Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមទុរេននៅថៃ៖ កសិករផ្ទុះការរិះគន់លើ Influencers និង​ក្រសួង​ពាណិជ្ជកម្ម រឿងលក់បង្ខូចតម្លៃទីផ្សារ

បានផុស

នៅ

រឿងរ៉ាវជម្លោះ​ក្នុងតម្លៃ​​លក់​ទុរេននៅប្រទេសថៃដែលកំពុងផ្ទុះឡើងខ្លាំងកាលពីប៉ុន្មានថ្ងៃនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក រវាងក្រុមអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) និងកសិករម្ចាស់ចម្ការ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន thairath

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Suphajee Suthumpunនិង នាង Pimrypie (រូបភាព៖thairath)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលក់ទុរេនតាមរយៈការផ្សាយបន្តផ្ទាល់​ (Livestream)​ លើបណ្តាញ​សង្គម ក្នុងតម្លៃទាបខុសពីធម្មតា បានបង្កឲ្យមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់កសិករថៃ ដែលបារម្ភថា «យុទ្ធសាស្ត្រទីផ្សារបែបបង្ខូចតម្លៃ» នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេក្នុងរយៈពេលវែង។

ជម្លោះនេះបានផ្ទុះឡើង បន្ទាប់ពីអ្នកលក់អនឡាញដ៏ល្បីឈ្មោះក្នុងប្រទេសថៃ គឺនាង Pimrypie បានសហការជាមួយក្រសួងពាណិជ្ជកម្មថៃ រៀបចំយុទ្ធនាការលក់ទុរេនក្នុងតម្លៃត្រឹមតែ ១០០បាត (ប្រហែល ៣ដុល្លារ) ក្នុងមួយផ្លែ។ យុទ្ធនាការនេះមានគោលបំណងជួយបញ្ចេញផលិតផលដែលកំពុងសល់លើសតម្រូវការទីផ្សារ ដោយសារទិន្នផលឆ្នាំនេះកើនឡើងប្រមាណ​ ៣០% ទៅ ៣៣% ខណៈតម្រូវការពីប្រទេសចិនមានការថយចុះ។

ទោះបីជាយុទ្ធនាការនេះមានបំណងល្អ ប៉ុន្តែ​ ​កសិករ និងតំណាងសមាគមផ្លែឈើជាច្រើន បានបង្ហាញការមិនពេញចិត្ត ដោយលើកឡើងនូវចំណុចសំខាន់ៗដែលថា នេះគឺការ​លក់​បង្ខូចតម្លៃទីផ្សារ​ទៅវិញ​ទេ​​។ ជាក់ស្ដែង កសិករបារម្ភថា ការលក់តម្លៃ ១០០បាតក្នុងមួយផ្លែ នឹងក្លាយជាលេស សម្រាប់ឈ្មួញកណ្ដាលក្នុងការបង្អាប់តម្លៃទិញពីចម្ការឲ្យកាន់តែទាបជាងមុន។ចំណែកអ្នកផ្សេងទៀតក៏បានលើកឡើងថា តម្លៃផលិតកម្ម (ជី និងថ្នាំ) មានការកើនឡើង ដូច្នេះការលក់ក្នុងតម្លៃទាបពេកបែបនេះ គឺស្មើនឹងការសម្លាប់មុខរបរកសិកម្មរបស់ពួកគេ។

មិនតែប៉ុណ្ណោះ ក៏មានការចោទសួរថា តើទុរេនដែលលក់ក្នុងតម្លៃថោកនោះ ជាប្រភេទដែលមិនគ្រប់ស្តង់ដារនាំចេញ (Grade C/D) ឬយ៉ាងណា ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិនាម «ស្ដេចផ្លែឈើ» ក្នុងប្រទេសថៃ។

ក្រោយមក នាង Pimrypie បានចេញមុខបញ្ជាក់ថា ខ្លួនសុខចិត្តខាតបង់ទឹកប្រាក់ជាង ១០លានបាត ដើម្បីជួយទិញទុរេនពីចម្ការកសិករនៅខេត្តចាន់ថាបុរី ដែលកំពុងប្រឈមនឹងការលក់មិនដាច់។ នាងក៏បានបន្ថែមការលក់ជីកសិកម្ម ក្នុងតម្លៃពិសេស ដើម្បីជួយសម្រាលបន្ទុកកសិករវិញផងដែរ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun បានការពារយុទ្ធនាការនេះដោយបញ្ជាក់ថា វាជាយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ក្នុងស្រុកសម្រាប់ទុរេនប្រភេទមធ្យម ហើយវាមិនប៉ះពាល់ដល់តម្លៃទុរេនប្រភេទ Grade A និង B ដែលមានតម្លៃចន្លោះពី ១៤០ ទៅ ១៥០បាតក្នុងមួយគីឡូក្រាមនោះទេ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ជម្លោះនេះនៅតែបន្តជាប្រធានបទវែកញែកក្នុងសង្គមថៃ ខណៈដែលសមាជិកសភាបក្សប្រឆាំងក៏បានលើកយកបញ្ហានេះមកដេញដោលក្នុងសភាផងដែរ ដោយទាមទារឲ្យរដ្ឋាភិបាលមានវិធានការការពារតម្លៃកសិផលឲ្យបានហ្មត់ចត់ជាងនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម