ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បិទកំពង់ផែ មិនឲ្យកប៉ាល់អ៊ីស្រាអែល ចូល
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសច្បាស់ៗកាលពីថ្ងៃពុធទី២០ខែធ្នូថា កប៉ាល់ដោតទង់ជាតិអ៊ីស្រាអ៊ែលឬកប៉ាល់ទាំងឡាយណា ដែលមានគោលដៅធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលចត ឬដាក់ទំនិញនៅឯកំពង់ផែរបស់ខ្លួនឡើយ ដោយបម្រាមនេះ គឺបង្ហាញពីការតវ៉ាប្រឆាំងចំពោះអំពើឃោរឃៅ និងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបើកកំពង់ផែរបស់ខ្លួនចំពោះក្រុមហ៊ុនមានមូលដ្ឋាននៅអ៊ីស្រាអែលឈ្មោះថា ZIM ក្នុងឆ្នាំ២០០២ ប៉ុន្តែពេលនេះបានក្រឡាស់សម្តីវិញ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Anwar បញ្ជាក់ថា “ទណ្ឌកម្មទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដែលមិនអើពើចំពោះគោលការណ៍ជាមូលដ្ឋាននៃមនុស្សជាតិ និងការបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់រង្គាលមនុស្សជាបន្ត និងអំពើឃោរឃៅប្រឆាំងជនជាតិប៉ាឡេស្ទីន”។
ឥស្លាមនិកាយស៊ុននី គឺជាសាសនារដ្ឋរបស់ប្រទេសម៉ាឡេស៊ី ដែលមានការប្រណិប័តន៍ដោយប្រជាជនជិតពីរភាគបីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងគួឡាឡាំពួ គឺជាអ្នកគាំទ្រប៉ាឡេស្ទីន យ៉ាងស្មោះស្ម័គ្រ ថែមទាំងរក្សាចំណងទាក់ទងជាមួយក្រុមហាម៉ាសទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្មរបស់ម៉ាឡេស៊ី គ្រាន់តែរឿងមួយឡែកប៉ុណ្ណោះ ហើយអ្វីដែលជាបញ្ហាកាន់តែធំនោះគឺថា ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានរារាំងការដឹកជញ្ជូននៅសមុទ្រក្រហម ចំពោះកប៉ាល់ទាំងឡាយណាដែល តម្រង់គោលដៅទៅកាន់កំពង់ផែអ៊ីស្រាអែល។
កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏ប្រកាសដែរថា កងនាវាចរពហុជាតិសាសន៍ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការដើម្បីធានាផ្លូវសមុទ្រឲ្យមានសុវត្ថិភាព។ យ៉ាងណា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិធំៗជាច្រើន បានប្តូរផ្លូវទៅជុំវិញទ្វីបអាហ្រ្វិករួចទៅហើយ ដើម្បីគេចពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានប្រកាសសង្គ្រាមលើក្រុមហាម៉ាស ក្រោយហេតុការណ៍សម្លាប់រង្គាលថ្ងៃទី៧ខែតុលា ដែលបណ្តាលឲ្យប្រជាជនអ៊ីស្រាអែលប្រមាណ១២០០នាក់ បាត់បង់ជីវិត ហើយជាការសងសឹក អ៊ីស្រាអែល ក៏បើកប្រតិបត្តិការទ្រង់ទ្រាយធំនៅ ហ្គាហ្សា សម្លាប់មនុស្ស២០០០០នាក់វិញ ដោយតួលេខនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុម ហ៊ូធី គំរាមបាញ់កម្ទេចនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


