Connect with us

ព័ត៌មានអន្ដរជាតិ

ផ្កាយរណប​ចារកម្ម​កូរ៉េ​ខាង​ជើង បរាជ័យ​ផ្ទុះ​ឆេះ​​ភ្លាមៗ​ក្រោយ​បាញ់​បង្ហោះមិន​បាន​ប៉ុន្មាន​នាទី

បានផុស

នៅ

រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង ដែល​មាន​ផ្ទុក​នូវ​ផ្កាយ​រណប​ចារកម្ម បាន​ផ្ទុះ​ឆេះ​ភ្លាមៗ ក្រោយ​បាញ់​បង្ហោះ​មិន​បាន​ប៉ុន្មាន​នាទី​ផង កាល​ពី​​យប់​ថ្ងៃ​ចន្ទ​ទី​២៧ ខែ​ឧសភា ម្សិលមិញ។ វាគឺ​ជា​ផ្កាយ​រណប​ចារកម្ម​ទី​២ ដែល​លោក គីម ជុងអ៊ុន បាញ់​បង្ហោះ ដើម្បី​​​តាមដាន​នូវ​រាល់​សកម្ម​ភាព​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​សារព័ត៌មាន​ KCNA បាន​ឲ្យ​ដឹង​ថា ការ​បាញ់​ផ្កាយ​រណប តែ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ធ្វើ​​ឡើង​​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​​ជំនួប​​ត្រី​ភាគី​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ​​រវាង​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ចិន។ វា​គឺ​ជា​ករណី​កម្រ​ណាស់ ដែល​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​បញ្ចេញ​សកម្ម​​ភាព​បង្ក​ហេតុ​យ៉ាង​ដូច្នេះ នៅ​ពេល​​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​របស់​ខ្លួន កំពុង​​ចូលរួម​ជំនួប​ការទូត​​​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់​បែប​នេះ។

ផ្កាយរណប​ចារកម្ម​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​គ្រាប់​រ៉ុក្កែត​ថ្មី បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​​​នៅ​ភាគ​ពាយ័ព្យ​​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បាន​ផ្ទុះ​នៅ​ក្នុង​ដំណាក់កាល​​បង្ហោះ​ដំបូង ដោយ​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ម៉ាស៊ីន។ មន្ត្រី​ជំនាញ​ខាង​​លំហ​អវកាស​​កូរ៉េ​ខាង​ជើង បាន​ប៉ាន់ស្មាន​ថា ករណី​លើក​នេះអាច​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ភ្ជាប់​បច្ចេកវិទ្យា​ថ្មីថ្មោង​ប្រភេទ​ប្រើ​ប្រេង​សាំង​លាយ​ជាមួយ​នឹង​​អុកស៊ីហ្សែន​រាវ។ យ៉ាង​ណា​មិញ បញ្ហា​បង្ក​ជាក់​ស្ដែង​និង​ពិត​ប្រាកដ នឹង​ត្រូវ​​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​ស៊ើប​​អង្កេត​បន្ត។

សូម​ជម្រាប​ថា មុន​ការ​បាញ់​បង្ហោះ​រ៉ុក្កែត កូរ៉េ​ខាង​ជើង​បាន​​ជូន​ដំណឹង​ដល់​ប្រទេស​ជប៉ុន​អំពី​គម្រោង​​របស់​ខ្លួន​ផង​ដែរ។ រដ្ឋាភិបាល​ជប៉ុន ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​​ព្រមាន​ដល់​ប្រជាជន​ខ្លួន​នៅ​ក្នុង​តំបន់ Okinawa ឲ្យ​ប្រុង​ប្រយ័ត្ន ដោយ​ជំរុញ​ឲ្យ​ពួក​គេ​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ អគារ ឬ​កន្លែង​មាន​សុវត្ថិភាព ជៀស​វាង​​គ្រោះថ្នាក់​អាច​បណ្ដាល​មក​ពី​​​រ៉ុក្កែត​កូរ៉េ​ខាង​ជើង។ ការ​ព្រមាន​នេះ ឥលូវ​ត្រូវ​​បាន​ដក​ចេញ​វិញ​ហើយ បន្ទាប់​ពី​​បរាជ័យ​នៃ​ការ​បង្ហោះ​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង។

គួរ​រំឭក​ថា ផ្កាយរណប​ចារកម្ម​ ដែល​ផ្ទុះ​លើក​នេះ គឺ​ជា​​ផ្កាយ​រណប​ដំបូង នៅ​​ក្នុង​គម្រោង​បាញ់​​បង្ហោះ​ផ្កាយរណប​ឲ្យ​បាន​​ចំនួន​៣​បន្ថែម​​ទៀត​ចូល​ក្នុង​លំហ​អវកាស​ សម្រាប់​ឆ្នាំ​២០២៤​របស់​​​លោក គីម ជុងអ៊ុន បន្ទាប់​ពី​​ការ​បាញ់​បង្ហោះ​ផ្កាយរណប​​ទទួល​បាន​ជោគជ័យ ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ។ មុន​​ទទួល​ជោគជ័យ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នេះ​ទៀត​សោត កូរ៉េ​ខាង​ជើង​ក៏​ធ្លាប់​បរាជ័យ​​​២​លើក​រួច​មក​ហើយ​​នៅ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​​ចូល​​គន្លង​​អវកាស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម