Connect with us

សុខភាព

កុំទុកជំងឺ​ដំបៅ​ក្រពះជាការលេងសើច បើសិនបើមិនការពារទេ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន

បានផុស

នៅ

​ជំងឺ​ដំបៅ​ក្រពះ ជា​ជំងឺ​នៃ​ការបាត់​នូវ​ស្រទាប់​កោសិកា​នៃ​ក្រពះ​។ វា​បណ្ដាលមកពី​ការបាត់​លំនឹង​នៃ​ស្រទាប់​ការពារ​នៃ​ក្រពះ និង​ការបញ្ចេញ​នូវ​អាស៊ីត​ក្រពះ​។ ជំងឺ​នេះ​អាចធ្វើឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ មិនអាច​ធ្វើការ​ងារ​បា​ន និង​អាចធ្វើឲ្យ​បាត់បង់​អាយុជីវិត​។ ការស្វែងយល់​ពី​ជំងឺ​នេះ អាចជួយ​ឲ្យ​យើង​ទប់ស្កាត់​នូវ​ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​ចំបង ២ ដែល​អាចឲ្យ​មាន​ដំបៅ​ក្រពះ​៖

១) មេរោគ​ក្រពះ (​មេរោគ Helicobater Pylori):

​មាន​ច្រើន​ទៅលើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ប្រទេស​ទាំងនេះ ភាព​មាន​អនាម័យ​នៅមាន​ក​ម្រិ​ត​នៅឡើយ ដែល​អាច​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​។ ពេលដែល​អ្នកជំងឺ​បរិភោគ​អាហារ​ ដែលមាន​មេរោគ​នេះ​ចូល​ទៅក្នុង​ក្រពះ មេរោគ​នោះ​នឹង​ទំ​នៅលើ​កោសិកា​ក្រពះ បន្ទាប់​មកវា​ធ្វើឲ្យ​មាន​ការបញ្ចេញ​នូវ​អាស៊ីត​ក្រពះ​ជាច្រើន និង​ធ្វើឲ្យ​មានការ​រលាក​ក្រពះ ដែល​យូរៗ​ទៅធ្វើ​ឲ្យ​មាន​ជា​ដំបៅ​ក្រពះ​។ បើ​មិនមាន​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ វា​អាច​បង្កឲ្យ​មាន​ជំងឺមហារីក​ក្រពះ​។

២) ថ្នាំ​ឈឺសន្លាក់​:

​ការប្រើ​ថ្នាំ​ឈឺសន្លាក់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាចធ្វើឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះថ្នាំ​នេះ​ធ្វើឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយចុះ ដែល​អាចអោយ​អាស៊ីត​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​កោសិកា​របស់​ក្រពះ​។ បើ​អ្នកជំងឺ​ដំបៅ​ក្រពះ​នៅតែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត នឹង​អាចធ្វើឲ្យ​មានការ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាចធ្វើឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត បើ​មិនបាន​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។​

​ខ​) រោគសញ្ញា​៖

​ជាទូទៅ​ជំងឺ​នេះ​ស្តែងចេញ​នូវ​អាកា​រៈ​ដូចខាងក្រោមៈ​

– ឈឺចាប់​ពោះ​ផ្នែក​ចុងដង្ហើម ឬ​ផ្នែក​ខាងស្តាំ​ខាងលើ​

– ឈឺចាប់​នៅ​ផ្នែក​ខាង​ខ្នង ឬ​បោះដៃផុត​

– ឈឺ​នៅពេល​ឃ្លាន ហើយ​ថយ​ការឈឺចាប់​ពេល​ទទួលទាន​អាហារ​រួចហើយ​

– អាច​មានការ​ក្អួតចង្អោរ​

– មាន​អារ​ម្ម​ណ៍​ថា​ពិបាក​ក្នុង​ការរំលាយ​អាហារ​

​អ្នកជំងឺ​អាចមាន​មេរោគ​សញ្ញា ឬ​គ្មាន​រោគសញ្ញា ជួនកាល​អ្នកជំងឺ​អាច​ដឹងថា​មាន​បញ្ហា​ដំបៅ​ក្រពះ ដោយសារ​មាន​ផលវិបាក​ដូចជា ការហូរ​ឈាម ឬ​ការ​ធ្លាយ​ក្រពះ ។​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការឆ្លុះ​ក្រពះ (Gastroscopy) ជា​វិធី​ដ៏​ល្អ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ដំបៅ​ក្រពះ ហើយ​អាច​ច្រឹប​យក​បំណែក​តូច​នៃ​កោសិកា​ត្រង់​ដំបៅ​ក្រពះ ឬ​កោសិកា​ល្អ​ដើម្បី​ធ្វើការ​វិភាគ​កោសិកា​នោះ ថា​ជា​ដំបៅ​ក្រពះ​ធម្មតា ឬ​ដំបៅ​មហារីក ហើយ​អាច​រក​មេរោគ​ក្រពះ​ទៀត​បាន​ដោយ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ អ្នកជំងឺ​អាចធ្វើ​ការឆ្លុះ​ក្រពះ ដោយ​មិន​ដាក់​ថ្នាំ​សណ្តំ ឬ​ដាក់​ថ្នាំ​សណ្តំ ។​

​ឃ​) ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ មាន ២ ធំៗ​៖

– ការ​ហូរឈាម​ក្រពះ​: ស្តែងឡើង​ដោយមាន​ការ​ក្អួត​ឈាម​, បន្ទោ​របង់​លាមក​មាន​ឈាមខ្មៅ​, ស្លេកស្លាំង​, វិលមុខ ។​ល​។ ក្នុងករណីនេះ អ្នកជំងឺ​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាមរយៈ​ការឆ្លុះ​ក្រពះ ហើយ​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

– ការ​ធ្លាយ​ក្រពះ​: អ្នកជំងឺ​មាន​អាកា​រៈ​ដូចជា ឈឺចាប់​ខ្លាំង​, អត់​ផោម​, អត់​បន្ទោបង់​, ពេល​ស្ទាប​ពោះ​មាន​សភាព រឹង​ដូច​ឈើ​។ អ្នកជំងឺ​ត្រូវ​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន នឹងធ្វើ​ការវះកាត់​ជាបន្ទាន់ ព្រោះ​អ្នកជំងឺ​អាច​ស្លាប់​ភ្លាមៗ បើ​មិនបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​នោះទេ​។​

​ង​) វិធី​ព្យាបាល​៖

– ជំងឺ​ដំបៅ​ក្រពះ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បន្ថយ​ការបញ្ចេញ​ជាតិ​អាស៊ីត​ក្រពះ​រយៈពេល​ពី ៦ ទៅ ៨ ស​ប្តា​ហ៏​។​

– បើ​មាន​មេរោគ​ក្រពះ អ្នកជំងឺ​ត្រូវ​បន្ថែម​ថ្នាំ​សម្លាប់​មេរោគ​រយៈពេល​១០ ទៅ ១៤ ថ្ងៃ​បន្ថែមទៀត​។​

– អ្នកជំងឺ​ត្រូវ​បញ្ឈប់​ការប្រើ​ថ្នាំ​ឈឺសន្លាក់ ឬ​ថ្នាំ​បំបាត់​ការឈឺចាប់​ទាំងឡាយ​គ្មាន​វេជ្ជបញ្ជា និង​គ្មាន​ការតាមដាន​ច្បាស់លាស់ ព្រោះ​អាចធ្វើឲ្យ​ដំបៅ​ក្រពះ មិនអាច​ជាសះស្បើយ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។​

– អនាម័យ​ជា​វិធី​មួយ​ដែល​ល្អ​ក្នុងការ​ព្យាបាល ឬ​បង្ការ​ការឆ្លង​មេរោគ​ក្រពះ យើង​គួរ​បរិភោគ​នូវ​អាហារ​ដែលមាន​អនាម័យ​ត្រឹមត្រូវ នឹងមាន​ការលាង​សំអាត​ដៃ​ជាមួយ​សាប៊ូ មុននឹង​បរិភោគ​អាហារ​។​

«​ក្រុមការងារ​ថែទាំ​ព្យាបាល​ឯកទេស​ផ្នែក​ក្រពះ ថ្លើម និង​ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ផ្តាំផ្ញើរ​ជូន​លោក​លោកស្រី មេត្តា​យកចិត្តទុកដាក់ និង​តាមដាន​សុខភាព​របស់លោក​អ្នក​ជាប្រចាំ​ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ​ជាយថាហេតុ​ដែល​បណ្តាលឲ្យសុខភាព​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​»៕​

អត្ថបទ រស្មី

សូមចុចអាន៖ ​កុំគិតថាមិនអី! គ្រុនពោះវៀនអាចបណ្ដាលឲ្យបាត់បង់ជីវិត បើពុំមានការព្យាបាលត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម