Connect with us

សុខភាព

ការ​រក​ឃើញ​ទាន់​ពេល​គឺ​ជា​គន្លឹះ ព្រោះ​មហារីក​ថ្លើម​នៅ​តែ​ជា​បន្ទុក​របស់ប្រជាជន​កម្ពុជា

បានផុស

នៅ

អ្នកជំនាញក្នុងវិស័យសុខាភិបាលនៅកម្ពុជាជំរុញឱ្យពលរដ្ឋទៅពិនិត្យ និង​ទទួល​យក​ការ​ព្យា​បាល​ឱ្យ​បានឆាប់រហ័ស ពាក់ព័ន្ធនឹងជំងឺថ្លើម ដោយជំងឺនេះនៅតែជាមូលហេតុឈានមុខគេ នៃ​ការ​ស្លាប់​ដោយ​សារជំងឺមហារីក។ អ្នកជំនាញបានសង្កត់ធ្ងន់ថា វាមិនមែនជាជំងឺដែល «គ្មានសង្ឃឹម» ក្នុងការព្យាបាល​នោះ​ទេ​ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលភ្លាមៗ បើទោះបីជាមានឧបសគ្គមួយចំនួនដូចជាភាពភ័យខ្លាច ព័ត៌មានមិនពិត ការចំណាយ និងលទ្ធភាពទទួលបានការព្យាបាលនៅមានកម្រិតក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារជំងឺមហារីកថ្លើមនៅតែជាមូលហេតុឈានមុខគេនៃការស្លាប់ដោយសារជំងឺមហារីកនៅប្រទេសកម្ពុជា អ្នកជំនាញសុខាភិបាលកំពុងជំរុញឱ្យពលរដ្ឋមកពិនិត្យដើម្បីរកឃើញឱ្យបានទាន់ពេល និងទទួលការព្យាបាលទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថា ជំងឺនេះមិនមែនជាជំងឺដែល «គ្មានសង្ឃឹម» ព្យាបាលនោះទេ ប្រសិនបើទទួលបានការព្យាបាលឱ្យបានឆាប់។ អ្នកជំងឺ និងក្រុមគ្រួសារយល់ស្របថា ការស្វែងរកការថែទាំទាន់ពេលវេលា និ​ង​ប្រកប​ដោយវិជ្ជាជីវៈ​អាច​ធ្វើ​ឱ្យ​ការព្យាបាល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និងអាចរស់រានមានជីវិតយូរអង្វែង។

ជារៀងរាល់ឆ្នាំ ទិវាថ្លើមពិភពលោក ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមេសា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ជាសកលអំពីជំងឺទាក់ទងនឹងថ្លើម និងលើកកម្ពស់សុខភាពថ្លើម។ ប្រធានបទនៅឆ្នាំនេះ «ទម្លាប់ល្អ ថ្លើមរឹងមាំ» បង្ហាញពីសារៈសំខាន់នៃការអនុវត្តរបៀបរស់នៅដែលជាប់លាប់ ដូចជា​របប​អាហារ​មានតុល្យភាព ការធ្វើលំហាត់ប្រាណទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និង​ការ​ត្រួត​ពិនិត្យជាប្រចាំ ដើម្បីពង្រឹងសុខភាពថ្លើម និងការពារពីជំងឺ។

យោងតាមអង្គការសុខភាពពិភពលោក ជំងឺ​មហារីក​ថ្លើម​នៅ​តែ​ជា​មហារីក​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេបំផុតរបស់កម្ពុជា។ ក្នុងឆ្នាំ២០២២ ករណីមហារីកថ្មីសរុបចំនួន ១៩៧៩៥នាក់ ត្រូវបានកត់ត្រា និង​មានអ្នកស្លាប់ចំនួន​ ១៣៧៩៩នាក់ នៅទូទាំងប្រទេស ដោយ​មហារីកថ្លើម​គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​ដោយសារជំងឺមហារីក រួមជាមួយនឹងជំងឺមហារីកធំៗផ្សេងទៀតដូចជាមហារីកសួត និងមហារីកសុដន់។

មហារីកថ្លើមមានចំនួន ២៣,៧ភាគរយ នៃការស្លាប់ដោយសារជំងឺមហារីកទាំងបុរស និងស្ត្រី។ លើសពីនេះទៀត វាជាជំងឺមហារីកថ្មីទូទៅបំផុតក្នុងឆ្នាំ២០២២ ដែលបង្កើតបាន ២៥,១ភាគរយ នៃករណីថ្មីទាំងអស់។

លោកវេជ្ជបណ្ឌិត រិទ្ធ សុភារិន ឯកទេសព្យាបាលជំងឺមហារីកនិងកាំរស្មី​ និង​ជានាយផ្នែករងនៃផ្នែក​ជំងឺ​មហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា ការធ្វើរោគវិនិច្ឆ័យដំបូង និង​ការ​ព្យាបាល ទាន់​​ពេល​វេលា​នៃជំងឺមហារីកថ្លើម​មានអត្ថប្រយោជន៍​ណាស់​សម្រាប់​អ្នកជំងឺ ដោយ​​កត់​សម្គាល់​ថា ថ្លើម​មាន​មុខងារ​សំខាន់ៗជាច្រើន រួមមាន​ការ​បន្សាប​ជាតិពុល ការផលិតអាល់ប៊ុយមីន និង​រក្សា​ដំណើរ​ការមេតាបូលីស​។​

លោកបានបន្តថា៖«ប្រសិនបើយើងរកឃើញជំងឺនេះទាន់ពេលវេលា មាន​ន័យ​ថា​មុខ​ងារ​ថ្លើម​របស់​អ្នក​ជំងឺ​របស់យើងនៅល្អនៅឡើយ ហើយដុំសាច់គឺមានទំហំតូច វាបង្កើនឱកាសក្នុងការព្យាបាល។​ ជាមួយ​គ្នា​​នេះផងដែរ ការព្យាបាលដូចជាការវះកាត់អាចធ្វើឡើងពេលដុំសាច់នៅតូចបែបនេះ អត្រា​រស់រាន​មាន​ជីវិត​របស់អ្នកជំងឺក៏កើនឡើងទៅតាមនោះផងដែរ»។

លោកបានបន្ថែមថា រោគ​សញ្ញា​ដែល​អាច​កើត​មាន​ជំងឺ​មហារីក​គឺ​នៅមាន​កម្រិត​នៅឡើយ​ក្នុង​ដំណាក់​កាល​​​រកឃើញដំបូងនេះ ដូច្នេះផលវិបាកនៃការព្យាបាលគឺមានតិចតួច ហើយ​អាច​គ្រប់គ្រង​បាន​កាន់​តែ​ងាយ​​ស្រួល​។ នៅក្រោមគោលការណ៍ណែនាំឆ្នាំ២០២៦ ដែលទើបប្រកាសថ្មី អ្នក​ជំងឺ​ក៏​មាន​លទ្ធភាព​ទទួល​បានជម្រើសនៃការព្យាបាលកាន់តែទូលំទូលាយផងដែរ។

អ្នកស្រី លន់ ឆេងលាភ មកពីខេត្តកំពង់ចាម បានពិនិត្យឃើញថា ខ្លួនមានជម្ងឺក្រិនថ្លើម non-B non-C បន្ទាប់ពីរកឃើញថា ថ្លើមរបស់ខ្លួនរីកក្នុងអំឡុងពេលអ្នកស្រីទៅពិនិត្យសុខភាព ដើម្បីរកមើលជំងឺលើសឈាម និងទឹកនោមផ្អែម។ បន្ទាប់ពីទទួលបានដំណឹងថា វាអាចនាំឱ្យកើតជាជំងឺមហារីក​​ អ្នកស្រី​បាន​ស្វែង​រក​ការ​ព្យាបាល​ទាន់ពេល​ ហើយឥឡូវអ្នកស្រីតាមដានសុខភាពរបស់ខ្លួនជាប្រចាំ។

អ្នកស្រី សុជាតា ដែលជាអ្នកមើលថែទាំម្តាយជរាអាយុ៧៤ឆ្នាំ បាននិយាយថា គ្រូពេទ្យ​ក្នុង​តំបន់​បាន​ណែនាំ​ឱ្យ​អ្នកស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីពិនិត្យ និងព្យាបាលបន្ត។

អ្នកស្រី​បាន​បន្ត​ថា​៖ «​យើង​បាន​បន្ត​ការ​ព្យាបាល និង​តាមដាន​តាំងពី​ចុង​ឆ្នាំ​២០២២ រហូត​មក​ដល់​ពេល​នេះ​» ដោយ​បន្ថែម​ថា​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ​ដើម្បី​ណាត់​ជួប​ពិគ្រោះជាមួយគ្រូពេទ្យ​។

យោងតាមការសិក្សាមួយបានឱ្យដឹងថា ជម្ងឺក្រិនថ្លើម non-B non-C (NBNC) គឺ​ជា​កត្តា​មួយដែលអាចវិវត្តទៅជាមហារីកថ្លើម (HCC) ដែលជាប្រភេទទូទៅបំផុតនៃជំងឺមហារីកថ្លើម។

ការសិក្សាមួយអំពី «បន្ទុកជំងឺមហារីកថ្លើមបឋមនៅកម្ពុជា អំឡុងឆ្នាំ១៩៩០-២០២១» ក៏បានកត់សម្គាល់ផងដែរថា មហារីកថ្លើម (HCC) ត្រូវបានជំរុញដោយ «ជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកថ្លើមប្រភេទ C ការទទួលទានអាហារដែលមានជាតិអាហ្វឡាតូស៊ីន ការសេពគ្រឿងស្រវឹង ការធាត់ឡើងទង្ងន់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងការជក់បារី»។

ការរកឃើញនេះក៏ស្នើឱ្យមានការធ្វើទំនើបកម្មប្រព័ន្ធពិនិត្យ រោគវិនិច្ឆ័យ និង​ការ​ព្យា​បាល​ដំបូង​លើ​ជំងឺ​មហារីក​ថ្លើមនេះ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បែងចែក​ធនធាន​វេជ្ជសាស្រ្ត​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​សុខភាពជាបន្តបន្ទាប់ដែលបណ្តាលមកពីមហារីកថ្លើម។

ការស្វែងរកទាន់ពេលវេលា «អ្វីៗនឹងអាចដោះស្រាយបាន»

«​ខ្លាចម្តាយ​ស្លាប់» នេះជាអ្វីដែលអ្នកស្រី សុជាតា និយាយ​ដោយ​លើក​ពី​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​ប្រញាប់​ប្រញ៉ាល់​ទៅ​រក​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ ដោយ​កត់​សម្គាល់​ថា បញ្ហាប្រឈមដ៏​អាក្រក់​បំផុត​នៃ​ជំងឺ​ក្រិន​ថ្លើម​គឺ​ការឡើងតឹងពោះ​ធ្ងន់ធ្ងរ។ «នេះ​ជា​អ្វី​ដែល​យើង​មិន​ចង់​ឃើញ»។

អ្នកស្រីបានកត់សម្គាល់ថា ការព្យាបាលដំបូងបានជួយម្តាយរបស់អ្នកស្រីយ៉ាងខ្លាំង។ បន្ទាប់​ពី​ដឹងថា​ម្តាយ​របស់ខ្លួនមានជម្ងឺក្រិនថ្លើម ពួកគេបានធ្វើការផ្លាស់ប្តូររបៀបរស់នៅ ដូចជា​កាត់​បន្ថយ​អំបិល​ក្នុង​របប​​អាហារ ហើយចាប់ផ្តើមធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត ដើម្បី​ថែរក្សា​សុខភាព​របស់​ម្តាយ​អ្នក​ស្រី​បានប្រសើរជាងមុនវិញ។

អ្នកស្រីបាននិយាយថា៖ «យើងធ្លាប់គិតថា ការកើតជំងឺក្រិនថ្លើមអាចមានន័យថា​ ស្លាប់លឿន ប៉ុន្តែបន្ទាប់ពីមកមន្ទីរពេទ្យ និងស្តាប់ការពន្យល់របស់វេជ្ជបណ្ឌិត យើងមានអារម្មណ៍ធូរស្រាល» ដោយបន្ថែមថា គ្រូពេទ្យបានសង្កត់ធ្ងន់ថា ការព្យាបាលទាន់ពេលវេលា ស្វែងរកការថែទាំភ្លាមៗ នៅពេលដែលរោគសញ្ញាលេចឡើង «អ្វីៗនឹងអាចដោះស្រាយបាន»។

ឧបសគ្គក្នុងការស្វែងរកការព្យាបាលទាន់ពេលវេលា

លោកវេជ្ជបណ្ឌិត ផេង សុធីរ ឯកទេស​ជំងឺ​មហារីក​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បានកត់សម្គាល់ថា មាន​កត្តា​ជាច្រើន​ដែលរារាំង​អ្នកជំងឺមិនឱ្យមកស្វែង​រក​ការព្យាបាលឱ្យ​ទាន់ពេលវេលា។

កត្តាទាំងនោះរួមមាន អ្នកជំងឺជាច្រើនដែលចាត់ទុកជំងឺមហារីកជាជំងឺមិនអាចព្យាបាលបាន បាក់ទឹកចិត្ត ខ្លាចការវះកាត់ និងពឹងផ្អែកលើឱសថបុរាណ ព្រួយបារម្ភអំពីការចំណាយ មិនហ៊ានចែករំលែកស្ថានភាពរបស់ខ្លួនទៅកាន់អ្នកដទៃ និង​ទទួល​បាន​ព័ត៌មានមិនត្រឹមត្រូវនៅលើបណ្តាញទំនាក់ទំនងសង្គម។

ដូចគ្នានេះដែរ លោកជំទាវ វេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករង និង​ជាប្រធានមជ្ឈមណ្ឌលជាតិជំងឺមហារីក និងឈាម នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ក៏បានកត់សម្គាល់ដែរថា អ្នកជំងឺជាច្រើនជឿថា ជំងឺរ​បស់​ពួកគេមិនអាចព្យាបាលបាន។

លោកជំទាវ វេជ្ជបណ្ឌិត បានបន្តថា៖ «ពួកគេក៏មិនដឹងថាវេជ្ជបណ្ឌិតរូបណាដែលពួកគេអាចពិគ្រោះ​ជាមួយបាន ឬ​មន្ទីរពេទ្យមួយណាដែលផ្តល់ការព្យាបាលលើជំងឺមហារីក។ កត្តា​ទាំង​នេះ​បាន​ធ្វើឱ្យពួកគេ​ងាក​ទៅរកការប្រើប្រាស់​ឱសថបុរាណ ដែលណែនាំដោយអ្នកមិនមានជំនាញវិជ្ជាជីវៈ»។

លើសពីនេះ លោកជំទាវ វេជ្ជបណ្ឌិតបានបន្ថែមថា ការ​ព្រួយ​បារម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​គឺ​ជាហេតុផល​ចម្បង​មួយ​ទៀត​ ដោយអ្នកជំងឺជាច្រើនព្រួយបារម្ភពីថ្លៃព្យាបាលជំងឺ ហើយ​មិន​ចង់​ដាក់​បន្ទុក​លើ​គ្រួសារ​របស់​ពួក​គេ​ក្នុង​ការថែទាំ ឬទៅមន្ទីរពេទ្យ។

..ស សម្រួលថ្លៃព្យាបាល

អ្នកស្រី សុជាតា និយាយ​ថា គ្រួសារ​របស់​អ្នកស្រី​ក៏បាន​គិត​ទៅ​រក​ការ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីបានពិគ្រោះជាមួយគ្លីនិកខេត្តរួចមក លោក​វេជ្ជបណ្ឌិត​បាន​ណែ​នាំ​ដល់ក្រុមគ្រួសារថា មន្ទីរពេទ្យកាល់ម៉ែត មានគ្រូពេទ្យជំនាញច្រើន ហើយសមត្ថភាពរបស់មន្ទីរពេទ្យ ក៏​មិន​ខុសគ្នាពីមន្ទីរពេទ្យនៅប្រទេសជិតខាងដែរ។

អ្នកស្រីបានបន្តថា៖ «យើងបានសម្រេចចិត្តព្យាបាលនៅទីនេះ [ក្នុងប្រទេសកម្ពុជា] ហើយ​បន្ទាប់​ពី​ទទួល​​បានការថែទាំ យើងបានទទួលស្គាល់ថាស្តង់ដារ និង​គុណភាព​នៃ​ការ​ព្យាបាល​អាច​ទទួល​យក​បាន​។ សុខភាពរបស់ម្តាយខ្ញុំក៏មានភាពប្រសើរឡើងដែរ»។

ម្តាយរបស់អ្នកស្រី សុជាតា ប្រើបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីព្យាបាល។ អ្នកស្រីបានកត់សម្គាល់ថា កាតនេះបានសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគាត់យ៉ាងច្រើន។

អ្នកស្រីបាននិយាយថា៖ «បើគ្មានវាទេ ថ្លៃថ្នាំ និងកន្លែងស្នាក់នៅនឹងខ្ពស់ជាងនេះ ព្រោះថ្នាំមួយចំនួនមានតម្លៃថ្លៃ» ដោយអ្នកស្រីបានលើកឡើងជាឧទាហរណ៍ពេល​ម្តាយរបស់អ្នកស្រី ត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៦ថ្ងៃ ហើយមិនដឹងថាអាចត្រឡប់ទៅផ្ទះវិញនៅពេលណានោះ។

យោងតាមទិន្នន័យរបស់ ប.ស.ស ចាប់ពីឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ អ្នកជំងឺសរុបចំនួន ១៤៨០០នាក់ បានទទួលការព្យាបាលដោយប្រើបណ្ណ ប.ស.ស ក្នុងនោះមានស្ត្រីចំនួន ៧៦២៣នាក់។ ក្នុងចំណោមនោះ អ្នកជំងឺប្រមាណ ៩៤៩៣នាក់ (ស្រី ៤២៣៦នាក់) បានទទួលសេវាព្យាបាលជំងឺថ្លើម អ្នកជំងឺ ៤៤៩៦នាក់ (ស្ត្រី ៣១៥៧នាក់) ទទួលសេវាព្យាបាលជំងឺមហារីកថ្លើម និង ៨១១នាក់ (ស្ត្រី ២៣០នាក់) ទទួលសេវាព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត។

រក្សា «ក្តីសង្ឃឹម» ហើយស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់

ពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី លី សុផាន់ បាន​ចែក​រំលែក​ដោយ​រំលឹក​ពីរបៀប​ដែល​អ្នកស្រី​ត្រូវបាន​គ្រូពេទ្យ​ធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកថ្លើមប្រភេទ C ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយ​អ្នកស្រីថា៖ «ខ្ញុំគ្រាន់តែអាចលើកទឹកចិត្តខ្លួនឯង និងសង្ឃឹមថានឹងជាសះស្បើយវិញប៉ុណ្ណោះ»។ ក្រោយ​ពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​រយៈពេល​៣​ខែ អ្នកស្រី​បាន​ជា​សះស្បើយយ៉ាងពេញលេញ។ អ្នកស្រី​បាន​និយាយ​ថា​៖«​នៅ​ពេល​ខ្ញុំ​ទៅ​ពិនិត្យ​តាម​ដាន វា​មិន​មាន​មេរោគ​ទៀត​ទេ»​។

ជាមួយគ្នានេះផងដែរ ស្ត្រី​វ័យ ៧០ឆ្នាំ​ រូបនេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​តែងតែ​មាន​ក្តី​សង្ឃឹម ហើយ​មិន​បោះបង់​ឡើយ​។ ប៉ុន្តែ​ បើ​មើលទៅ​មិន​អាច​គេចវេះបាន ខ្ញុំនឹង​ទទួល​យក​ និងប្រឈមនឹងការ​ពិត​នោះ»។​

នៅពេលអ្នកស្រី លី សុផាន់ ដឹងថាខ្លួនឈឺ អ្នកស្រីក៏ប្ដេជ្ញាទៅទទួលការព្យាបាល។ អ្នកស្រី​បាន​និយាយ​ថា ការ​ទទួល​បាន​ការ​ព្យាបាល​មិន​ពិបាក​ទាល់​តែ​សោះ «ខ្ញុំ​បាន​មក​រក​គ្រូពេទ្យ​ដើម្បី​ព្យាបាល ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​ខ្ញុំ​ត្រូវ​ខ្លាច​នោះ​ទេ​»​។

អ្នកស្រីក៏បានលើកទឹកចិត្តដល់អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B ឬ C ស្វែង​រក​ការព្យាបាល​ឱ្យបាន​ឆាប់តាម​ដែលអាចធ្វើទៅបាន។ អ្នកស្រីបាន​បន្ថែម​ថា​៖ «​ត្រូវទៅ​ព្យាបាល​ឱ្យបានទាន់​ពេល​វេលា នោះ​វា​នឹង​មិន​យឺត​ពេល​ទេ»។

មហារីកថ្លើមមិនមែនជាជំងឺដែលអស់សង្ឃឹមមិនអាចព្យាបាលបាននោះទេ

លោកវេជ្ជបណ្ឌិត ផេង សុធីរ បានមានប្រសាសន៍ថា មហារីកថ្លើម​មិនមែនជាជំងឺដែលអស់សង្ឃឹមទេ ប្រសិន​បើរកឃើញទាន់ពេលវេលា និងព្យាបាលបានត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថា ពេល​វេលា​មាន​សារៈ​សំខាន់ណាស់ ព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់ជម្រើសនៃការព្យាបាល និងលទ្ធផល។

លោកក៏បានមានប្រសាសន៍ថា៖ «ការរកឃើញទាន់ពេលវេលា និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​អាច​ជួយ​សង្គ្រោះ​​ជីវិតមនុស្សបាន» ដោយជំរុញឱ្យអ្នកជំងឺជឿជាក់លើវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិតឯកទេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និង​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ផ្តល់​ជា​ព័ត៌មាន​ជាមួយ​គ្រួសាររបស់ពួកគេ ដោយកត់សម្គាល់ថា​ ការ​ទទួល​បាន​ការលើកទឹកចិត្ត​ពី​គ្រួសារ​គឺ​ជាកត្តា​សំខាន់​ក្នុងការថែទាំអ្នកជំងឺ។

ក្រុមហ៊ុន ឱសថ Roche បាននឹងកំពុងសហការ ជាមួយលោកលោកស្រី វេជ្ជបណ្ឌិតផ្នែកមហារីក អ្នកផ្តល់សេវាថែទាំសុខភាព និង ធ្វើការជិតស្និតជាមួយបណ្តារមន្ទីពេទ្យនានា ដើម្បីពង្រឹងលទ្ធភាពទទួលបាន ការព្យាបាលជំងឺមហារីក។ លើសពីនេះទៅទៀតក្រុមហ៊ុន ឱសថ Roche បាននឹងកំពុងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈស្តីអំពីជំងឺមហារីក ក៏ដូចជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបតម្រូវការរបស់អ្នកជំងឺមហារីកនាពេលអនាគត៕

អត្ថបទនេះផ្តល់ដោយក្រុមហ៊ុនRoche។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម