Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​ស្ទះ​ពោះវៀន​!

បានផុស

នៅ

​ជំងឺ​ស្ទះ​ពោះវៀន កើតមាន​ពី ១០% ទៅ ២០% នៃ​អាការៈ​ឈឺពោះ​ចំពោះ​មនុស្ស​ធំ និង​ជា​មូលហេតុ​ទី​ពីរ នៃ​ការ​ចូល​ព្យាបាល​ដោយ​វះកាត់ បន្ទាប់ពី​ជំងឺ​រលាក​ខ្នែងពោះវៀន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) អ្វី​ទៅជា​ជំងឺ​ស្ទះ​ពោះវៀន​?

​ជំងឺ​ស្ទះ​ពោះវៀន ជា​ភាព​រអាក់រអួល​នៃ​ចលនា​ពោះវៀន​ដែល​បង្ក​ការរារាំង ដល់​ដំណើរ​ការ​ធម្មតា​នៃ​ការ​បញ្ចេញ​លាមក និង​ផោម​។ ការ​ស្ទះ​នេះ​អាច​កើត​មាននៅ​ពោះវៀនតូច ឬ​នៅ​ពោះវៀនធំ​។​

១. ជំងឺ​ស្ទះ​ពោះវៀន​ដោយ​មុខងារ​មិន​ប្រក្រតី

​បញ្ហា Iléus paralytique បង្ក​ជា​ជំងឺ​ស្ទះ​ពោះវៀន ដែល​មាន​ប្រភព​មកពី​ភាព​មិនប្រក្រតី​លើ​មុខងារ​ដែល​រារាំង​ដល់​ដំណើរ​បញ្ចេញ​ធម្មតា​របស់​ពោះវៀន​។ សភាព​ជំងឺ​នេះ​អាច​កើតមានឡើង​ក្រោយ​ការប្រើប្រាស់​ថ្នាំ​ទប់​រាគ ក្រោយ​ការវះកាត់​ពោះវៀន ជំងឺ​រលាក​ខ្នែងពោះវៀន រលាក​ស្រោម​ពោះវៀន រលាក​លំពែង ឬ​ជំងឺ​ពី​កំណើត (Hirschsprung)​។​

២. ជំងឺ​ស្ទះ​ពោះវៀន​ក្រោយ​វះកាត់

​វា​ជា​ប្រភេទ​ជំងឺ​ស្ទះ​ដោយ​មូលហេតុ​មេកា​និក​។ សភាព​ជំងឺ​នេះ​កើតមាន​ក្រោយ​ការវះកាត់​ក្នុង​ពោះ អាច​ចន្លោះ​រាប់​ថ្ងៃ ខែ ឬ​រាប់​ឆ្នាំ ដែល​បណ្តាល​មក​ពី​ការ​ស្អិត​នៃ​ពោះវៀន​។​

​ខ​) មូលហេតុ

​ជំងឺ​នេះ ​អាច​បណ្តាល​មកពី​ការបាត់​ចលនា​កន្ត្រាក់​នៃ​សាច់ដុំ​ពោះវៀន ដែល​ជា​រឿយៗ​មាន​ប្រភព​មកពី​

– បញ្ហា​ប្រព័ន្ធ​ប្រសាទ​

– ការ​រលាក ឬ​ការ​ក្លាយ​រោគ​

– ការឈឺចាប់ ឬ​ក្រោយ​ការវះកាត់​

– ការ​រមួល​នៃ​ផ្នែក​ណាមួយ​នៃ​ពោះវៀន ឬក៏​មកពី​ការ​រាំងស្ទះ​ក្នុង​ប្រហោង​ពោះវៀន​ដោយសារ​ដុំ​សាច់​

– ដុំ​លាមក ឬ​មកពី​កៀបសង្កត់​ពី​ក្រៅ​ប្រហោង​ពោះវៀន​។​

​មូល​ហេតុដែល​ជួបប្រទះ​ញឹកញាប់ ​គឺ​បណ្តាលមកពី​

– ជំងឺ​ក្លន​លូន (Hernie)

– ដុំ​សាច់ (Tumeur)

– ស្អិត​ពោះវៀន​ក្រោយ​វះកាត់ (Adhérence intestinale)

​គ​) រោគសញ្ញា​

​បណ្តុំ​រោគសញ្ញា​សំខាន់ៗ នៃ​ជំងឺ​ស្ទះ​ពោះវៀន​ស្រួចស្រាវ​មានៈ​

– ឈឺពោះ​

– ប៉ោង​ពោះ​

– ទល់​ផោម និង​លាមក​

– ក្អួត​

​ឃ​) ការធ្វើ​រោគវិនិច្ឆ័យ

​រោគវិនិច្ឆ័យ ​គឺ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​

– ការពិនិត្យ​គ្លីនិកៈ ការ​ស្ទាប​ពោះ និង​លូក​រន្ធ​គូថ​

– ការ​ថត​កាំរស្មីអ៊ិច (ASP) និង​ការថត​ស្កែ​ន (Scanner) ដើម្បី​បញ្ជាក់​ពី​ទីតាំង និង​ប្រភេទ​នៃ​មូលហេតុ​ស្ទះ​

– ការពិនិត្យ​ឈាម​

​ង​) ការព្យាបាល

​ការកំណត់​ការ​ព្យាបាល​ជំងឺ​ស្ទះ​ពោះវៀន ត្រូវ​ពឹងផ្អែក​ទៅ​លើៈ​

– មូលហេតុ​ស្ទះ (Origine)

– ទីតាំង​ស្ទះ (Localisation)

– សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ (Gravité)

​ជំងឺ​ស្ទះ​ពោះវៀន​ដោយ​ការ​រមួល ទាមទារ​ការ​ព្យាបាល​ជាបន្ទាន់​ ដើម្បី​ដក​យក​មូលហេតុ​រមួល​ចេញ​។ ក្នុង​ករណី​ជំងឺ​ស្ទះ​ដោយ​ការ​សង្កត់​ពី​ក្រៅ ឬ​ការ​រាំងស្ទះ​ខាងក្នុង​ប្រហោង​ពោះវៀន ការ​ព្យាបាល​អាច​ប្រព្រឹត្ត​ទៅ​ដោយ ការវះកាត់ ការប្រើ​ថ្នាំ ឬ​ដោយ​ការធ្វើ Lavement តាម​ការពិភាក្សា​ពហុ​ឯកទេស​ចម្រុះ និង​សម្រេច​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​អំពី​វិធីសាស្ត្រ​ព្យាបាល​។​

​ច​) ផលវិបាក

​ជំងឺ​ស្ទះ​ពោះវៀន​តម្រូវ​ឲ្យ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជាបន្ទាន់ ហើយ​ជំងឺ​នេះ​ទាមទារ​ការ​ព្យាបាល​ទៅតាម​មូលហេតុ ដោយ​ការប្រើ​ថ្នាំ ដោយ​ការ​ឆ្លុះ​អង់​ដូ​ស្កូ​ប ឬ​ដោយ​ការវះកាត់​។ ប្រសិនបើ​ព្យាបាល​មិនបាន​ត្រឹមត្រូវ និង​យឺតយ៉ាវ ជំងឺ​នេះ​បណ្តាលឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា វិបត្តិ​មេ​តា​បូ​លី​ក​ធ្ងន់ធ្ងរ (​វិបត្តិ​កង្វះ​ជាតិ​ទឹក វិបត្តិ​បេះដូង ចុះខ្សោយ​តម្រងនោម​ជាដើម​) ការ​ធ្លាយ​ពោះវៀន​បង្ក​ជា​ការ​ក្លាយ​រោគ​ក្នុង​ស្រោមពោះ ដោយ​មេរោគ​ក្នុង​ពោះវៀន​ដែល​រមួល​រយៈពេល​យូរ ឬ​សភាព​ជំងឺ​ស្ហុ​ក (état de choc)​។​

«​បើ​បងប្អូន​ដែល​មាន​ជំងឺ​ស្ទះ​ពោះវៀន​នេះ ឬ​មាន​អាការៈ​សង្ស័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​មក​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ឲ្យ​ឆាប់រហ័ស ដើម្បី​ទទួល​បាន​ការព្យាបាល​ទាន់​ពេល​វេលា ព្រោះ​ជំងឺ​ស្ទះ​ពោះវៀន​ ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​បន្ទាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​»៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម