ព័ត៌មានអន្ដរជាតិ
កសិករថៃជាច្រើន ក្លាយជាអ្នកមានលុយរាប់លានដុល្លារ ក្រោយនាំចេញទុរេនទៅចិន
កសិករថៃ និងឈ្មួញនាំចេញទុរេនជាច្រើននាក់ បានបង្កើនចំណូលរបស់ពួកគេដល់ខ្ទង់រាប់លានដុល្លារឯណោះ ក្រោយពីអាចឆក់ឱកាសនាំចេញស្ដេចផ្លែឈើមួយប្រភេទនេះយកទៅលក់នៅលើទីផ្សារប្រទេសចិន ខណៈតម្រូវការនៅទីនោះកំពុងហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។

ថៃ ស្ថិតនៅលើកំពូលតារាងជាអ្នកផ្គត់ផ្គង់ ដែលនាំចេញទុរេនច្រើនជាងគេចូលក្នុងទីផ្សារប្រទេសចិន។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ ចិនបាននាំចូលទុរេនស្រស់ពីក្រៅប្រទេសចំនួន ២០២ ៥០០តោន ហើយក្នុងនោះ ៦០% មានប្រភពចេញពីប្រទេសថៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English ការនាំចេញទុរេនរបស់ថៃ បានកើនសន្ទុះគួរឲ្យកត់សម្គាល់ខ្លាំង ដោយមានកំណើនដល់ ១៨០% នៅក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០២៣ ថៃនាំចេញទុរេនបានចំនួន ១,៤លានតោន ខណៈការដាំដុះក៏បានកើនឡើងចំនួន ៨០% ផងដែរ។
ទុរេនដែលលក់ទៅចិន បានបង្កើតចំណូលឲ្យថៃចំនួន ៣,៧៥ពាន់លានដុល្លារ កាលពីឆ្នាំមុន។ បើធៀបនឹងទិន្នន័យកាលពីឆ្នាំ២០១២ វាបញ្ជាក់ពីកំណើនដ៏ច្រើនសន្ធឹកបំផុតសម្រាប់ទីផ្សារនាំចេញទុរេនថៃ ដែលកាលពី១២ឆ្នាំមុន អាចនាំចេញក្នុងទំហំទឹកប្រាក់ត្រឹមតែ ១២៨លានដុល្លារប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានខែ នាឆ្នាំ២០២៤នេះ ថៃបានកើបប្រាក់ពីចិន នៅក្នុងការនាំចេញទុរេន បានចំនួន ២,៤ពាន់លានដុល្លារ កើនឡើងប្រមាណ ៣ ទៅ ៤% បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ ក្រុមឈ្មួញនាំចេញទុរេន បានបង្ហាញក្ដីសង្ឃឹមថា តួលេខនេះនឹងបន្តកើនឡើងបន្ថែមទៀត សម្រាប់រយៈពេល៥ឆ្នាំខាងមុខ បន្ទាប់ពីរសជាតិដ៏ពេញនិយមរបស់ផ្លែឈើដែលមានក្លិនឈ្ងុយឈ្ងប់នេះ បានទាក់ទាញប្រជាជនចិនកាន់តែច្រើនឡើងៗឲ្យចូលចិត្ត និងចង់សាកចង់ដឹងពីរសជាតិរបស់វា។

កំណើននៃការចូលចិត្តទុរេនរបស់ជនជាតិចិននេះហើយ បានធ្វើឲ្យជីវភាពកសិករថៃជាច្រើនប្រែជាប្រសើរឡើងលើសពីការរំពឹងទុក។ ជាឧទាហរណ៍ជាក់ស្ដែងដូចជា លោក Apichet Chitfour ដែលបានបោះបង់ការងារជាអ្នកបច្ចេកទេសតាមរោងចក្រកាលពី២៩ឆ្នាំមុន បានបណ្ដាក់ទុនវិនិយោគលើជំនួញទុរេន ជាមួយភរិយារបស់គាត់ឈ្មោះ Kanjana ដែលជាអ្នកលក់ដូរផ្លែឈើមួយរូប។ ការប្រថុយប្រថាននេះ បានហុចផលឲ្យប្ដីប្រពន្ធលោក Apichet នូវចំណូលដ៏ច្រើនលើសលុប រហូតដល់អាចបើកក្រុមហ៊ុននាំចេញទុរេនទៅក្រៅប្រទេស និងរកចំណូលបានខ្ទង់រាប់លានដុល្លារ។ លោក Apichet ដែលជាម្ចាស់ក្រុមហ៊ុន Rachadurian ធ្លាប់ផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានថៃ The Nation ថា “ខ្ញុំមិនដែលធ្លាប់គិតថា ខ្ញុំអាចឈានដល់កម្រិតនេះទាល់តែសោះ។ កាលដើមឡើយ នៅពេលយើងបោះដុំ យើងទទួលបានចំណូលត្រឹមចន្លោះពី ១០០បាត ទៅ ៥០០០បាតប៉ុណ្ណោះក្នុង១ថ្ងៃ។ នៅពេលយើងប្ដូរទៅទីផ្សារកាន់តែធំឡើង យើងអាចបង្កើតចំណូលដល់ ១០ម៉ឺនបាត។ ឥលូវនេះ បង្កើតបានជំនួញនាំចេញផ្ទាល់ខ្លួន យើងមិនត្រឹមតែអាចរកបានរាប់លានបាតនោះទេ ប៉ុន្តែកើនឡើងដល់រាប់រយលានបាតឯណោះ”។
ក្រុមហ៊ុន Rachadurian អាចនាំចេញទុរេនក្នុងទំហំទឹកប្រាក់ជាង ២,៧លានដុល្លារ ក្នុង១ឆ្នាំ កាលពីអំឡុងរាតត្បាតជំងឺកូវីដ១៩៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


