Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ប្រឈម​នឹង​ទឹក​ជំនន់​ដ៏​ធំ​នៅ​ថ្ងៃ​ទី​៩-១០ខែ​តុលា

បានផុស

នៅ

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានចេញការព្រមានថា រាជធានីថៃអាចប្រឈមនឹងទឹកជំនន់ដ៏ធំក្នុងអំឡុងថ្ងៃទី៩​ដល់ថ្ងៃទី​១០​ខែតុលា ដោយសារ​តែ​ការកើនឡើងនៃកម្ពស់ទឹក​ក្នុងទន្លេ​ចៅប្រាយ៉ា រួមជាមួយនឹងភ្លៀងធ្លាក់ និងការ​បញ្ចេញ​ទឹក​​​​​ពី​ទំនប់​ទឹក​ខាង​លើ។

ទឹកជំនន់​នៅ​បាងកក​កាល​ឆ្នាំ​២០១១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យធនធានទឹកជាតិរបស់​ថៃ (ONWR) បានព្យាករ​ថា ចាប់ពីថ្ងៃទី៣​ដល់ថ្ងៃទី៦​ខែតុលា កម្ពស់ទឹកនៅតាមដងទន្លេចៅប្រាយ៉ា ទន្លេ​ថាជីន និងទន្លេមេក្លង នឹងកើនឡើង គួបផ្សំជាមួយ​ជំនោរខ្ពស់ ដោយ​អាច​រុញច្រានកម្ពស់ទឹក ១.៧០ ទៅ​ ១.៩០ម៉ែត្រពីលើនីវ៉ូសមុទ្រ ប្រហែល ០.២០ម៉ែត្រលើកម្រិតគ្រោះថ្នាក់។

ទីក្រុងបាងកកមិនទាន់ឃើញមានភ្លៀងធ្លាក់ខ្លាំងនៅឡើយទេ ប៉ុន្តែគេរំពឹងថា ទឹកភ្លៀងនឹងកើនឡើងនៅសប្តាហ៍ក្រោយ។ អភិបាលក្រុង​លោក Chadchart បាននិយាយថា ការ​បញ្ចេញ​ទឹក​ពីទំនប់ទឹកខាងលើ ទំនងជានឹងធ្វើ​ឲ្យ​ស្ថានការណ៍កាន់តែតានតឹងឡើង ដោយបង្កើនកម្រិតទឹកទន្លេចៅប្រាយ៉ា ក្នុងអំឡុងថ្ងៃទី៩-១០​ខែតុលា។ លោក​បាន​ព្រមាន​ថា សង្កាត់​ដែល​ជា​តំបន់​ទំនាប និង​​តាម​មាត់​ទន្លេ​មួយ​ចំនួន​នៅ​ខាង​ក្រៅ​ទំនប់​ធំៗ អាច​នឹង​រង​គ្រោះ​ទឹក​ជំនន់ ឬ​ទឹក​ហូរខ្លាំង។

រដ្ឋបាលក្រុងបាងកក បានរៀបចំបាវខ្សាច់ជាង ២០០ ០០០​បេ រួចហើយ ដើម្បីការពារ​ទំនប់ទឹក និងកន្លែងងាយរងគ្រោះ។

បច្ចុប្បន្ន ទីក្រុងបាងកកកំពុងដោះស្រាយភាពតានតឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងពេលដំណាលគ្នា​នេះ ដូចជា ការ​បាក់ស្រុត​ផ្លូវ​ដែល​បង្កើត​ជា​រណ្ដៅ​ដ៏ធំនៅជិតមន្ទីរពេទ្យ Vajira ដែល​រំខានដល់សេវាកម្ម​សាធារណៈ ចរាចរណ៍ និងបង្កើនការព្រួយបារម្ភបន្ថែមទៀតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យ៉ាង​ណា​មិញ​ លោក Chadchart បានអះអាង​ថា ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ និងប្រព័ន្ធលូក្នុងទីក្រុង កំពុងត្រូវបានដំណើរការរួចហើយ ហើយផែនការនេះត្រូវបានដាក់​ឲ្យ​ដំណើរការដើម្បីកាត់បន្ថយហានិភ័យក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម