Connect with us

ព័ត៌មានអន្ដរជាតិ

ជារឿងដ៏កម្រ ប្រជាជននៅភាគខាងត្បូងប្រទេសជប៉ុន មើលឃើញអាចម៍ផ្កាយធ្លាក់ឆេះពេញផ្ទៃមេឃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២០ ខែសីហា អ្នកស្រុកនៅទូទាំងភាគខាងត្បូងប្រទេសជប៉ុនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមើលឃើញដុំភ្លើងដ៏ភ្លឺផ្លេកពេញផ្ទៃមេឃកាលពីយប់ថ្ងៃអង្គារ ។

រូបភាពដែលគេថតបានពេលអាចម៍ផ្កាយកំពុងធ្លាក់។ (រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ថុភ្លឺចម្លែកនេះត្រូវបានគេឃើញនៅលើកោះ Kyushu និង Shikoku នៅវេលាម៉ោង ១១ យប់ដោយមានមនុស្សជាច្រើនថតបាន និងចែករំលែកវីដេអូនៃការមើលឃើញដ៏អស្ចារ្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ្នកជំនាញខាងវិទ្យាសាស្ត្របានបញ្ជាក់ថា ដុំភ្លើងនេះគឺជាអាចម៍ផ្កាយ ដែលបណ្តាលមកពីបំណែកតូចៗនៃអាចម៍ផ្កាយធំ ឬធូលីអវកាសចូលទៅក្នុងបរិយាកាសផែនដី ហើយឆេះឡើង។ លោក Toshihisa Maeda នាយកសារមន្ទីរអវកាស Sendai បានពន្យល់ថា ពន្លឺភ្លឺខ្លាំងរបស់អាចម៍ផ្កាយអាចមើលទៅដូចជាពេលថ្ងៃមួយភ្លែត និងបន្ថែមថាវាអាច​នឹង​ធ្លាក់ចូល​សមុទ្រ​បន្ទាប់​ពី​បាន​ឆេះ​ពេញ​ផ្ទៃ​មេឃ​។

(រូបភាព៖​ Reuters)

ការធ្លាក់អាចម៍ផ្កាយជារឿងធម្មតា ដែលមានរាប់រយរាប់ពាន់អាចម៍ផ្កាយបានធ្លាក់មកផែនដីជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនមិនមាននរណាកត់សម្គាល់ឬមើលឃើញជាក់ស្ដែងនោះទេ ព្រោះវាធ្លាក់លើមហាសមុទ្រ ឬតំបន់ដាច់ស្រយាល ខណៈការមើលឃើញអាចម៍ផ្កាយធ្លាក់នៅប្រទេសជប៉ុនលើកនេះនឹងក្លាយជាការចងចាំដ៏ពិសេស។

អ្នកវិទ្យាសាស្ត្រក៏កត់សម្គាល់ផងដែរថា អាចម៍ផ្កាយធ្លាក់ភាគច្រើនគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែដុំធំៗអាចបណ្តាលឱ្យមានការខូចខាត ដូចជាអាចម៍ផ្កាយ Chelyabinsk ឆ្នាំ ២០១៣ អនៅប្រទេសរុស្ស៊ី ធ្វើឱ្យមនុស្សជាងមួយពាន់នាក់រងរបួស៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម