Connect with us

KPT+

អត្ថបទលើកទឹកចិត្ត៖ «ដណ្ដើមគុណសម្បត្តិ»

បានផុស

នៅ

កាលគ្រាមួយនោះអវៈយវៈនៃរាងកាយមនុស្សបានជួបប្រជុំគ្នាជាលើកដំបូងដើម្បីបើកកិច្ចពិភាក្សាអំពីតួនាទីរៀងខ្លួន ថាតើនរណាមានគុណសម្បត្តិជាង? ហើយតើនរណាខំធ្វើការច្រើនជាងក្នុងចំណោមពួកគេ?

Premium Vector | Business people arguing at meeting room
រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនបង្អង់យូរ មាត់ដែលជាប្រធានអង្គប្រជុំនៃសមាជិកទាំង៨រូប ផ្ដើមឡើងមុនគេ។

«ខ្ញុំរាល់ថ្ងៃមានភារៈមមាញឹកណាស់ ហើយក៏ហត់ខ្លាំងណាស់ដែរ។ មួយថ្ងៃៗ ខំនិយាយផង ខំទំពារអាហារផង ផឹកទឹកផង សូម្បីតែពេលដេកក៏ត្រូវលេបទឹកមាត់ផ្សើមបំពង់កដែរ។»

និយាយរួចគេពត់ខ្លួនដូចកំពុងអស់កម្លាំងមែនទែន តែមិនទាន់ពោលចប់ស្រួលបួលផង ភ្នែកស្រាប់តែតវ៉ាភ្លាម ព្រោះមិនពេញចិត្តនឹងមាត់ដែលអួតខ្លួនសម្បើម ដូចខំធ្វើការជាងគេណាស់អ៊ីចឹង!

«នែ៎! លោកល្បងមាត់ អាងមានអណ្ដាតប៉ិនខាងគ្រលាស់ មិនក្រែងចិត្តគេសោះ។ ខ្ញុំឯណេះក៏ហត់មិនស្ទើរដែរ! រាល់ថ្ងៃបើកុំតែមានខ្ញុំ បាននរណាអានសៀវភៅ? បាននរណាមើលទូរទស្សន៍ឬមើលកុនអីនោះ? ហើយបាននរណាសំឡឹងជិតឆ្ងាយ? ខ្ញុំថា ទាំងអស់គ្នាច្បាស់ជាដើរធ្លាក់លូផងក៏មិនដឹង បើខ្ញុំមិននៅ»

គេថ្លែងឮៗ ហាក់ចង់បញ្ជាក់ថាខ្លួនឯងមហាសែនសំខាន់។ ត្រចៀកឮភ្លាម ហាក់ឆ្គងទ្រាំមិនបាន ត សម្ដីផាំង តាមចរិតឆេវឆាវ!

«ហី! ប្អូនភ្នែកគិតថា ប៉ុណ្ណឹងហត់ដែរ? ហើយខ្លួនឯងសំខាន់ដែរ គ្រាន់តែមើលហ្នឹង! ខ្ញុំណា៎! ខំស្ដាប់អើយខំ! ខំទាំងស្ដាប់ភ្លេងកំដរអារម្មណ៍អ្នក sad ទៀត។ ម្យ៉ាងណា៎! បើគ្មានខ្ញុំស្ដាប់សំឡេង ប្រហែលមិនឮស៊ីផ្លេអីទេ ម្ល៉េះសមឡាន ម៉ូតូ បើកបុកស្លាប់គ្រប់គ្នាមិនខាន»

ត្រចៀកនិយាយយ៉ាងមានទំនុកចិត្ត បែបមើលស្រាលសមាជិកផ្សេងទាំងប្រយោល។ ភ្លាមៗច្រមុះដែលនៅចាំស្ដាប់មួយសន្ទុះហើយនោះ ក៏លាន់និយាយនឹងគេដែរ ដោយហេតុខ្លាចចាញ់អ្នកផ្សេង។

«ពួកបងប្អូនធ្វើមើលតែខ្លួនប្រឹងធ្វើការតែឯង ខ្ញុំក៏មានតួនាទីពិសេសដែរ ម្ដេចមិនគិតផង។ បើអវត្តមានខ្ញុំ នរណាជួយដកដង្ហើមឲ្យបងប្អូនបានរស់? ហើយនរណាជួយស្រង់ក្លិនល្អៗឲ្យអារម្មណ៍ស្រស់ស្រាយបានទៅ!»

សម្ដីច្រមុះប៉ុណ្ណេះ ធ្វើឲ្យដៃដែលអង្គុយចុងតុប្រជុំឯណោះ ដកដង្ហើមមួយឃូស ក៏បន្លឺវាចា ទាំងសម្ដែងកម្សត់។

«ហ៊ើយ! ប្រកែកគ្នានោះប្រកែក! ខ្ញុំនេះមើលរំលងហើយហ្មែន? ដៃហត់ជាងអីទៀតលោក! បើកបរប្រើដៃ កក់សក់ប្រើដៃ ញ៉ាំអាហារប្រើដៃ សូម្បីតែកេះអាចម៍ច្រមុះក៏មិនលើកលែងដែរ។ ប៉ុណ្ណឹងហើយ ខ្ញុំមិនសំខាន់ទៀតហ្មែន?»

ចប់សម្ដីដៃពេលណា ជើងនៅមិនសុខឆ្លើយឆ្លង ចង់បានភាពសំខាន់ និងការទទួលស្គាល់ក្នុងនាមជាជនធ្វើការម្នាក់ដែរ។

«អេ៎! ខ្ញុំនេះក៏ធ្វើការមិនណយដែរអស់លោក លោកស្រីទាំងអស់គ្នា។ ដើរជិតឆ្ងាយ គឺប្រើខ្ញុំ បើគ្មានខ្ញុំ តើអស់លោកទៅណារួច? ប្រាកដជាអង្គុយលើរទេះរុញ ត្រូវអត់?»

ជើងនិយាយរួច គេសើចខែងរ៉ែងធ្វើហី។ ចំណែកក្រពះខំអត់ដង្ហើម ចាំទម្រាំបងៗរៀបរាប់ភារៈអស់ហើយ ទើបចេញយោបល់ទាំងអាក់អន់ចិត្ត

«ខ្ញុំនៅក្នុងពោះពិតមែន តែមិនសូវបានសម្រាកទេ។ កិនអាហារយប់ថ្ងៃ។ បើមិនកិនរំលាយទេ បានជីវជាតិឯណាទៅចិញ្ចឹមរាងកាយ? ជួនអ្នកខ្លះញ៉ាំហឹរខ្លាំង អ្នកខ្លះផឹកស្រា ចូលដល់ខ្ញុំពេលណា ឈឺផ្សារពេលនោះ។ ខ្លះទៀតញ៉ាំក្ដៅពេក ញ៉ាំរឹងពេក ខ្ញុំរំលាយម្ដងៗ មហាសែនវេទនា។ ណ្ហើយ! និយាយប៉ុណ្ណឹង បើថាខ្ញុំ អត់សំខាន់ ឬអត់ខំធ្វើការទៀត ខ្ញុំអស់អីតវ៉ាហើយ។»

ថារួច គេទម្លាក់ទឹកមុខចុះ ចង់បានចំំណាប់អារម្មណ៍។ ម្នាក់ៗហាក់ស្ងាត់មាត់ ហើយភ្ញាក់ខ្លួនបន្តិច។

ខណៈនោះទ្វារធំដែលជាសមាជិកម្នាក់ចុងក្រោយ ហារប្រុងនិយាយពីសារៈសំខាន់របស់ខ្លួនដែរ។ ប៉ុន្តែភ្លាមៗអង្គប្រជុំហាក់មិនពេញចិត្តឲ្យកូនពៅបានហារស្ដីសោះ។ ពួកគេចចាចស្រែកព្រមគ្នា ហាមមិនឲ្យទ្វារធំហើបបានសូម្បីមួយមាត់ ដោយធ្វើការបិទអង្គប្រជុំ ទាំងដាក់កំហុសលើទ្វារធំថា គ្មានប្រយោជន៍។

ទ្វារធំ អាក់អន់ចិត្តដែលគ្រប់គ្នាមើលមិនឃើញចំណុចពិសេសរបស់ខ្លួន ហើយក៏សម្រេចចិត្តមិនធ្វើការទាល់តែសោះ។

មួយថ្ងៃកន្លងទៅ រាងកាយមនុស្សទាំងមូលធ្វើការជាធម្មតា និងពុំឃើញមានហេតុភេទអ្វីចម្លែកឡើយ។ ពីរថ្ងៃកន្លងទៅ ពោះចាប់ផ្ដើមឆ្អល់ កម្លាំងក្នុងខ្លួនចុះខ្សោយបន្តិច។

បីថ្ងៃ..បួនថ្ងៃ..ប្រាំថ្ងៃ…គ្រប់យ៉ាងលែងប្រក្រតី។ អវៈយវៈចាប់ផ្ដើមធីងធោង វិលមុខ ចង់ក្អួត ឈឺក្បាល ក្ដៅខ្លួន ចុកណែនក្នុងពោះលែងធ្វើអ្វីកើតទាំងអស់។

អង្គប្រជុំក៏កោះហៅគ្នីគ្នាមកពិភាក្សាយ៉ាងបន្ទាន់ ដើម្បីស្វែងរកមូលហេតុនៃអាការៈមិនស្រួលដែលកំពុងប្រឈម។ ក្រោយពីពិភាក្សាមួយសន្ទុះ ឃើញថាម្នាក់សុទ្ធតែបំពេញតួនាទីឥតចន្លោះ លើកលែងតែទ្វារធំប៉ុណ្ណោះដែលមិនធ្វើការ។

ក្រោយការជជែកដេញដោលយ៉ាងតានតឹង គ្រប់គ្នាក៏បានដឹងថា ការពិតដែលពួកគេមានរោគសញ្ញាមិនស្រួលគឺដោយសារទ្វាធំមិនបានដើរខ្យល់ និងមិនបញ្ចេញលាមកទាល់តែសោះក្នុងរវាងប៉ុន្មានថ្ងៃមកនេះ។ ការផ្ទុកកាកសំណល់កខ្វក់ក្នុងខ្លួនរាប់សិបម៉ោង បណ្ដាលឲ្យពួកគេចុះខ្សោយយ៉ាងដំណំ។

ដោយបានរកឃើញមូលហេតុលាក់ពីក្រោយភាពចម្រូងចម្រាសនាពេលកន្លង អង្គប្រជុំទាំងមូលក៏ព្រមទទួលស្គាល់នូវតួនាទីដ៏សំខាន់នៃទ្វារធំ ព្រមទាំងសំណូមឲ្យគេធ្វើការឡើងវិញ។ ម្នាក់ៗចាប់ផ្ដើមឲ្យតម្លៃគ្នាទៅវិញទៅមក ដោយចាត់ទុកគ្រប់គ្នាជាបុគ្គលមានគុណសម្បត្តិពិសេសរៀងខ្លួន និងមានកិច្ចការត្រូវធ្វើ ហើយហត់នឿយដូចៗគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖ អានរឿងនេះហើយ អ្នកនឹង​លែងកម្រោលទៅកាន់មនុស្សម្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម