Connect with us

សុខភាព

មូលហេតុ​និង​រោគសញ្ញា នៃ​ការបាក់​ខ្ទង់ច្រមុះ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាក់​ខ្ទង់ច្រមុះ​ជា​ជំងឺ​មួយ​ដែល​ជួបប្រទះ​ញឹកញាប់​នៅ​ពេល​បច្ចុប្បន្ននេះ ហើយ​ជា​ញឹកញាប់​ការ​បាក់​នេះ​ ពុំ​សូវ​បា​នទទួល​ការ​ព្យាបាល​ឲ្យ​សមស្រប​ឡើយ ជា​ផលវិបាក​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការដកដង្ហើម និង​ខូច​ទម្រង់​មុខជា​ដើម​។​

ក​) មូលហេតុ​បណ្តាល​ឲ្យ​បាក់​ខ្ទង់ច្រមុះ

– ការប៉ះទង្គិច​ផ្ទាល់​ទៅលើ​ផ្ទៃមុខ​ដែល​ងាយ​នឹង​បាក់​ខ្ទង់ច្រមុះ​

– បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ ឬ​រថយន្ត​មាន​ប្រហែល៨០%​នៃ​ការបាក់​ខ្ទង់ច្រមុះ​

– គ្រោះថ្នាក់​ដោយ​កីឡា ជាពិសេស​កីឡាប្រដាល់​

– គ្រោះថ្នាក់​ការងារ​ជាងសំណង់​ជាដើម​ដោយ​ការធ្លាក់​ពី​ទី​ខ្ពស់​

– អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាពិសេស​អ្នករងគ្រោះ​ជា​ស្ត្រី ឬ​កុមារ​

ខ​) តើ​មាន​រោគសញ្ញា​អ្វីខ្លះ​នៅពេល​បាក់​ខ្ទង់ច្រមុះ​?

– មានការ​ឈឺចាប់​នៅ​លើ​ច្រមុះ​

– ហើម ហើយ​ឡើង​ក្រហម​នៅ​ជុំវិញ​ច្រមុះ​

– មាន​ហូរឈាម​ពី​ច្រមុះ​

– មាន​ជាំ​ច្រមុះ ឬ​រង្វង់​ភ្នែក​

– ការប្រែប្រួល​ទ្រង់ទ្រាយ​ខ្ទង់ច្រមុះ​

– មានការ​ពិបាក​ដកដង្ហើម​

– រន្ធ​ច្រមុះ​ម្ខាង ឬ​សងខាង​ហាក់ដូច​គេ​ចុក​ជិត​

គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ការសាកសួរ និង​ការពិនិត្យ​ដោយ​គ្លីនិក​អាចធ្វើ​រោគវិនិច្ឆ័យ​ការបាក់​ខ្ទង់ច្រមុះ​បាន ដោយ​យើង​អាច​ដឹង​ថា ​វៀច ខ្ទង់ច្រមុះ ឬ​ស្នូរ​ឆ្អឹង​ប៉ះគ្នា​ពេល​ស្ទាប​។​

– ប៉ុន្តែ​បច្ចុប្បន្ននេះ ការថត​ស្កែន​ដោយ​ម៉ាស៊ីន CT-Scan ទំនើប​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​អាច​ឲ្យ​យើង​ដឹង​ពី​ការ​បាក់បែក នៅ​ផ្នែក​ផ្សេងទៀត​នៃ​មុខ ឬ​បញ្ហា​ផ្សេងទៀត​នៃ​ការប៉ះទង្គិច​។​

– យើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ដែរ​ថា​ តើ​ច្រមុះ​អ្នកជំងឺ ពីមុន​ត្រង់​ធម្មតា​ឬទេ​?

ឃ​) ការព្យាបាល​៖

– គោលបំណង​សំខាន់​របស់​យើង គឺ​ការព្យាបាល​ទាន់ពេលវេលា សម្រាប់​សម្រួល​មុខងារ​ដកដង្ហើម និង​កែ​ទ្រង់ទ្រាយ​ផ្នែក​សម្ផស្ស​។​

– ការ​គាស់​តម្រង់​ខ្ទង់ច្រមុះ​បាក់ ដែល​ល្អប្រសើរ​បំផុត គឺ​ចន្លោះ៣​ម៉ោង​បន្ទាប់ពី​ការប៉ះទង្គិច​។​

– បើ​មិន​ដូច្នេះ​ទេ យើង​អាច​រង់ចាំ​ចន្លោះ៣ ទៅ ៧​ថ្ងៃ​នៅពេលដែល​ហើម​ជាំ​ស្រក​យើង​មាន​ភាពងាយ​ស្រួល​ក្នុង​ការ ដាក់​ឆ្អឹង​ចូល​តាម​លំនាំ​ដើម​វិញ​។​

– បើ​មិនបាន​តម្រង់​ក្នុង​ចន្លោះ៧ ទៅ​១០​ថ្ងៃ​ទេ ឆ្អឹង​បាក់​ក៏​អាច​រឹង​ជាប់​បា​នដែរ តែ​ជាប់​ទាំង​វៀច​និង​ពិបាក​ដកដង្ហើម​។​

– នៅ​ពេលនោះ​ការ​ព្យាបាល​ទាមទារ​ឲ្យ​មានការបំបាក់​ឆ្អឹង​ឡើងវិញ ហើយ​មាន​ភាព​ស្មុគស្មាញ​។​

ង​) តើ​មាន​ផលវិបាក​អ្វីខ្លះ​នៅពេល​បាក់​ខ្ទង់ច្រមុះ​?

– វៀច​ជញ្ជាំង​ខណ្ឌ​រន្ធ​ច្រមុះ មិនអាច​ដកដង្ហើម​បាន​

– មាន​ឈាម​ដក់​នៅ​នឹង​ជញ្ជាំង​ច្រមុះ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ច្រមុះ​ដែរ​

– បាក់​រហូតដល់​ឆ្អឹងខ្ចី​ខ្ទង់ច្រមុះ​

– ធ្លាយ ឬ​លេច​ទឹក​ក្នុង​ស្រោមខួរ (Cerebrospinal fluid)

ប្រសិនបើ​បងប្អូន​ទាំងអស់ មានការ​ប៉ះទង្គិច​លើ​ផ្ទៃមុខឬ​សង្ស័យ​មាន​ការបាក់​ខ្ទង់ច្រមុះ សូម​អញ្ជើញ​មកជួប​ជាមួយ គ្រូពេទ្យ​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិគ្រោះ និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា ដើម្បី​ជៀសវាង​ផលវិបាក មុខងារ​ដកដង្ហើម និង​ផលវិបាក​ផ្នែក​សម្ផស្ស​៕​

អត្ថបទ​ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម