Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ មីស៊ីល​លឿន​ជាង​សំឡេង​ថ្មី​របស់​រុស្ស៊ី ​កំពុង​ប្រតិបត្តិការ​ និង​ត្រៀម​ដាក់​ពង្រាយ​នៅ​បេឡារុស

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃសុក្រ​ទី​១​សីហា​ថា មីស៊ីល​ល្បឿន​លឿនជាងសំឡេងថ្មី​បំផុត​របស់​ក្រុង​មូស្គូ គឺ Oreshnik ត្រូវ​បានដាក់​ឲ្យ​ចូលបម្រើយោធាជាផ្លូវការ ហើយ​នឹងត្រៀម​ដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស មុនដំណាច់ឆ្នាំ​២០២៥​។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត​៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងជាមួយប្រធានាធិបតីបេឡារុស Alexander Lukashenko ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កោះ Valaam ក្បែរទីក្រុង Petersburg លោក ពូទីន បានបញ្ជាក់​ថា ក្រុម​ដំបូង​នៃ​មីស៊ីល Oreshnik ត្រូវបានផលិត និងបញ្ជូនទៅកាន់យោធារុស្ស៊ី​រួច​រាល់​ហើយ។ មេ​ដឹក​នាំ​រុស្ស៊ី បាន​បន្ថែម​ថា ទីតាំង​ដាក់​ពង្រាយ​នៅ​បេឡារុស ក៏​ត្រូវ​បាន​ជ្រើសរើស​រួច​ផង​ដែរ។

Oreshnik ដែលជាមីស៊ីលបាលិស្ទិក​រយៈចម្ងាយមធ្យម បានបង្ហាញខ្លួនប្រយុទ្ធលើកដំបូងក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៤ ក្នុងអំឡុងការវាយប្រហារលើរោងចក្រផលិតមីស៊ីល​នៅ​ទីក្រុង Dnipro ប្រទេសអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីនិយាយថា មីស៊ីល​នេះអាចផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ហើយធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ១២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែលបង្កការលំបាកដល់ការការពារដែនអាកាសលោកខាងលិចក្នុងការស្ទាក់ចាប់។

លោក ពូទីន បានអះអាងថា ល្បឿនដ៏​លឿន​របស់មីស៊ីល និងសមត្ថភាព​​បំពាក់​ក្បាលគ្រាប់ជាច្រើន អាចធ្វើ​ឲ្យ​ការ​វាយប្រហារធម្មតា ប្រៀបដូច​ជាការបំផ្លិចបំផ្លាញដោយ​គ្រាប់នុយក្លេអ៊ែរ​អ៊ីចឹង​ដែរ។

មេដឹកនាំរុស្ស៊ីក៏បានចេញសារ​ព្រមានដល់អង្គការណាតូ ដោយនិយាយថា ទីក្រុងមូស្គូអាចនឹងប្រើប្រាស់អាវុធដូចជា Oreshnik ហួសពីទឹកដីអ៊ុយក្រែន ប្រសិនបើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិចត្រូវបានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។

ការដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសបេឡារុស ដែលជាប់ព្រំដែនអ៊ុយក្រែន និងសមាជិកណាតូដូចជា ប៉ូឡូញ ឡេតូនី និងលីទុយអានី ទំនងជាបង្កើនការព្រួយបារម្ភក្នុងចំណោមរដ្ឋាភិបាលលោកខាងលិច។ បេឡារុសបាន​ទទួល​កងទ័ព​រុស្ស៊ី និង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រួច​ហើយ​ក្រោម​កតិកាសញ្ញា​សន្តិសុខ​ឆ្នាំ២០២៣ ដែល​ដាក់​ប្រទេស​នេះ​ឲ្យ​ស្ថិត​ក្រោម​ឆ័ត្រ​នុយក្លេអ៊ែរ​របស់​ក្រុង​មូស្គូ។

លោក Lukashenko ដែលបានគ្រប់គ្រងប្រទេសបេឡារុសតាំងពីឆ្នាំ​១៩៩៤ បានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដី​របស់​ខ្លួន ដើម្បីគាំទ្រការឈ្លានពានអ៊ុយក្រែនឆ្នាំ​២០២២ ហើយបានអះអាងកាលពីខែធ្នូ​ឆ្នាំ​មុន​ថា អាវុធនុយក្លេអ៊ែរ«រាប់សិបគ្រាប់» ត្រូវបានដាក់​ពង្រាយ​នៅក្នុងប្រទេស​បេឡារុស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម