Connect with us

ព័ត៌មានអន្ដរជាតិ

តើ គីម ជូអេ​ នឹងស្នងតំណែងពីលោក គីម ជុង អ៊ុន?

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reutersនិងភ្នាក់ងារព័ត៌មានផ្សេងទៀត គីម ជូអេ (Kim Ju-Ae) កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រពន្ធរបស់គាត់លោកស្រី Ri Sol-ju ក្លាយជាបុគ្គលម្នាក់ក្នុងចំណោមឥស្សរជនដែលត្រូវបានគេមើលយ៉ាងលេចធ្លោនៅអាស៊ីបូព៌ានាពេលថ្មីៗនេះ និងត្រូវបានគេប៉ាន់ស្មានថានឹងក្លាយជាអ្នកស្ន​ងតំណែងបន្ទាប់។

គីម ជូអេ កូនស្រីលោក គីម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គីម ជូអេ ត្រូវបានគេជឿថាបានកើតនៅចន្លោះឆ្នាំ ២០១២ ឬ ២០១៣ ខណៈដែលថ្ងៃខែឆ្នាំកំណើតនាងត្រូវបានលាក់ជាការសម្ងាត់។ ពិភពលោកបានដឹងអំពីនាងជាលើកដំបូងក្នុងឆ្នាំ២០១៣ នៅពេលដែលអតីតកីឡាករបាល់បោះអាជីពជនជាតិអាមេរិករបស់ NBA លោក Dennis Rodman បាននិយាយថាលោកបានពរកូនស្រីរបស់ គីម ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។

អស់រយៈពេលជិតមួយទសវត្សរ៍ ជូអេ រស់នៅលាក់បាំងពីខ្សែភ្នែកសាធារណៈ ប៉ុន្តែក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នាងបានបង្ហាញខ្លួនជាមួយឪពុកនៅឯការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានហៅនាងថាជា «កូនស្រីជាទីស្រឡាញ់» របស់លោកគីម។​ ក្រោយមកបានដំឡើងឋានៈជា «កូនស្រីជាទីគោរព» ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់មន្ត្រីកំពូលៗ និងមេដឹកនាំជាទីគោរព។ ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួនជាញឹកញាប់នៅឯក្បួនដង្ហែយោធា ការសាកល្បងអាវុធ និងពិធីការទូត ដែលជារឿយៗត្រូវបានបង្ហាញក្នុងឋានៈកិត្តិយសក្បែរឪពុករបស់នាង។

(រូបភាព៖ KCNA)

ភាពលេចធ្លោរបស់នាងបានឈានដល់កម្រិតថ្មីមួយនៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ នេះ គឺនៅពេលដែលនាងបានចូលរួមជាមួយលោក គីម ជុងអ៊ុន ក្នុងការធ្វើដំណើរជាផ្លូវការលើកដំបូងទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមិនធ្លាប់មាន។ ដោយឈរនៅពីក្រោយឪពុកនៅឯក្បួនព្យុហយាត្រាយោធាចិនដែលប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ជូអេ ត្រូវបានគេស្គាល់លើឆាកពិភពលោក។ ការផ្លាស់ប្តូរនេះត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាជាសញ្ញានៃការកើនឡើងតួនាទីរបស់នាងនៅក្នុងការនិទានរឿងនយោបាយរបស់ប្រទេសកូរ៉េខាងជើង។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានកំណត់អត្តសញ្ញាណ ជូអេ នឹងក្លាយជាអ្នកស្នងតំណែងក្នុងចំណោមកូនៗរបស់លោកគីម ទោះបីជាមិនមានគម្រោងស្នងតំណែងផ្លូវការណាមួយត្រូវបានប្រកាសក៏ដោយ។

អ្នក​ជំនាញ​ព្រមាន​ថា ប្រព័ន្ធ​ស្នងតំណែងប្រពៃណី​របស់​កូរ៉េ​ខាង​ជើង​ជា​ធម្មតា​ចង់​ឲ្យ​កូន​ប្រុស​កាន់​អំណាច មិន​មែន​កូន​ស្រី​ទេ ប៉ុន្តែការបង្ហាញខ្លួនម្តងហើយម្តងទៀតរបស់នាងបង្ហាញថា លោក គីម ប្រហែលជាកំពុងរៀបចំខ្លួននាងជាមេដឹកនាំបន្ទាប់នៃត្រកូលគីមដែលកំពុងកាន់អំណាច។

វានៅតែមិនទាន់ច្បាស់ថាតើ គីម ជូអេ នឹងឡើងកាន់អំណាចនៅថ្ងៃណាមួយនោះទេ ប៉ុន្តែការបង្ហាញខ្លួនជាសាធារណៈជាញឹកញាប់របស់នាងក្នុងវ័យកុមារភាពបានជំរុញឱ្យមានការពិភាក្សាអំពីអនាគតមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើងរួចទៅហើយ៕

(រូបភាព៖ KCNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម