ចិញ្ចឹមមិនអត់ប្រយោជន៍ទេ! សេកមួយក្បាលជួយម្ចាស់វាឲ្យរួចពីការស្លាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចិញ្ចឹមមិនអត់ប្រយោជន៍ទេ! សេកមួយក្បាលជួយម្ចាស់វាឲ្យរួចពីការស្លាប់

Published

on

បុរសជនជាតិអូស្រ្តាលីម្នាក់និយាយថា គាត់អាចរួចផុតពីហេតុការណ៍ភ្លើងឆេះផ្ទះពេលយប់ជ្រៅ បន្ទាប់ពីសត្វសេកចិញ្ចឹមរបស់គាត់បានដាស់គាត់ឲ្យភ្ញាក់ពីដំណេក ។

លោក Anton Nguyen បានដេកលក់នៅពេលផ្ទះ ២ ជាន់របស់គាត់បានឆាបឆេះនៅទីក្រុង Brisbane រដ្ឋ Queensland នៅថ្ងៃពុធនេះ ។

លោកបានប្រាប់សារព័ត៌មាន ABC ថា “ខ្ញុំបានឮសម្លេងក្ដុងក្ដាំង ហើយសេករបស់ខ្ញុំឈ្មោះ Eric បានចាប់ផ្តើមស្រែកទើបធ្វើឲ្យខ្ញុំភ្ញាក់ឡើង ហើយខ្ញុំបានធុំក្លិនផ្សែង ។ ខ្ញុំបានចាប់ Eric ហើយបើកទ្វារ និងក្រឡេកមើលទៅខាងក្រោយផ្ទះ ហើយឃើញអណ្តាតភ្លើង ដូច្នេះខ្ញុំក៏ស្ទុះលោតចុះទៅជាន់ក្រោម” ។

នៅពេលដែលក្រុមពន្លត់អគ្គិភ័យបានមកដល់នៅម៉ោងប្រហែល ១ រំលងអធ្រាត្រ ផ្ទះនោះត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងទៅហើយ ខណៈដែលអ្នកពន្លត់អគ្គិភ័យ ៤ នាក់បានប្រើពេលមួយម៉ោងដើម្បីពន្លត់ភ្លើងនៅជាយក្រុង Kangaroo Point ។

លោក Nguyen ដែលរស់នៅក្នុងផ្ទះនោះតែម្នាក់ឯងបាននិយាយថា គាត់បានរត់គេចជាមួយបក្សី និងកាបូបលុយ ហើយមិនមានរងរបួសនោះទេ ។

លោក Cameron Thomas អធិការរងសេវាកម្មពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាននិយាយថា សេកពណ៌បៃតងបានស្រែកហៅលោក Anton Nguyen ម្តងហើយម្តងទៀតដើម្បីបង្កើនការជូនដំណឹង ។

លោកបាននិយាយថា “ក្នុងផ្ទះនោះក៏មានឧបករណ៍បឺតផ្សែងផងដែរ ប៉ុន្តែសត្វសេកនោះបានជូនដំណឹងមុនពេលឧបករណ៍បឺតផ្សែងបានធ្វើសកម្មភាព” ។

គួរបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះគេមិនទាន់ដឹងនោះទេ ហើយនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម