Connect with us

ព័ត៌មានអន្ដរជាតិ

មក​ដឹង​ការ​វិវត្ត​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​ដល់​កុមារ​នៅ​ប្រទេសអាស៊ាន៦នេះ

បានផុស

នៅ

បណ្តា​ប្រទេស​អាស៊ាន​​បាន​កំពុង​ប្រយុទ្ធ​នឹងកូវីដ-១៩​​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ​ការ​ចាក់​វ៉ាក់សាំង​ជា​ក្តី​សង្ឃឹម​ចម្បង​ក្នុង​ការ​លុប​បំបាត់កូវីដ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ មាន​ប្រទេស​អាស៊ាន​ជា​ច្រើន​ទើប​ចាក់​បាន​តិច​​​ប៉ុណ្ណោះ​ បើ​ប្រៀង​ធៀប​នឹង​ចំនួន​ប្រជា​ជន​របស់​ខ្លួន។

ក្រៅ​ពី​ការ​ប្រឹង​ប្រែង​រក​វ៉ាក់សាំង​ចាក់​ដល់​មនុស្ស​ធំ​ពេញ​វ័យ រដ្ឋាភិបាល​នៃ​បណ្តាល​អាស៊ាន​ក៏​​​ខ្នះ​ខ្នែង​​ស្វែង​រក​វ៉ាក់សាំង​ចាក់​ដល់​កុមារ និង​មនុស្ស​វ័យ​ក្មេង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ប្រទេស​អាស៊ាន​​ច្រើន​ទេ​ដែល​ដំណើរ​ការ​ចាក់​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង​។

ប្រទេស​សិង្ហបុរី

ប្រទេស​សិង្ហបុរី​​​សម្រេច​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ Pfizer​ សម្រាប់​ក្មេង​អាយុ​១២​ឆ្នាំ ដល់​១៧​ឆ្នាំ​ដែល​បាន​ចាប់​ផ្តើម​ការ​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១ និង​ជា​ប្រទេស​ដែល​ដំណើរ​ការ​ចាក់​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង​បាន​ល្អ​ជាង​គេ​នៅ​​​អាស៊ាន​រហូត​ដល់​ពេល​នេះ។ ការ​ចាប់​ផ្តើម​ដំបូង​គឺ​សិស្ស​ចំនួន​៤០​ម៉ឺន​នាក់​​។ ចំណែក​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ត្រូវ​បាន​ចាក់​ដោយ​វ៉ាក់សាំង Moderna។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល​សិង្ហបុរី​ថា ក្រុម​មនុស្ស​ដែល​មាន​អាយុ​១២​ឆ្នាំ​ឡើង​មាន​ចំនួន​១.៥​លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។

រហូត​ដល់​ពេល​នេះសម្រាប់​មនុស្ស​ធំ​ពេញ​វ័យ​ ប្រទេស​សិង្ហបុរី​ចាក់​វ៉ាក់សាំង​ហោច​ណាស់​បាន​១​ដូស​ដល់​ប្រជា​ជន​ជាង​៤​លាន​នាក់ និង​ពេញ​ទាំង​ពីរ​ដូស​ជាង​៣លាន​នាក់ក្នុង​ចំណោម​ពលរដ្ឋ​របស់​ខ្លួន​ជាង​៥.៦លាន​នាក់។

ប្រទេស​ឥណ្ឌូណេស៊ី

កាលពីដើម​ខែ​នេះ ​ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ។ យ៉ាងហោចណាស់មានសិស្សចំនួន ១០០ នាក់បានចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងហ្សាការតា ខណៈរដ្ឋបាលក្រុងកំពុងកំណត់គោលដៅចាក់វ៉ាក់សាំងដល់កុមារ ចំនួន ១.៣ លាននាក់ នៅក្នុងសាលារៀន និងកន្លែងថែទាំសុខភាព ។

កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង Sinovac បន្ទាប់ពីទីភ្នាក់ងារជាតិគ្រប់គ្រងឱសថ និងអាហាររបស់ប្រទេស បានចេញការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់។

តាម​ការ​ផ្សាយ​របស់ Aljaeera កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា អត្រា​ឆ្លង​កូវីដកុមារ​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ីខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក។ ក្នុង​ចំណោម​អ្នក​ឆ្លង​៨​នាក់ មាន​កុមារ​ម្នាក់ ឬ​កុមារ​ឆ្លង​សរុប​២៦២០០០​​​នាក់​នៅ​​ប្រទេសឥណ្ឌូណេស៊ី។ ជា​មួយ​គ្នា កុមារ​ជាង​៧០០​នាក់​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​បាន​ស្លាប់​ដោយ​កូវីដ​ដែល​ក្នុង​នោះ​មាន​ពាក់​កណ្តាល​អាយុ​ក្រោម​៥​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត Siska Sinardja អ្នក​នាំ​ពាក្យ​សមាគមគ្រូ​ពេទ្យ​ឥណ្ឌូណេស៊ី បាន​និយាយ​ដើម​សប្តាហ៍​ថា ៖«ដោយ​សារ​តែ​ការពន្យា​ពេល​នៃ​ការ​ចាក់​ដល់​កុមារ​ទើប​ករណី​ឆ្លង​កូវីដ​បាន​កើន​​ឡើង»។

ប្រទេស​ថៃ​

តាម​ការ​ឲ្យ​ដឹង​ពី នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​ថៃ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ថា ខ្លួន​បាន​ផ្តួច​ផ្តើម​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង Pfizer សម្រាប់​​មនុស្ស​វ័យ​ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំ ដល់​​១៨​ឆ្នាំ។ យ៉ាង​ណា​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ដំណើរ​ការ​ចាក់​​ក្រុម​មនុស្ស​វ័យ​ក្មេង​ឡើយ ដោយ​ក្រសួង​រំពឹង​ថា វ៉ាក់សាំង​នេះ​ចំនួន​២០​លាន​ដូស​នឹង​មក​ដល់​ក្នុង​ឆ្នាំ​នេះ។

លោក Anuti ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាលថៃ​បាន​និយាយ​ថា ៖«នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លងកំពុង​ធ្វើ​ការ​ជា​មួយ​សាលា​រៀន​ដើ​ម្បី​បង្កើត​គម្រោង​ចាក់ដល់​សិស្ស។ តាម​ការ​ប៉ាន់​ស្មាន មាន​ក្មេង​ប្រហែល​ជា​៥​លាន​នាក់​ដែល​ត្រូវ​ចាក់»។

ស្រប​ពេល​ជា​មួយ​គ្នានេះ អ្នក​ឯកទេសវីរុសសាស្ត្រកំពូល​របស់​ថៃ​គឺ​លោក  Yong Poovorawan បាន​លើក​ឡើង​ថា វ៉ាក់សាំង Sinovac គួរ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាក់​កុមារ​​ដែល​មាន​អាយុ​៣​​ឆ្នាំ​ឡើង​នៅ​បំណាច់​ឆ្នាំ​២០២១។

ប្រទេស​ថៃ​​ដាក់គោល​ដៅ​​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ឲ្យ​បាន​៥០​លាន​នាក់នៅ​បំណាច់​ឆ្នាំ​​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​បាន​៥.៦​%​នៃ​ប្រជា​ជន​របស់​ខ្លួន​ជាង​៦៦​លាន​នាក់​បាន​​ចាក់​បាន​២​ដូស និង​​១៩.២​%​ហោច​ណាស់​ចាក់​បាន​១​ដូស។

ប្រទេស​វៀតណាម​

ងាក​ទៅ​ប្រទេស​ជិត​ខាង​កម្ពុជា​គឺ​វៀតណាម​កំពុងប្រឈម​នឹង​ការ​ឆ្លងកូវីដ-១៩​​យ៉ាង​អាក្រក់​ ប៉ុន្តែ​កម្មវិធី​ចាក់​វ៉ាក់សាំង​ក៏​មិន​ទាន់​ដំណើរ​ការ​បាន​ច្រើន​ដែរ ដោយ​សារ​កំពុង​ខ្វះ​ខាត។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Nguyen Thanh Long ធ្លាប់​បាន​ឲ្យ​ដឹង​ថា វៀតណាម​កំពុង​ចរចារ​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដើម្បី​រក​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​សម្រាប់​​ក្រុម​មនុស្ស​​អាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ​ក្នុង​នោះ​។ វ៉ាក់សាំង Pfizer​ជា​បេក្ខភាព​ឈាន​មុខ។ ការ​ឲ្យ​ដឹង​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី បារាំង និង​ស្វីស កាល​ពី​ដើម​ខែ​មិថុនា។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ វៀតណាម​នៅ​មិនទាន់​ឃើញ​មាន​សកម្មភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដល់​​មនុស្ស​វ័យ​ក្មេង​ឡើយ ដោយ​សារ​កំពុង​ដុត​ដៃ​ជើង​សម្រាប់​ចាក់​មនុស្ស​ធំពេញ​វ័យ។

វៀតណាម​ដាក់​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ធំ​ឲ្យ​បាន១៥០​លាន​ដូស​ ឬ​ស្មើ​នឹង​៧០​%​នៃ​ប្រជា​ជន​របស់​ខ្លួន​៩៦​លាន​នាក់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះទើប​ចាក់ជាង​៥.២​លាន​នាក់​ប៉ុណ្ណោះ​សម្រាប់​១​ដូស និង​២​ដូស​ចាក់​បាន ៤៩៦ ៦៣០​នាក់​ប៉ុណ្ណោះ។

ប្រទេស​ម៉ាឡេស៊ី​

ទី​ភ្នាក់​ងារ​និយតករ​ឱសថ​ជាតិ​ម៉ាឡេស៊ី (NPRA)បាន​អនុម័ត​វ៉ាក់សាំង Pfizer សម្រាប់​ការ​ចាក់​ដល់​ក្មេង​អាយុ​ចាប់​ពី​១២​ឆ្នាំឡើង។ ទោះ​នបី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដំណើរ​ការ​ចាក់​សម្រាប់​ក្មេង​ឡើយ។

ប្រទេស​ម៉ាឡេស៊ីដាក់​គោល​ដៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​៨០​%​នៃ​ប្រជា​ជន​របស់​ខ្លួន ប៉ុន្តែ​បើ​ទិន្នន័យ​របស់ Ourworldindata បង្ហាញ​ថា ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កក្កដា ម៉ាឡេស៊ី​ចាក់​បាន​ពេញដូស​ប្រមាណ​ជាង​១៨​% និង​ហោច​ណាស់​១​ដូស​ជាង២០​%។

ប្រទេស​ហ្វីលីពីន​

កាល​ពី​ដើម​ខែ​កក្កដា​នេះ រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ហ្វីលីពីន (FDA)​ បាន​ចាប់​ផ្តើម​ស្វែង​រក​វ៉ាក់សាំង​សម្រាប់​ចាក់​ដល់​កុមារ​អាយុ​៣​ឆ្នាំ​ដល់​១៧​ឆ្នាំ​។

រដ្ឋលេខាធិកា​រ​ក្រសួង​ហិរញ្ញវត្ថុ​ហ្វីលីពីន លោក Carlos Dominguez បាន​ឲ្យ​ដឹង​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ថា គ្រោង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​ទិញ​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង​ក្នុង​នោះ​កំពុង​ពិចារណា​វ៉ាក់សាំង Pfizer សម្រាប់​កុមារ។

ប្រទេស​ហ្វីលីពីនគ្រោង​ចាក់​វ៉ាក់​ដល់​មនុស្ស​ធំ​ពេញ​វ័យ​ឲ្យ​បាន​៧០​លាន​នាក់​ត្រឹឹមបំណាច់​ឆ្នាំ២០២១​។ រហូត​ដល់​ពេល​នេះ​ ហ្វីលីពីន​ចាក់​បានពេញ​ដូស​ជាង​៥​% និង​មួយ​ដូស​បាន​ជាង៤%នៃ​ប្រជា​ជន​របស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ thestar, straitstimes, CNA, vnexpress, aljazeera,

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម