ព័ត៌មានជាតិ
អ្នកនិពន្ធ២រូបយល់ថា ការផលិតវីដេអូអប់រំបង្ហាញរឿងអាក្រក់មុនរឿងល្អប្រៀបដូចជាកាំបិតមុខ២
អ្នកនិពន្ធល្បីឈ្មោះនៅកម្ពុជា២រូប គឺអ្នកស្រី ប៉ុល ពិសី និងលោក យូ សុភា បានយល់ឃើញដូចៗគ្នាថា ការផលិតវីដេអូអប់រំរបស់ក្រុម MMO មួយចំនួននៅលើបណ្តាញសង្គម ដែលបង្ហាញពីរឿងអវិជ្ជមាន មុននឹងរឿងវិជ្ជមានក្នុងសង្គម គឺប្រៀបជាកាំបិតមុខ២ ដែលមានល្អផង និងមិនល្អផង។

បច្ចុប្បន្ន មានក្រុម MMO មួយចំនួនដែលបានបង្កើតមាតិកាអប់រំនៅតាមបណ្តាញសង្គម ព្រមទាំងទទួលបានការចុចចូលចិត្ត និងចែករំលែកច្រើនពីអ្នកទស្សនាផងដែរ។ ប៉ុន្តែ តាមការសង្កេត រឿងអប់រំដែលពួកគេបានផលិត ភាគច្រើន គឺបានបង្ហាញពីរូបភាពអវិជ្ជមានជាច្រើននៅក្នុងសង្គម មុននឹងរូបភាពវិជ្ជមាន ដូចជាការជក់បារី ក្មេងទំនើងដេញវាយគ្នា ឬ ការសេពគ្រឿងស្រវឹង គ្រឿងញៀនជាដើម បន្ទាប់មកទើបពួកគេបង្ហាញពីការអប់រំតាមក្រោយ។ រូបភាពទាំងអស់នេះហើយ ក៏បានបង្ហាញដោយប្រយោលពីទិដ្ឋភាពមិនល្អនៅក្នុងសង្គម ទៅដល់អ្នកទស្សនា ដែលអាចឱ្យអ្នកទស្សនាយកគម្រូមិនល្អទាំងនេះ ទៅអនុវត្តតាម។
ជុំវិញករណីនេះ អ្នកនិពន្ធជើងចាស់ អ្នកស្រី ប៉ុល ពិសី លើកឡើងថា ការផលិតវីដេអូរបស់ក្រុមមួយចំនួននោះ ជួនកាលគឺជាអាវុធមុខ២។ អ្នកផលិតអាចគិតថា ធ្វើបែបនេះគឺមានភាពទាក់ទាញចំពោះអ្នកទស្សនា ប៉ុន្តែ អ្នកស្រីថា ការធ្វើបែបនេះនឹងជះឥទ្ធិពលដល់អ្នកមើលមួយចំនួន អាចធ្វើតាមវីដេអូនោះ។ អ្នកស្រី យល់ថា អ្នកផលិតមានគំនិតចង់ផលិតហើយ ប៉ុន្តែ ពួកគេនៅមិនទាន់ចេះពីវិធីនិពន្ធ ឬមានក្បួនខ្នាតត្រឹមត្រូវនោះទេ។

ចំណែក លោក យូ សុភា ក៏យល់ឃើញមិនខុសពីអ្នកស្រី ប៉ុល ពិសី ដែរចំពោះបញ្ហានេះគឺជាអាវុធមុខ២ មានទាំងល្អ និងអាក្រក់។ លោកថា ប្រសិនជាអ្នកផលិតទាំងនោះបានឆ្លងកាត់ការសិក្សារៀនសូត្រពីសិល្ប៍វិធីការតែងនិពន្ធបានត្រឹមត្រូវ នោះពួកគេនឹងអាចកាត់បន្ថយបញ្ហាទាំងនេះបានមួយចំនួន ព្រោះអ្នកនិពន្ធទោះបីជាចង់បង្ហាញពីផលអវិជ្ជមាន គឺមិនអាចបង្ហាញបានត្រង់បែបនេះឡើយ ពោល គឺគ្រាន់តែហេតុបន្តិចៗតាមវិធីសាស្ត្ររបស់អ្នកនិពន្ធ។ លោកបន្តថា តាមការសង្កេតរបស់លោក អ្នកផលិតទាំងនោះ មិនមានបំណងផលិតដើម្បីបំពុលសង្គមឡើយ គឺដោយសារ ពួកគេមិនទាន់មានមូលដ្ឋានគ្រឹះក្នុងការសរសេរ ជាហេតុធ្វើឱ្យពួកគាត់មិនអាចផលិតតាមចំណង់ចំណូលចិត្តអ្នកទស្សនាបាន។

សម្រាប់អ្នកស្រី ប៉ុល ពិសី វិញ ក្នុងនាមជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបន្ថែមថា សមាគមរបស់អ្នកស្រី គឺជាផ្នែករួមចំណែកមួយដើម្បីជួយតម្រង់ទិស ណែនាំ បង្ហាត់បង្រៀនដល់អ្នកដែលស្រឡាញ់ការតែងនិពន្ធ អាចឱ្យយុវជនយល់ពីក្បួនខ្នាតតែងនិពន្ធមួយកម្រិត។
សូមជម្រាបថា កន្លងមកមានក្រុម MMO មួយចំនួន បានសំអាងថាខ្លួនផលិតវីដេអូអប់រំដល់សង្គមដោយមានបង្ហាញពីរូបភាពមួយចំនួនប៉ះពាល់ដល់សង្គម ដូចជាការសេពគ្រឿងស្រវឹង ការប្រើប្រាស់ហឹង្សា ការរំលោភបំពានផ្លូវភេទ និងរូបភាពមួយចំនួនទៀតដែលជ្រុលហួសហេតុ ក៏ត្រូវបានក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហៅទៅអប់រំផងដែរ៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


