Connect with us

ព័ត៌មានអន្ដរជាតិ

តើលោកស្រី អ៊ុងសាន ស៊ូជី នៅសល់ក្ដីក្ដាំប៉ុន្មានករណីទៀត ទើបរួចទោស​អស់?

បានផុស

នៅ

កាលពីថ្ងៃអង្គារ យោធាមីយ៉ាន់ម៉ាបានប្រកាសលើកលែងទោសដល់អតីតមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្ទះនៃរដ្ឋធានីណៃពិដោ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ការប្រកាសលើកលែងទោសលើលោកស្រី អ៊ុងសាន ស៊ូជី ពីសំណាក់យោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង គឺត្រឹមតែ ៥ ករណីប៉ុណ្ណោះក្នុងចំណោមក្ដីក្ដាំសរុបចំនួន ១៩ ករណី ដែលកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារ ៣៣ ឆ្នាំ ។

ដូច្នេះលោកស្រី អ៊ុងសាន ស៊ូជី នឹងនៅបន្តជាប់ក្ដីក្ដាំចំនួន ១៤ ករណីទៀត ខណៈបច្ចុប្បន្នលោកស្រីក៏មិនត្រូវបានដោះលែងឲ្យមានសេរីភាពនោះដែរ បើទោះបីជាមានការលើកលែងទោសកាលពីពេលថ្មីៗនេះក៏ដោយ មានន័យថា អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលវ័យ ៧៨ ឆ្នាំរូបនេះ នៅតែជាប់ឃុំក្នុងផ្ទះសម្រាប់ករណីដែលសេសសល់ទាំងនេះ ។

គួររំឭកឡើងវិញថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមបទចោទប្រកាន់សរុបចំនួន ១៩ ករណី រាប់ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ ចាប់តាំងពីការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី មក មីយ៉ាន់ម៉ាក៏ផ្ទុះភាពចលាចលនៅក្នុងប្រទេស ដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ខណៈក្នុងភាពចលាចលនោះក៏បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងជនស៊ីវិល និងកម្លាំងយោធាផងដែរ ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២,៨៩០ នាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃបង្ក្រាបរបស់យោធា ខណៈដែលប្រជាជន ៧៦៧ នាក់ត្រូវបានចាប់ខ្លួន ហើយកុមារជាង ៥ លាននាក់ត្រូវការជំនួយមនុស្សធម៌ ចាប់តាំងពីយោធាឡើងកាន់អំណាចក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ យោធា មីយ៉ាន់ម៉ា លើកលែងទោសដល់លោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម