Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ជំងឺរាតត្បាតជាសកលបន្ថែមទៀតនឹងលេចឡើង តែមានវិធីចៀសបាន

បានផុស

នៅ

ជំងឺរាតត្បាតដែលបង្កឲ្យមានការខាតបង់ធំធេង នឹងបន្តលេចឡើង លុះត្រាតែមានការការពារ ការរីករាលដាលនៃមេរោគដែលឆ្លងពីសត្វទៅមនុស្ស។ នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកជំនាញ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

កិច្ចពិភាក្សាតាមអ៊ីនធើណិតកាលពីថ្ងៃចន្ទទី២៧ខែកញ្ញា ដែលមានការចូលរួមពីសំណាក់មេដឹកនាំរដ្ឋាភិបាល សុខាភិបាលនិងបរិស្ថាន បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយ ចេញផ្សាយដោយក្រុមការងារ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Harvard ក្នុងការពិនិត្យមើលវិទ្យាសាស្ត្រនៃការទប់ស្កាត់ជំងឺរាតត្បាត។

របាយការណ៍នេះបានរកឃើញថា ជំងឺរាតត្បាតអាចត្រូវបានការពារដោយចំណាយតិចតួចបំផុត បើប្រៀបធៀបទៅនឹងការចំណាយជាសកលដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ អនុសាសន៍សំខាន់ៗរបស់របាយការណ៍នេះ គឺផ្តោតលើការអភិរក្សព្រៃឈើ ដោះស្រាយការជួញដូរសត្វព្រៃ ព្រមទាំងការប្រើប្រាស់និងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពជីវសាស្ត្រសត្វ។

ជំងឺដែលឆ្លងពីសត្វទៅមនុស្ស ត្រូវបានគេរកឃើញថា ងាយឆ្លងពីសត្វព្រៃខ្លាំងណាស់ ជាពិសេសតាមរយៈសត្វក្នុងស្រុកឬកសិដ្ឋាននៅពេលមនុស្សចូលមកជិតពួកគេ។ នោះអាចជាលទ្ធផលនៃការកាប់បំផ្លាញព្រៃឈើ ការផ្លាស់ប្តូរការប្រើប្រាស់ដី ឬការបរបាញ់និងការជួញដូរសត្វព្រៃ។

ថ្វីបើការរត់ពន្ធសត្វព្រៃត្រូវបានគេរាយការណ៍ថា មានការថយចុះយ៉ាងខ្លាំងបន្ទាប់ពីផ្ទុះជំងឺរាតត្បាតក៏ដោយ ប៉ុន្តែការិយាល័យប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានព្រមានថា បណ្តាញជួញដូរ អាចនឹងងើបឡើងវិញ នៅពេលព្រំដែនអន្តរជាតិបើកចំហ រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ។

អ្នកបរិស្ថានដ៏ល្បីល្បាញ វេជ្ជបណ្ឌិត Jane Goodall ដែលជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នេះ បានព្រមានថា មនុស្សជាតិ ត្រូវការការគណនាឡើងវិញជាបន្ទាន់នូវទំនាក់ទំនងជាមួយពិភពធម្មជាតិ។

វេជ្ជបណ្ឌិត Jane Goodall

លោកស្រីលើកឡើងថា “សុខភាពនិងសុខុមាលភាពរបស់យើង ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងសុខភាពនិងសុខុមាលភាពនៃបរិស្ថានដែលយើងរស់នៅ។ ជំងឺរាតត្បាតកូវីដ -១៩ គឺបណ្តាលមកពីការបំផ្លាញពិភពធម្មជាតិឥតឈប់ឈរ និងការកេងប្រវ័ញ្ចសត្វព្រៃនិងសត្វក្នុងស្រុក។ យើងបានបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឲ្យភ្នាក់ងារបង្ករោគ រាលដាលពីសត្វទៅមនុស្សយ៉ាងងាយស្រួល”។

លោកស្រីអះអាងថា “អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីជំងឺឆ្លងពីសត្វទៅមនុស្សទាំងនេះ បានព្រមានយើង ពីភាពមិនអាចចៀសផុតនៃរោគរាតត្បាតដូចជាកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងមិនស្តាប់ទេ ឥឡូវនេះយើងត្រូវទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមហ៊ុនវ៉ាក់សាំងធំៗ សប្បាយកើបលុយ អំឡុងជំងឺរាតត្បាត កូវីដ-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម