្រី Kallas បានគូសបញ្ជាក់ ថា ប៉ាគីស្ថានបានដើរតួនាទីការទូតយ៉ាងសំខាន់បំផុតក្នុងកំឡុងពេលមានវិបត្តិ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានbrecorde

លោកស្រី Kallas បានលើកឡើងថា «ប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដ៏ចម្បងរវាងអាមេរិក និងអ៊ីរ៉ង់ ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត បានជួយទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹងជាច្រើនលើកច្រើនសារ» ។ លោកស្រីបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងនៅទូទាំងតំបន់អឺរ៉ុប» ។

លោកស្រី Kallas បានបញ្ជាក់ទៀតថា ការសម្របសម្រួលរបស់ប៉ាគីស្ថានបានជួយបង្កើតឱកាសក្នុងការបន្តបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ពិភពលោក ។ ទោះជាយ៉ាងណា លោកស្រីបានសង្កត់ធ្ងន់ថា ការយោគយល់គ្នាជាបណ្តោះអាសន្នណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និង តេហេរ៉ង់ ចាំបាច់ត្រូវតែមានការចរចាគ្នាក្នុងវិសាលភាពធំជាងមុន ដើម្បីដោះស្រាយការព្រួយបារម្ភក្នុងរយៈពេលវែង ។ ជាពិសេសនោះ ស្ថិរភាពយូរអង្វែង នឹងតម្រូវឲ្យមានដំណោះស្រាយដែលគ្រប់ជ្រុងជ្រោយជាងនេះ ។

ប្រមុខការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ បានអះអាងថា ទីក្រុងព្រុចសែល ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីប្រែក្លាយបទឈប់បាញ់បណ្តោះអាសន្ន ឲ្យទៅជាកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយចីរភាព ។ ជាក់ស្ដែង EU មានឥទ្ធិពលខាងសេដ្ឋកិច្ច មានជំនាញផ្នែកនុយក្លេអ៊ែរដែលធ្លាប់បានឆ្លងកាត់ការលំបាក មានទំនាក់ទំនងយូរអង្វែងជាមួយដៃគូនានានៅទូទាំងតំបន់ឈូងសមុទ្រ និងមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ខ្លួនឯងផ្ទាល់។

លោកស្រី Kallas បានគូសបញ្ជាក់ថា៖ «ខ្ញុំមើលឃើញពីតួនាទីជាក់ស្តែងរបស់សហភាពអឺរ៉ុប ក្នុងការជួយធ្វើឲ្យកិច្ចព្រមព្រៀងចុងក្រោយណាមួយមានភាពរឹងមាំយូរអង្វែង មិនថាតាមរយៈប្រតិបត្តិការសន្តិសុខផ្លូវសមុទ្រ ការផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដែលគាំទ្រដល់ស្ថិរភាពរយៈពេលវែង ឬបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់នេះនោះឡើយ» ។

ការលើកឡើងទាំងនេះ បានធ្វើឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានបង្កឲ្យមានការភ័យខ្លាចពីការផ្ទុះសង្គ្រាមរីករាលដាលនៅក្នុងតំបន់ ។ កន្លងមក ប៉ាគីស្ថានបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការសន្ទនាគ្នា និងបានចូលរួមពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងគាំទ្រដល់ដំណោះស្រាយតាមផ្លូវការទូត ខណៈដែលបទឈប់បាញ់បច្ចុប្បន្នបានបើកផ្លូវឲ្យមានការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម