Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ រង​ការ​រិះគន់​ជុំទិស​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ UN អំពី​ផែនការ​​វាយ​យក​ហ្គាហ្សា

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញ​មុខ​ការពារផែនការរដ្ឋាភិបាលរបស់គាត់ក្នុងការដណ្តើមកាន់កាប់តំបន់​ហ្គាហ្សា​ទាំង​ស្រុង ដោយហៅវាថាជា «វិធីល្អបំផុត» ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង ទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានថ្កោលទោសទង្វើនេះថាជាការរំលោភលើច្បាប់អន្តរជាតិក៏ដោយ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៥ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា ការវាយលុកនឹងដំណើរការ«យ៉ាងឆាប់រហ័ស» ហើយមានគោលបំណងរំដោះ​ហ្គាហ្សា​​ពីក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស។ លោកបានបដិសេធការចោទប្រកាន់ដែលថា អ៊ីស្រាអែលកំពុងបង្អត់អាហារ​ប្រជាជនប៉ាឡេស្ទីន ហើយ​លោក​ថែម​ទាំង​​​ចោទប្រកាន់​ទៅ​វិញ​ថា ក្រុមហាម៉ាស​នោះ​ទេ​ដែល​មានចេតនា​បង្អត់​អាហារ​ចំណាប់ខ្មាំងអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ប្រទេសជាច្រើនរួមទាំងចក្រភពអង់គ្លេស បារាំង ដាណឺម៉ាក ក្រិក និងស្លូវេនី បានព្រមានថា ផែនការរបស់អ៊ីស្រាអែល​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង ធ្វើ​​ឲ្យ​វិបត្តិ​មនុស្សធម៌កាន់តែអាក្រក់ និងគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង។

មន្ត្រីអង្គការសហប្រជាជាតិ បានបង្កើនការព្រមានអំពីគ្រោះមហន្តរាយដែលកំពុងកើតឡើង ដោយជំនួយការអគ្គលេខាធិការ UN លោក Miroslav Jenca បាននិយាយថា ការវាយលុកអាចបង្ក​ឲ្យ​មានការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញបន្ថែមទៀត។ ចំណែក​ឯ​លោក Ramesh Rajasingham មកពីការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រកាសថា វិបត្តិភាពស្រេក​ឃ្លានរបស់​ហ្គាហ្សា បានក្លាយ​ជា«គ្រោះ​ទុរភិក្ស»ទៅ​ហើយ។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)

យ៉ាង​ណាមិញ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់អំពីផែនការជំនួយ​ចំំនួន​បីសម្រាប់​ហ្គាហ្សា ដូចជា ការរៀបចំច្រករបៀងសុវត្ថិភាពសម្រាប់ការចែកចាយជំនួយមនុស្សធម៌ ក៏ដូចជាការទម្លាក់​ជំនួយ​តាម​យន្តហោះបន្ថែមទៀតដោយកងកម្លាំងអ៊ីស្រាអែល និងដៃគូផ្សេងទៀត។ ប៉ុន្តែ​​ជាថ្មី​ម្ដង​ទៀត​លោក​​បានស្តីបន្ទោសក្រុម​ហាម៉ាស​ចំពោះការលួចយកជំនួយ និងបណ្តាល​ឲ្យ​ជនស៊ីវិលស្លាប់។ មេ​ដឹកនាំ​អ៊ីស្រាអែល ក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចំពោះការផ្សព្វផ្សាយរូបភាព«ក្លែងក្លាយ» នៃកុមារដែលខ្វះអាហារូបត្ថម្ភ ទោះបីជាអ៊ីស្រាអែលដាក់កម្រិតអ្នកកាសែតបរទេសមិន​ឲ្យ​ចូលទៅក្នុងតំបន់ហ្គាហ្សាក៏ដោយ។

ទន្ទឹម​នោះ សហរដ្ឋ​អាមេរិកដែល​គាំទ្រ​​​អ៊ីស្រាអែល បាន​ចោទ​ក្រុម​ហាម៉ាស​ថា​បាន​អូសបន្លាយ​សង្រ្គាម និង​ច្រាន​ចោល​ការ​អះអាង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ថា​ជា«រឿង​មិន​ពិត»។ លោក ណេតាន់យ៉ាហ៊ូ បានបង្ហើបថា លោកធ្លាប់​បានពិភាក្សាអំពីផែនការ​មួយ​នេះ​ជាមួយ​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រួច​រាល់​ហើយ។

បើ​ក្រឡេក​មើល​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ឯណោះ​វិញ ប្រជាជន​រាប់​ម៉ឺន​​នាក់បាន​ចេញ​តវ៉ា​ប្រឆាំង​នឹង​ផែនការ​របស់​លោក ណេតាន់យ៉ាហ៊ូ ដោយភ័យខ្លាចថា ការវាយលុកនេះនឹងធ្វើ​ឲ្យ​មានហានិភ័យដល់ចំណាប់ខ្មាំង។

សូម​ជម្រាប​​ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថាមានអ្នកស្លាប់​ជា​ជនជាតិប៉ាឡេស្ទីនជាង ៦១ ០០០​នាក់ ក្នុង​នោះ​ ២១៧​នាក់​ត្រូវ​ដាច់​ពោះ​ស្លាប់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែល​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧ខែ​តុលា​ឆ្នាំ​២០២៣ របស់​ក្រុម​ហាម៉ាស ដែល​បាន​សម្លាប់​ជនជាតិ​អ៊ីស្រាអែល ១ ២០០នាក់ និង​ចាប់​ចំណាប់​ខ្មាំង ២៥១នាក់​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម