Connect with us

ព័ត៌មានអន្ដរជាតិ

​ផែថងថាន​ ​​ត្រៀម​ប្តូរ​រដ្ឋមន្ត្រី​​ការពារ​ជាតិ​ ក្នុងការរុះរើ​គណៈរដ្ឋមន្ត្រីថ្មី

បានផុស

នៅ

​​លោកស្រី ផែថងថាន ​ស៊ីណាវ៉ាត្រ ​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កាន់​អំណាច​​បាន​​រយៈពេល​១០ខែ​ ត្រៀមប្តូរ​​សមាសភា​ព​​គណៈរដ្ឋមន្ត្រីថ្មី ក្នុងការ​​​​រុះ​រើ​​ក្នុង​ពេលខាងមុខ​នេះ ​ដោយ​ប្តូរ​រដ្ឋមន្ត្រីមួយចំនួន ជាពិសេស​លើក​​មន្ត្រីជាន់ខ្ពស់​​យោធា​ជា​រដ្ឋមន្ត្ត្រីការពារ​​ជាតិ​ និង​ឱបក្រសោប​យក​​​ក្រសួងមហា​ផ្ទៃ​​​​​​វិញ​​។

​ផែថងថាន ស៊ីណាវ៉ាត្រ ជួប​តំណាងគណបក្ស​ក្នុងរដ្ឋាភិបាលចម្រុះ​កាលល្ងាច​ថ្ងៃអាទិត្យ​។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាព​ចម្រូង​ចម្រាស​ក្នុងរដ្ឋាភិបាលចម្រុះ​​បាន​ផ្ទុះ​ឡើង​យ៉ាងខ្លាំង​​​ក្នុង​មួយសប្តាហ៍​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​មានការ​បែក​ធ្លាយ​​សារសំឡេង​សន្ទនា​រវាង​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និង ​សម្តេច​​តេជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ជុំវិញ​​ជំហរនៃ​ការ​បើក​ព្រំ​ដែន​​រវាង​ប្រទេសទាំងពីរ ដែលយោធា​ថៃ​បាន​​​ចេញ​បញ្ជាឲ្យ​បិទ​ជា​ឯកតោភាគី ធ្វើ​ឲ្យប៉ះពាល់​ដល់​រំហូរ​​ទំនិញ​ឆ្លង​កាត់ប្រទេសទាំងពីរ និងឆ្លងកាត់​ទៅកាន់​ប្រទេសទី​៣​ទៀតផង។

ក្រោយ​ការ​បែក​ធ្លាយសារសំឡេង​ចរចា​​នោះ​ត្រឹមតែ​មួយថ្ងៃ​ គណបក្ស​ Bhumjaithai ដែល​មាន​​អាសនៈសភា​៦៩​ មិនត្រឹមតែ​បានប្រកាស​ដកខ្លួន​​ពីរដ្ឋាភិបាល​ចម្រុះ​ដែល​ធ្វើឲ្យ​រដ្ឋាភិបា​ល​នេះ​ស្ទើរ​តែ​ជួប​វិបត្តិប៉ុណ្ណោះទេ​ និង​ថែមទាំង​ទាមទារ​ឲ្យ​​​​ នាយករដ្ឋមន្ត្រី ផែថងថា​ន ចេញ​មុខ​ទទួលខុសត្រូវ​​​ដោយ​ការ​លាលែងពីតំណែងទៀត​ផង​។​

​​មុន​ការ​លាលែង​របស់​គណបក្ស​​ Bhumjaithai រដ្ឋាភិបាល​ចម្រុះ​​ថៃ​ទាំង​១១​គណបក្ស​មាន​​សមាជិក​សភាសរុប​​ ៣២៤​ នៃ​ចំនួន​សមាជិក​សភា​សរុប​​៤៩៥​​ ហើយ​ក្រោយ​ការដកខ្លួន​ចេញ​ពី​រដ្ឋាភិបាលចម្រុះ ធ្វើ​ឲ្យសមាជិកសភា​​​នៃ​បក្ស​ក្នុងរដ្ឋាភិបាល​មានត្រឹមតែ​ ២៥៥​ប៉ុណ្ណោះ​ ដែលស្ទើរ​តែ​ផុត​សុពលភា​រដ្ឋាភិបាល​ទៅហើយ។

​ប៉ុន្តែ​ក្រោយ​ការ​ជួប​ប្រជុំ​​​នៅល្ងាច​ថ្ងៃអាទិត្យ​ជាមួយ​​គណបក្ស​​​ក្នុង​រដ្ឋាភិបានចម្រុះ​ដែល​​មិន​បាន​ប្រកាស​ដកខ្លួន លោកស្រី​ ផែថងថាន ​បានបង្ហាញ​ពី​ការរួបរួម​ជាមួយ​​គណបក្ស​​​ដែល​បន្ត​នៅ​ក្នុងរដ្ឋាភិបាល​ចម្រុះ ដោយ​​បង្ហាញ​ពី​​ការ​ផ្លាស់ប្តូរ​សមាសភា​ព​ក្នុងរដ្ឋាភិបាលចម្រុះ​មួយចំនួន។

​ក្នុងការ​ផ្លាស់ប្តូរ​សមាជិក​គណៈរដ្ឋមន្ត្រី​នោះ ​លោកស្រី​​ នៅតែ​បន្តដឹកនាំ​រដ្ឋាភិបាល​ ទោះ​បី​មានសម្ពាធ​ឲ្យ​មាន​ការ​លាលែងអំពីអំណាច​ រួម​ជាមួយ​ផែនការ​តែងតាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ឱ្យ​ដឹកនាំ​ក្រសួង​ការពារជាតិ ខណៈរដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិបច្ចុប្បន្ន លោក Phumtham Wechayachai ​នឹងទៅ​កាន់ដំណែង​​រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​ដកហូត​ពី​ លោក Anutin Charnirakul ប្រធានគណបក្ស​ Bhumjaithai។

​មន្ត្រី​យោធា​ជាន់​ខ្ពស់​​ ៣​រូប​នឹងត្រូវ​​​យក​មកកាន់​​ក្រសួងការ​ពារជាតិដែលត្រូវ​បាន​គេ​រំពឹងទុក គឺ​មាន នាយ​ឧត្តមសេនីយ៍ Nattapol Nakpanit ជាឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី និង ​អនុរដ្ឋមន្ត្រី ២រូប មាន​ ឧត្តមសេនីយ៍ Sunai Prapuchanay និង ឧត្តមសេនីយ៍ Supot Malaniyom។​

​សារព័ត៌មាន​ថៃ The Nation ​​បានរាយការណ៍ថា ការបង្ហាញការរួបរួមនេះ បានកើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងសម្រាប់ភាគីផ្សេងទៀត ឱ្យចាកចេញពីក្រុមចម្រុះ និងអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ជុំវិញការបែកធ្លាយវីដេអូឃ្លីបនៃការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម