Connect with us

KPT+

បទយកការណ៍៖ គុណវិបត្តិនៃការអុជធូប ក្នុងព្រះពុទ្ធសាសនា

បានផុស

នៅ

ការអុជធូប ត្រូវបានគេមានជំនឿថា ដើម្បីបង្កើតបរិយាកាសវេទមន្តសម្រាប់បន់ស្រន់ អញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណមានវត្តមាននៅជុំវិញអាសនៈ​ ឬកន្លែងដែលគេកំពុងបួងសួងនោះ រហូតអ្នកខ្លះមិនព្រម ឬមិនអស់ឡើយ បើពួកគាត់បានទៅកន្លែងទីសក្ការៈ ឬទៅវត្ត ធ្វើបុណ្យ ប្រគេនចង្ហាន់ ឬបង្សុកូលជូន​ញាតិមិត្តដែលបានចែកឋានហើយ​ ប៉ុន្តែមិនបានអុជធូបនោះ។ ក្នុងនោះអ្នកខ្លះនិយមអុជធូបម្ដង ឬមួយទីតាំង ចាប់ពីចំនួន ៣ ៥ ៧ ៩ សរសៃ ឬច្រើនជាងនេះទៀតក៏មាន បើទោះជាត្រូវប្រជៀត ឈរចាំអុជ ឬដោតធូប ព្រមទាំងអាចប្រឈមការរលាក និងត្រូវផ្សែងធូបឆួលច្រមុះ និងផ្សារភ្នែកក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើពុទ្ធបញ្ញត្តិបានចែង ឬតម្រូវឱ្យពុទ្ធសាសនិកត្រូវតែអុជធូប ដើម្បីបន់ស្រន់ ឬឧទ្ទិសអ្វីមួយ ឬទេ? តើផ្សែងធូបនាំឱ្យប៉ះពាល់អ្វីខ្លះ? បើមិនអុជធូប តើបរិស័ទអាចធ្វើអ្វីដើម្បីឧទ្ទិសបុណ្យកុសលនោះ?

ព្រះចៅអធិការ វត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មាន​សង្ឃដីកា ទាក់ទងការបូជា ឬអុជធូប ក្នុងព្រះពុទ្ធសាសនា អត់បានសម្ដែងថា ត្រូវបូជា ៣ សរសៃ ៥ សរសៃ ៧ សរសៃ ឬ ៩ សរសៃអ្វីទេ។ ការបូជានេះ អាស្រ័យលើសទ្ធារៀងៗខ្លួន ដោយអ្នកខ្លះគិតថា អុជធូប ៣ សរសៃដើម្បីរំលឹកគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ, អ្នកខ្លះអុជធូប ៥ សរសៃ ដើម្បីនឹកគុណព្រះពុទ្ធ ៥ អង្គជាដើម។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានថេរដីកាបន្តថា៖ “ក្នុងព្រះពុទ្ធសាសនា មានសម្ដែងការបូជាប្រទីប ដូចជាអុជទៀន អុជប្រទីបជាដើម ដែលការបូជាប្រទីបបាននូវចក្ខុ គឺភ្នែកភ្លឺល្អ។ ឯការបូជាធូបនេះ ក្នុងព្រះពុទ្ធសាសនា អត់មានទេ។ ទម្លាប់នេះតាម​ជំនឿព្រហ្មញ្ញសាសនាផង តាមទំនៀមទម្លាប់ប្រពៃណី និងជំនឿដូនតាពីដើមតគ្នាមក។ ឯការអុជធូបឧទ្ទិសដល់វិញ្ញាក្ខន្ធជីដូនជីតាញាតិមិត្តនេះ ព្រះពុទ្ធក៏អត់មានសម្ដែងទេ ទោះបីយើងមិនបានអុជធូប ក៏អាចឧទ្ទិសបានដែរ ព្រោះព្រះពុទ្ធសម្ដែងថា ទក្ខិណានុប្បទាន (អំណោយដែលគេឧទ្ទិសផលនៃទក្ខិណាទាន ចំពោះទៅបុគ្គលដែលទៅកាន់បរលោកហើយ) ប្រកបដោយអង្គ ៣៖ ទី១ ការធ្វើទានដល់បុគ្គលដែលមានសីល, ទី២ ការតាំងចិត្តឧទ្ទិសដោយខ្លួនឯង, ទី៣ ទាល់តែវិញ្ញាក្ខន្ធពពួកញាតិហ្នឹងមកអនុមោទនាទទួលយក”។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានតួនាទី ព្រះគ្រូវិន័យធម៌ ស្រុកកោះធំ ខេត្តកណ្ដាល អង្គនេះ មានព្រះដីកាបន្តថា គុណសម្បត្តិ​នៃការអុជធូបគឺមិនមានទេ ព្រោះការអុជធូបមិនមានសារៈសំខាន់ ឬថាបានបូជាដល់ព្រះសម្មាសម្ពុទ្ធ ឬអាចឧទ្ទិសដល់វិញ្ញាណក្ខន្ធញាតិមិត្តនោះទេ។ ការអុជធូបគ្រាន់តែជាទំនៀមទម្លាប់ធ្វើតាមៗគ្នារហូតមក ដែលការអុជធូបនេះជារបៀប​បូជាព្រហ្មញ្ញាសាសនាចំតែម្ដង ដូចជាខាងគ្រូបាធ្យាយ ខាងអារុក្ខអារក្សផ្សេងៗ ដែលនិយមលើការបន់ស្រន់នេះ ចំណែកឯផ្លូវព្រះពុទ្ធសាសនា អត់មានតម្រូវអុជធូបទេ។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានសង្ឃដីកាថា៖ “ការអុជធូបមានគុណវិបត្តិ ដូចជានៅសាលាឆាន់ ក្នុងវិហារ នៅកុដិជាដើម គឺធ្វើឱ្យប៉ះពាល់សុខភាពព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំងផ្លូវដង្ហើម និងភ្នែក ហើយធ្វើឱ្យប៉ះពាល់បរិស្ថាន កម្ទេចធូបធ្លាក់ ឬហុយ​ចូលភ្នែកចូលច្រមុះ ផ្សែងធូបធ្វើឱ្យវិហារ សាលាឆាន់ កុដិ ជញ្ជាំង ពិដាន សន្ធិយា (វាំងនន) ក្រណាត់បូជាផ្សេងៗ ពេលត្រូវផ្សែង ប្រែជាខ្មៅ ខូចសោភណ្ឌភាព ហើយផ្សែងធូប ក៏ប៉ះពាល់ព្រះពុទ្ធបដិមា ធ្វើឱ្យអាប់ពណ៌សម្បុរជាដើម”។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានព្រះដីកាបន្តថា៖ “គុណវិបត្តិខ្លាំងជាងនេះទៅទៀតនោះ គឺទ្រព្យសម្បត្តិអាចរលាយ ដោយបង្កទៅជាអគ្គិភ័យឆេះកុដិ ឆេះវិហារ ឆេះផ្ទះជាដើម ដោយសារធូបហ្នឹងដែរ។ ការអុជទៀនក៏ប៉ះពាល់ដែរ តែបើអុជហើយពន្លត់​មិនអីទេ បើអុជធូប ច្រើនតែអុជហើយដើរចេញ។ ដូចសម័យបច្ចុប្បន្ន មានភ្លើងអគ្គសនីហើយ យើងអាចរៀបអំពូលភ្លើងអគ្គិសនី បូជាជាប្រទីបក៏បានដែរ។ ការអុជធូបមានការប៉ះពាល់ច្រើន ដូចនេះបើញាតិញោមចៀសបាន កាន់តែល្អ”។

ព្រះចៅអធិការវត្តរស្មីសាមគ្គីរតនារាម ដែលបួសតាំងពីឆ្នាំ២០០៤ ពោលគឺបួសសាមណេរ ៧​ វស្សា និងបួសភិក្ខុ ១១​វស្សា អង្គដដែលនេះ មានសង្ឃដីកាថា បើថាអុជធូបដើម្បីឧទ្ទិស បន់ស្រន់នោះ គឺអត់ត្រូវនឹងព្រះពុទ្ធសាសនាទេ ព្រោះព្រះអង្គបានត្រាសសម្ដែងក្នុងគម្ពីរព្រះត្រៃបិដក ភាគ ៤៤ ទំព័រ ៩៦ ថា ធម៌ទាំង៥ មាន អាយុ ពណ៌សម្បុរ សេចក្ដីសុខ កម្លាំង យសសក្ដិ មិនបានកើតឡើងដោយការបន់ស្រន់ទេ គឺកើតឡើងដោយការខិតខំប្រព្រឹត្តិផ្ទាល់។ បើពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនា យល់ថា ការអុជធូប ដើម្បីជាការឧទ្ទិស ឬបន់ស្រន់នោះ គឺខុសធម៌ព្រះពុទ្ធសាសនាហើយ។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានព្រះថេរដីកាថា៖ “ការបូជាចំពោះព្រះសម្មាសម្ពុទ្ធ មានព្រះពុទ្ធបដិមាជាតំណាងនោះ តាម​រយៈ​ការបូជាធូប ឬអុជធូបនោះ គឺមិនត្រូវទេ ព្រោះព្រះអង្គបានត្រាស់សម្ដែងហើយថា បើសាវ័កណាចង់បូជា ព្រះតថាគត មាន ២ យ៉ាងគឺ អាមិសបូជា និងបដិបត្តិបូជា។ អាមិសបូជា គឺសំដៅ បច្ច័យទាំង ៤ មានត្រៃចីវរ អាហារបិណ្ឌបាត្រ សេនាសនៈ ទីកន្លែងសក្ការៈតម្កល់ព្រះពុទ្ធរូប គិលានភេសជ្ជៈ ថ្នាំកែរោគ ឬភេសជ្ជៈ និងផ្កាជាដើម”។

ព្រះវិន័យធម៌ ស្រុកកោះធំ គណៈធម្មយុត្តិក ខេត្តកណ្ដាល អង្គនេះ មានថេរដីកាបន្តថា៖ “ចំណែក បដិបត្តិបូជា ញាតិ​ញោម​ដែលប្រាថ្នាបូជាដល់ព្រះសម្មាសម្ពុទ្ធ គឺអាចរក្សាសីលប្រាំឡើងទៅ ហើយប្រតិបត្តិកុសលកម្ម ១០ ហើយធ្វើនមស្ការ ព្រះរតនត្រៃថ្វាយបង្គំពេលព្រឹក និងពេលល្ងាច។ បានរក្សាសីស បានធ្វើសេចក្ដីល្អ ប្រកបដោយក្ដីមេត្តា ចំពោះសព្វសត្វមនុស្សលោក ឬអ្នកនៅជុំវិញខ្លួនហ្នឹង នេះជាកុសល ដែលពុទ្ធបរិស័ទអាចតាំងចិត្តឧទ្ទិសដល់វិញ្ញាណក្ខន្ធដូនតាមញាតិមិត្តបាន”។

លោក ខុម សុខឃាង គ្រូបង្រៀននៅ អគារធិការដ្ឋាន ពុទ្ធិកសាសនាជាតិ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព្រះពុទ្ធសាសនាមានក្បួនកំណត់ក្នុង (បិដកលេខ៧៤) ជាដើម តែមិនតម្រូវឱ្យពុទ្ធសាសនិកអុជធូបឧទ្ទិសដល់ញាតិទេ។ ទាក់ទងការឧទ្ទិសទាន ឧទ្ទិសកុសល មិនចាំបាច់ទាល់តែយើងមានធូបទៀនទេ ព្រោះទៀនធូបនេះ អត់មានពាក់ព័ន្ធជាមួយការឧទ្ទិសកុសលទេ។ ប្រសិទ្ធភាពនៃការឧទ្ទិសកុសល ឧទ្ទិសទាន មិនទាក់ទងនឹងការបូជាធូបទៀនទេ គឺទាក់ទងនឹង ទក្ខិណានុប្បទាន។

លោកគ្រូ ខុម សុខឃាង មានប្រសាសន៍បន្តថា៖ “យើងអាចធ្វើទានជាមួយព្រះសង្ឃដែលមានសីល សាមណេរ ភិក្ខុ យាយជី តាជី ឬអ្នកដែលមានចាប់ពីសីល ៥ ឡើងទៅ ហើយយើងអាចឧទ្ទិសកុសល ឧទ្ទិសបុណ្យ ឧទ្ទិសទាន ដល់វិញ្ញាណក្ខន្ធញាតិមិត្តទាំងឡាយណា ដែលអាចមកទទួលកុសលទាននោះបាន”។

អតីតព្រះសង្ឃ ធ្លាប់បួសបាន ១៧ វស្សា និងជាអាចារ្យរូបនេះ លើកឡើងថា បើនិយាយតាមវិទ្យាសាស្ត្រ ឬតាមអ្វីដែលយើងអាចមើលឃើញ គឺការអុជធូប មិនសូវល្អចំពោះការបូជា។ អុជទៅហុយផ្សែង កើតជារឿងមិនល្អច្រើន។ តែមិនមែន​ថា អុជ​ធូបទៀន សុទ្ធតែអាក្រក់ ឬកើតរឿងមិនល្អទេ គ្រាន់តែអាចមានសំណល់មួយចំនួនដែលមានប៉ះពាល់បរិស្ថាន ដូចជាផ្សែងធុំក្លិនមិនល្អ ផ្សារភ្នែក កាកសំណល់មិនល្អ ប៉ះពាល់ច្រើន។

លោកគ្រូ ខុម សុខឃាង បញ្ជាក់ថា៖ “យើងញែកការធ្វើបុណ្យ និងធូប ឱ្យដាច់! បុណ្យផ្សេង សំណល់ដែលសល់ពីធូបនោះផ្សេង បើយើងដាក់ឡូកឡំគ្នា វាទៅជារឿងមួយនិយាយមិនដាច់។ ជាទូទៅ បើរបស់ណាយើងបូជាធ្វើសក្ការៈទៅហើយ មិនកើតជាផលប៉ះពាល់ យើងធ្វើទៅ បូជាទៅល្អ ចិត្តក៏ស្ងប់ក្នុងការបូជាហ្នឹងទៀត។ តែបើយើងបូជាហើយ បានបុណ្យ បានកុសល តែវាប៉ះពាល់អីផ្សេង វាមិនស្ងប់ វាមិនល្អ”។

អតីតនិស្សិត បានបញ្ចប់ បរិញ្ញាបត្រពីរ គឺផ្នែកបាលីសំស្ត្រឹត និងផ្នែកគ្រប់គ្រងសេដ្ឋកិច្ច រូបនេះ មានប្រសាសន៍បញ្ជាក់​ថា ការបូជាគ្រឿងសក្ការៈ តាមរយៈនៃការអុជធូបនេះជាដើម បើតាមមតិលោកអ្នកប្រាជ្ញអ្នកចេះដឹងជាច្រើន ជាទូទៅលោកឱ្យ​យើងជាពុទ្ធសាសនិកពិចារណាដែរ។ បើយើងអាចចៀសរួច យើងចៀស, បើចៀសមិនរួច យើងអាចអុជត្រឹម ១ សរសៃ អីក៏បាន។ បើចង់អុជធូប ៣ សរសៃ ៥ សរសៃ គប្បីមើលតាមកាលៈទេសៈ ព្រោះក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បើម្នាក់អុជធូបតែ ១ សរសៃ នោះគ្នា រយនាក់ ពាន់នាក់ ក៏អុជធូប រយសរសៃ ពាន់សរសៃ… នាំឱ្យផ្សែងច្រើនខ្លាំងប៉ះពាល់បរិស្ថាន។

លោកគ្រូ ខុម សុខឃាង មានប្រសាសន៍ថា៖ “គ្រាន់តែតាំងចិត្តបូជាព្រះរតនត្រៃ ក៏បានបុណ្យ តែបើអុជធូបឱ្យតែហុយផ្សែង អុជហើយផឹកស្រវឹង អួតអាង និយាយដើម ពេបជ្រាយ កេងប្រវញ្ចគេ នោះជារឿងផ្សេង។ ជាការណ៍ល្អ បើយើង​ជៀស​វាងការបូជាដោយគ្រឿងផ្សែងហ្នឹងគឺ ល្អ, យើងប្ដូរមកបូជាផ្កាភ្ញី ជាប្រទីបផ្សេងៗវិញជាការប្រសើរជាងបង្កបញ្ហាទាំងខ្លួនឯង និងអ្នកដទៃ ដែលការធ្វើនោះទទួលបានបុណ្យកុសលដែរ តែមិនទូលំទូលាយ”។

អតីតនិស្សិតបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ច រូបនេះមានប្រសាសន៍បន្តថា៖ “ការបូជាធូបទៀននេះ ក្នុងព្រះត្រៃបិដក បានសម្ដែងពីអានិសង្ឃដែរ។ បើយើងថាមិនល្អ អ៊ីចឹង ម៉េចព្រះមិនបដិសេធចោលទៅ? មិន​មែន​​ជាការបដិសេធគម្ពីរដីកាអីទេ គ្រាន់តែយើងនិយាយពីទិដ្ឋភាពជាក់ស្ដែង។ ធម៌ទាំងឡាយណាដែលកើតជាប្រយោជន៍អស់កាលជាយូរអង្វែង យើងរក្សាទៅ គឺបានទាំងបុណ្យកុសល និងមានគុណសម្បត្តិទៀត តែបើធម៌ទាំងឡាយណាមានគុណសម្បត្តិហើយ អាចជះឥទ្ធិពលមិនល្អហ្នឹង យើងលះបង់ចោលទៅ។ និយាយឱ្យស្រួលស្ដាប់ គឺធ្វើបុណ្យ ប្រកបដោយបញ្ញា”។

ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ ជាអតីតសមណនិស្សិតពីប្រទេសស្រីលង្កា បច្ចុប្បន្នជាស្ថាបនិក និងប្រធានអង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា មានសង្ឃដីកាថា គេប្រើប្រាស់ធូបនៅឥណ្ឌា និងអាស៊ីខាងត្បូង តាំងពី ៣៣០០ ឆ្នាំ មុនគ្រិស្តសករាជ ហើយបន្ទាប់មកការអុជធូបបានចូលមកចិន នៅ ២០០០ ឆ្នាំ មុន គ្រិស្ដសករាជ ដែលគេប្រើដើម្បីគោរព​ថ្វាយបង្គំទីសក្ការៈ ហើយក្លាយជាប្រពៃណីបួងសួងបន់ស្រន់។ ការអុជធូប មានប្រភពពីព្រហ្មញ្ញសាសនា ដែលមានការបូជាយញ្ញ ដូចជា បូជាឈាម បូជាសត្វ បូជាភ្លើង បូជាផ្សែង ជាដើមដល់ព្រះព្រហ្ម ដែលមានទាក់ទងនឹងការអុជធូបផងដែរ។

ព្រះតេជព្រះគុណ ហាក់ សៀងហៃ មានសង្ឃដីកាបន្ថែមថា៖ “ថ្វីដ្បិតយើងមិនដែលឃើញមានរូបចម្លាក់បង្ហាញពីការបូជា​អុជធូបនៅតាមជញ្ជាំងប្រាសាទនានា តែបើយើងក្រឡេកមើលប្រវត្តិសាស្ត្រ យើងដឹងថា ព្រះមហាក្សត្រ ឬអ្នកដឹកនាំខ្មែរជំនាន់ដើមមានទាំងអ្នកកាន់ព្រហ្មញ្ញសាសនា មានទាំងអ្នកកាន់ព្រះពុទ្ធសាសនា រហូតមានជម្លោះសាសនា ដែលបញ្ហានេះត្រូវបានដោះស្រាយដោយការសំយោគបញ្ចូលគ្នា រហូតដល់បច្ចុប្បន្ន ទើបមានការអុជធូបក្នុងព្រះពុទ្ធសាសនាបែបនេះ”។

គួរបញ្ជាក់ថា ធូប​​​ភាគ​ច្រើន​ផ្សំ​ពី​ជ័រ​ឈើ​ សាច់​ឈើ ប្រេង​ក្រអូប​ ​ឬ​ម្សៅ​ផ្សំ​ពី​សមាស​ធាតុ​​ផ្សេង​ៗ សុទ្ធ​សឹង​តែ​​បញ្ចេញ​​ផ្សែង​ ដែល​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​ដែល​មនុស្ស​​នៅ​ក្បែរ​នោះ​ស្រូប​យក និង​បង្ក​ជា​ប្រតិកម្ម​​ផ្សេង​ៗ​។ បើ​ទោះ​ជា វា​ផ្តល់​នូវ​ក្លិន​ក្រអូប​គួរ​ជា​​ទី​ទាក់​ទាញ ប៉ុន្តែ​ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន​​បាន​បង្ហាញ​នូវ​​ផល​​ជា​អវិជ្ជមានច្រើន​ជាង ​សុទ្ធ​សឹង​ជា​ចំណុច​​​គប្បី​ស្វែង​យល់​​ពី​បញ្ហា​ទាំង​នោះ​​មាន​ដូច​ជា​៖ ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ជំងឺមហារីក ហឺត បេះដូង រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ ​បណ្ដាល​ទៅ​ជា​មហារីក​សួ ជាដើម ពិសេស​ប៉ះពាល់ដល់អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម