Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​ជិត ២ពាន់​នាក់ ស្លាប់​រៀងរាល់​ថ្ងៃ ដោយ​សារ​ការ​បំពុល​ខ្យល់

បានផុស

នៅ

កុមារ​ចំនួន​ជិត ២០០០​នាក់ ត្រូវ​បាន​ស្លាប់ ជា​រៀងរាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព ដែល​​កើត​ឡើង​​ព្រោះ​តែ​​ការ​បំពុល​ខ្យល់​អាកាស។ នេះ​បើ​យោង​តាម​​របាយការណ៍​​ស្រាវជ្រាវ​​​​​របស់​វិទ្យាស្ថាន Health Effects របស់​​​សហរដ្ឋ​អាមេរិក ក្រោម​​កិច្ច​​សហការ​ជាមួយ​អង្គការ​យូនីសេហ្វ​​ ទៅ​លើ​តំបន់ និង​​​​ប្រទេស​ចំនួន​ជាង ២០០ នៅ​ទូទាំង​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​​​ស្រាវជ្រាវ បាន​បង្ហាញ​ថា ការ​បំពុល​ខ្យល់ គឺ​ជា​ឃាតករ​លាក់​មុខ​​ដ៏​សាហាវ​​​​លំដាប់​ទី​២ ដែល​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​មុន​អាយុ​​​ច្រើន​​ជាង​គេ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​​​ជំងឺ​លើស​សម្ពាធ​ឈាម។ នៅ​ក្នុង​ឆ្នាំ​២០២១ មាន​មនុស្ស​ស្លាប់​ប្រមាណ ៨,១​លាន​នាក់ បន្ទាប់​ពី​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​​​ការ​បំពុល​ខ្យល់ ហើយ​ជា​ពិសេស​នោះ​គឺ​ក្មេង​ៗ​តែ​ម្ដង ដែល​ងាយ​រង​គ្រោះ​ជាង​គេ​បំផុត។ ក្នុង​ចំណោម​ករណី​ស្លាប់​​សរុប មាន​​កុមារ​​ច្រើន​ជាង ៧០​ម៉ឺន​នាក់ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ។

ក្នុង​របាយការណ៍​ដដែល ក៏​បាន​​បញ្ជាក់​ដែរ​ថា ច្រើន​ជាង​៥០​ម៉ឺន​ករណី បាន​​បាត់​បង់​ជីវិត​ដោយសារ​​ការ​ចម្អិន​ម្ហូប​អាហារ​នៅ​ក្នុង​ផ្ទះ តាម​រយៈ​ការ​ប្រើប្រាស់​​ចំហេះ​ឥន្ធនៈ​​កង្វក់​ ដូចជា ធ្យូង ឈើ ឬ​ក៏​លាមក​សត្វ ហើយ​ភាគ​ច្រើន​​កើត​ឡើង​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក។ យ៉ាង​ណា​មិញ តួ​លេខ​នេះ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង ៥០% រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០ ក៏​ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​វិធី​​ចម្អិន​ទំនើប​ជាង​មុន ដែល​មិន​បង្ក​ជា​ផ្សែង​ពុល​ប៉ះពាល់​សុខភាព។

​ស្ទើរ​តែ​មនុស្ស​គ្រប់​គ្នា​ទៅ​ហើយ ដែល​​ស្រូប​យក​ខ្យល់​អាក្រក់​​ជា​រៀងរាល់​ថ្ងៃ។ ជាង ៩០% នៃ​ការ​ស្លាប់​ដោ​យ​ការ​បំពុល​ខ្យល់ កើត​ឡើង​ព្រោះ​តែ​ការ​ស្រូប​យក​​សារធាតុ​បំពុល​ខ្យល់​តូចៗ​ដែល​គេ​ហៅ​ថា PM2.5។ ការ​ស្រូប​យក PM2.5 ក្នុង​បរិមាណ​ច្រើន បាន​បង្កើន​នូវ​អត្រា​កើត​មាន​ជំងឺ​មហារីក​សួត ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ជំងឺ​​ផ្សេងៗ​ទៀត​ជា​ច្រើន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម