ព័ត៌មានអន្ដរជាតិ
អ្វីទៅជាក្រុមប្រទេស G20 ដែលពិភពលោកដាក់ក្ដីសង្ឃឹមដើម្បីដោះស្រាយ វិបត្តិសេដ្ឋកិច្ចសកល
ប្រព័ន្ធពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងស្ថានភាពលំបាក ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងការធ្វើពាណិជ្ជកម្ម គឺជាបន្ទុកដែលលើសពីសមត្ថភាពគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេស G7 ។ ក្ដីសង្ឃឹមតែមួយគត់របស់ពិភពលោកគឺ G20 សម្រាប់ការសម្របសម្រួលគោលនយោបាយ ដើម្បីទប់ស្កាត់បញ្ហាអតិផរណា ការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិសេដ្ឋកិច្ចនៅក្នុងសកលលោក ។

G20 មានពាក្យពេញជាភាសាអង់គ្លេសថា The Group of Twenty ឬ ប្រទេសដែលមានសេដ្ឋកិច្ចធំទាំង ២០ របស់ពិភពលោក គឺជាកិច្ចប្រជុំពហុភាគីលើយុទ្ធសាស្ត្រដែលតភ្ជាប់ប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឈានមុខគេដែលកំពុងរីកចម្រើននៅក្នុងពិភពលោក ។ G20 មានតួនាទីជាយុទ្ធសាស្ត្រក្នុងការធានានូវកំណើនសេដ្ឋកិច្ចពិភពលោកនាពេលអនាគត និងវិបុលភាពនៃពិភពលោកទាំងមូល ។ សមាជិក G20 រួមបញ្ចូលគ្នាទាំងអស់មានផលិតផលសរុបជាង ៨៥ ភាគរយនៃផលិតផលសរុបរបស់ពិភពលោក, ៧៥ ភាគរយនៃពាណិជ្ជកម្មអន្តរជាតិ និង ៦០ ភាគរយនៃចំនួនប្រជាជនពិភពលោក ។ G20 មានគោលបំណងសំខាន់មួយគឺ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថិរភាព និងរឹងមាំសម្រាប់ផលប្រយោជន៍ទូទាំងសកលដោយគ្មានការរំលងប្រទេសណាមួយ ក្នុងបណ្តាប្រទេសនៅលើពិភពលោកឡើយ ។
ក្រុមប្រទេស G20 ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីបានបង្ហាញពីភាពចាំបាច់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ។ ដោយសារតែក្រុមប្រទេស G7 ដែលជាក្លិបពិសេសមួយសម្រាប់ប្រទេសអភិវឌ្ឍន៍ភាគច្រើនក្នុងពិភពលោកមិនបានរួមបញ្ចូលមហាអំណាចមួយចំនួនដូចជា ចិន ឥណ្ឌា និងប្រេស៊ីលដែលកំពុងដើរតួនាទីសំខាន់កាន់តែខ្លាំងនោះឡើយ ។ ដំបូងឡើយក្រុមប្រទេសនេះបានរៀបចំតែកិច្ចប្រជុំផ្នែកបច្ចេកទេសក្នុងចំណោមរដ្ឋមន្ត្រីប៉ុណ្ណោះ ប៉ុន្តែក្រោយមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ មក G20 ត្រូវបានធ្វើបច្ចុប្បន្នភាពឲ្យមានកិច្ចប្រជុំកម្រិតមេដឹកនាំប្រទេសក្នុងគោលបំណងលុបបំបាត់ការដួលរលំប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

បច្ចុប្បន្ន G20 មានសមាជិកដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈអេស្ប៉ាញក៏ត្រូវបានអញ្ជើញជាភ្ញៀវអចិន្ត្រៃយ៍ផងដែរ ។
រៀងរាល់ឆ្នាំ គណៈប្រធានបានអញ្ជើញប្រទេសជាភ្ញៀវឲ្យចូលរួមពេញអង្គនៅក្នុងកិច្ចសហប្រតិបត្តិការ G20 ក្នុងនោះមានដូចជាអង្គការអន្តរជាតិ និងតំបន់មួយចំនួនក៏បានចូលរួមផងដែរ ដែលធ្វើឲ្យកិច្ចប្រជុំនេះកាន់តែទូលំទូលាយ ។
ប្រធាន G20 ប្រព្រឹត្តទៅដោយវិលជុំក្នុងមួយឆ្នាំម្ដង នៅក្នុងចំណោមសមាជិករបស់ខ្លួន ។ ប្រទេសដែលកាន់តំណែងជាប្រធាន ធ្វើការរួមគ្នាជាមួយអ្នកកាន់តំណែងមុន និងអ្នកស្នងតំណែងបន្ទាប់ ឬហៅម្យ៉ាងទៀតថា Troika ដើម្បីធានាបាននូវការបន្តនៃរបៀបវារៈ ។ អ៊ីតាលីទើបបានបញ្ចប់តំណែង ហើយឥណ្ឌូណេស៊ីជាប្រធានក្នុងពេលបច្ចុប្បន្ន ខណៈឥណ្ឌាគឺជាប្រទេស Troika បន្ទាប់ពីឥណ្ឌូណេស៊ី ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ G20 មិនមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ទេ ។

កិច្ចប្រជុំកំពូលរបស់ G20 ក្នុងតំណែងវិលជុំនីមួយៗ គឺជាសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់សមាជិកសម្រាប់ពេលអនាគត ដោយព្រាងចេញពីអនុសាសន៍ដែលបានជ្រើសរើស និងអាចផ្តល់បានពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងការងារផ្សេងទៀត ។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំជាបឋមជជែកអំពីគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចតែកិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់មេដឹកនាំក្រុមផ្សេងៗចំណាយពេលវេលា និងដោះស្រាយបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្នរាប់ចាប់ពីវិបត្តិភូមិសាស្ត្រនយោបាយរហូតដល់ការប្រែប្រួលអាកាសធាតុផងដែរ ។
កិច្ចប្រជុំកំពូលប្រមុខរដ្ឋ និងរដ្ឋាភិបាល G20 លើកទី ១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ មិនបានលុបចោលការអញ្ជើញរបស់ខ្លួនទៅកាន់រុស្ស៊ីឡើយ ហើយកាលពីដើមខែមេសា កន្លងទៅនេះ លោក វីដូដូ បានប្រកាសថា លោកបានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែនដើម្បីអញ្ជើញលោកឲ្យមកចូលរួមជាមួយមេដឹកនាំពិភពលោក ផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូល G20 ក្នុងឋានៈជាភ្ញៀវកិត្តិយស ។ ការអញ្ជើញនេះប្រហែលជាឥណ្ឌូណេស៊ីមានគោលបំណងចង់ឲ្យឱ្យមានការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម ។

គួបញ្ជាក់ថា របៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ នឹងផ្តោតលើការនាំមកនូវផលប្រយោជន៍ជាច្រើនដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងការស្តារឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព ។ ឥណ្ឌូណេស៊ីអាចនឹងធ្វើការកសាងស្ពានដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកម្លាំងរួមនៅក្នុងក្រុមប្រទេស G20 ។ ចំពោះឥណ្ឌូនេស៊ីគឺមិនសូវរវីរវល់លើរឿងនយោបាយរបស់ប្រទេសមហាអំណាចឡើយ ដែលនេះក៏ដោយសារតែប្រទេសនេះបានប្រកាន់យកជំហរមិនចូលបក្សសម្ព័ន្ធយ៉ាងម៉ឺងម៉ាត់ ៕
អត្ថបទ ៖ សេម វាសនា
ចុចអាន ៖ រដ្ឋមន្រ្តីការបរទេស អាមេរិក នឹងមកប្រទេសអាស៊ានចំនួន ២ នៅសប្ដាហ៍នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៧ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


