គណៈកម្មាធិការសុខភាពជាតិចិន (NHC) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានចាក់វ៉ាក់សាំងកូវីដបានចំនួន១០២លានដូសហើយ គិតត្រឹមថ្ងៃទី២៧ខែមីនា។
ចំណែកការផ្គត់ផ្គង់ទូទាំងពិភពលោកនូវវ៉ាក់សាំងចាក់ពីរដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន បានកើនលើស១០០លានដូសហើយ។ ប្រទេសនិងតំបន់ចំនួន៥០ បានអនុម័តការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់។
លោក Wu Liangyou អនុប្រធានការិយាល័យគ្រប់គ្រងជំងឺរបស់ NHC បាននិយាយថា ប្រទេសចិនបាននិងកំពុងពង្រីកផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដើម្បីកសាងប្រព័ន្ធការពារភាពស៊ាំកាន់តែទូលំទូលាយ។
ផែនការនេះ ផ្តោតលើក្រុមសំខាន់ៗរួមទាំងប្រជាជនដែលរស់នៅក្នុងទីក្រុងធំឬមធ្យម, ទីក្រុងកំពង់ផែឬតំបន់ព្រំដែន, បុគ្គលិកសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ, និស្សិតមហាវិទ្យាល័យនិងសាស្ត្រាចារ្យ, និងបុគ្គលិកផ្សារទំនើប។ មនុស្សដែលមានអាយុលើសពី៦០ឆ្នាំឬមានជំងឺរ៉ាំរ៉ៃ ក៏អាចទទួលបានការការពារពីវីរុសផងដែរ។
លោក Wang Huaqing ប្រធានជំនាញផែនការចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលចិនសម្រាប់ការគ្រប់គ្រងនិងការពារជំងឺ បានណែនាំក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងដូសទី២ ត្រូវតែចាក់ក្នុងរយៈពេលចន្លោះពី៣ទៅ៨សប្តាហ៍ បន្ទាប់ពីការចាក់លើកទី១។
លោក Wang និយាយថា ប្រជាជនត្រូវបានគេណែនាំឲ្យទទួលវ៉ាក់សាំងតែមួយ ចំនួនពីរដូស។ អ្នកដែលមានសិទ្ធិចាក់វ៉ាក់សាំង គួរតែទទួលបានការចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតភាពស៊ាំរបស់ពួកគេ។
ស្របពេលជាមួយគ្នានោះ លោក Zhang Yuntao អនុប្រធានក្រុមហ៊ុនចិន National Biotec Group ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Sinopharm បានលើកឡើងថា វ៉ាក់សាំង Sinopharm បានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង១០ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងតំបន់ដទៃទៀត។
លោក Zhang និយាយថា ការធ្វើតេស្តបន្ថែមទៀតកំពុងដំណើរការទាក់ទងនឹងវីរុសបំប្លែងខ្លួន ដែលត្រូវបានរកឃើញនៅក្នុងប្រទេសប្រេស៊ីលនិងស៊ីមបាវ៉េ។ ទិន្នន័យស្រាវជ្រាវលើកុមារដែលមានអាយុពី៣ទៅ១៧ឆ្នាំបានបង្ហាញលទ្ធផលដូចការរំពឹងទុក ពោលវាបង្ហាញថា ក្រុមនេះអាចត្រូវបានដាក់បញ្ចូលទៅក្នុងផែនការចាក់វ៉ាក់សាំងនាពេលអនាគត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CCTV
ចុចអាន៖ សម្តេចតេជោ ហ៊ុន សែន៖ ផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា ធ្វើឡើងដោយគ្មានការរើសអើងនិន្នាការនយោបាយ