ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសមិនជាប់ពាក់ព័ន្ធនឹងរឿងបំផ្ទុះឧបករណ៍ទាក់ទងដំណាលគ្នានៅទូទាំងលីបង់
ក្រោយកើតមានហេតុការណ៍ផ្ទុះឧបករណ៍ទាក់ទងដំណាលគ្នានៅលីបង់ ហើយបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសរាប់ពាន់នាក់កាលពីថ្ងៃទី១៧ខែកញ្ញា សហរដ្ឋអាមេរិកបានចេញមុខប្រកាសថា ខ្លួនមិនបានដឹងមុន ឬក៏ជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំអាចប្រាប់អ្នកថា សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងរឿងនេះទេ សហរដ្ឋអាមេរិកមិនបានដឹងអំពីឧប្បត្តិហេតុនេះជាមុន ហើយនៅពេលនេះ យើងកំពុងប្រមូលព័ត៌មាន»។
លោក Miller បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការសង្ស័យដែលរីករាលដាលថាការបំផ្ទុះត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល ដែលតែងតែមានការប៉ះទង្គិចប្រដាប់អាវុធជាមួយក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា លើអ៊ីស្រាអែលដោយសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយផ្សេងទៀតគឺក្រុមហាម៉ាស។
ការផ្ទុះនេះ បានកើតឡើងបន្ទាប់ពីមានកិច្ចពិភាក្សាការទូតឯកជនរយៈពេលជាច្រើនសប្ដាហ៍ដោយសហរដ្ឋអាមេរិក ដើម្បីបង្អាក់ការសងសឹកទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការសម្លាប់ប្រមុខដឹកនាំរបស់ក្រុមហាម៉ាសគឺលោក Ismail Haniyeh ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់កាលពីចុងខែកក្កដា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា៖ «យើងនឹងជំរុញឲ្យអ៊ីរ៉ង់មិនត្រូវទាញយកផលប្រយោជន៍ពីឧប្បត្តិហេតុណាមួយ ដើម្បីព្យាយាមបន្ថែមអស្ថិរភាព និងបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ឡើយ។ យើងចង់ឃើញដំណោះស្រាយការទូតចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា»។
សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល និងជាសត្រូវរបស់អ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩បានផ្តួលរំលំរាជវង្ស Shah របស់អ៊ីរ៉ង់ ដែលដឹកនាំប្រទេសតាមរបៀបលោកខាងលិច។
សូមបញ្ជាក់ថា មនុស្សចំនួន៩នាក់ ត្រូវស្លាប់ និងជិត៣ ០០០នាក់រងរបួសនៅលីបង់ ខណៈឧបករណ៍ទាក់ទង ឬប៉េកឺ (Pager) ដែលប្រើដោយក្រុមហេសបូឡា ផ្ទុះដំណាលគ្នា សឹងទូទាំងប្រទេស ហើយក្រោយហេតុការណ៍នេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ។ ពាក់ព័ន្ធការផ្ទុះនេះដែរ អ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទងឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង។
ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រីលីបង់ Najib Mikati អះអាងថា ការផ្ទុះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពលីបង់៕
ដោយ៖ ឈាង
ចុចអាន៖ ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


