Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរឿងអាស្រូវ ត្រីខកំប៉ុង! ថៃ សម្រេចប្រមូលទំនិញជាង ១៣ ០០០កំប៉ុងចេញពីទីផ្សារវិញ

បានផុស

នៅ

រឿងរ៉ាវដ៏គួរឲ្យ​ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីភ្នាក់ងាររដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានសម្រេចចិត្តបញ្ជាឲ្យ​ប្រមូលទំនិញ និងរឹបអូសត្រីខកំប៉ុងជាង ១៣ ០០០កំប៉ុងចេញពីទីផ្សារ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ The Nation នា​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦ វិធានការក្ដៅនេះ បានធ្វើឡើង ក្រោយពេលមន្ត្រីជំនាញ បានចុះទៅត្រួតពិនិត្យរោងចក្រមួយកន្លែង នៅខេត្ត Samut Sakhon ហើយរកឃើញថា រោងចក្រនោះ មិនត្រឹមតែខ្វះអនាម័យតាមស្ដង់ដារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់ត្រីខុសប្រភេទ មិនដូចអ្វី ដែលបានបិទនៅលើស្លាកសញ្ញាផលិតផលទៀតផង។

ដើមចមនៃរឿងនេះ បានផ្ទុះឡើងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីមានអតិថិជនម្នាក់ បានបង្ហោះសារប្ដឹងថា ត្រីខកំប៉ុង ដែលខ្លួនទិញមក ដែលនៅលើសំបកកំប៉ុងសរសេរថាជា «ត្រីស្បៃកា (Mackerel)» ក្នុងទឹកប៉េងប៉ោះ ប៉ុន្តែនៅពេលបើកមកបែរជាឃើញមានសាច់ដូច «ត្រីទីឡាប់យ៉ា» ទៅវិញ។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំ សម្រាប់សាធារណជន ដោយសារតែត្រីខកំប៉ុង គឺជាអាហារមូលដ្ឋាន ដែលមានតម្លៃសមរម្យ សម្រាប់គ្រួសារជាច្រើន ខណៈដែលត្រីទីឡាប់យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានតម្លៃថោកជាងត្រីសមុទ្រស្បៃកា ឆ្ងាយណាស់។

បន្ទាប់ពីទទួលបានដំណឹងនេះ លោកស្រី Supattra Boonserm អគ្គលេខាធិការរងនៃ FDA បានដឹកនាំកម្លាំងសហការជាមួយមន្ត្រីសុខាភិបាលខេត្ត ចុះទៅពិនិត្យរោងចក្រ Sri Rungngam Food ជាបន្ទាន់។ ការចុះត្រួតពិនិត្យ បានរកឃើញភស្តុតាងជាក់ស្ដែងថា ខ្សែសង្វាក់ផលិតកម្ម មិនបានអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ (GMP) ហើយក៏បានរកឃើញត្រីខកំប៉ុង ដែលប្រើត្រីខុសប្រភេទ ដូចការចោទប្រកាន់មែន។ ជាលទ្ធផល មន្ត្រីបានរឹបអូសត្រីខកំប៉ុងនៅនឹងកន្លែងផលិតបានចំនួន ១២ ៧៦០​កំប៉ុង និងតាមហាងលក់រាយបានចំនួន ២៥០កំប៉ុងទៀត សរុបទាំងអស់គឺ ១៣ ០១០កំប៉ុង។

បច្ចុប្បន្ន FDA បានបញ្ជូនសំណាកត្រីទាំងនោះទៅកាន់នាយកដ្ឋានជលផល ដើម្បីធ្វើតេស្តបញ្ជាក់ឲ្យ​ច្បាស់ថា វាជាត្រីប្រភេទអ្វីឲ្យ​ប្រាកដ។ លោកស្រី Supattra Boonserm បានព្រមានថា ប្រសិនបើលទ្ធផលបង្ហាញថាមានការភូតកុហកអតិថិជនមែននោះ ម្ចាស់ផលិតកម្ម អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ដល់ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម