Connect with us

ព័ត៌មានជាតិ

ហេតុអ្វីប្រជាពលរដ្ឋខ្មែរ នៅតែចងចាំ ខួប ១០ឆ្នាំ នៃការសោយទិវង្គត របស់ ព្រះបរមរតនកោដ្ឋ?

បានផុស

នៅ

នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប​១០ឆ្នាំ នៃការ​យាង ចូលព្រះទិវង្គត​របស់​ព្រះ​ករុណា​ ​ព្រះបាទសម្តេច នរោត្តម សីហនុ ​ព្រះវររាជបិតា ឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ។ “ព្រះបរមរតនកោដ្ឋ” បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ​ ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅថ្ងៃនេះ ថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការ តាមក្រសួង ស្ថាប័ន​ផ្សេងៗ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បាន​អញ្ជើ​ញ​​​គោរពព្រះវិញ្ញាណក្ខន្ធ​ នៅ​​ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ​​។ ទោះបីពេលនេះ​ មានរយៈពេល ១០ឆ្នាំទៅហើយក្ដី ក៏ប្រជារាស្រ្តខ្មែរទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅ​តែ​ចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថ ដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្ត របស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជានោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពី អាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំង​ស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនខ្លាំង ក្នុងសម័យសង្គមរាស្ត្រ​និយម។

ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRANCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា នៅរាជធានី ភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។

នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាង តាមការអញ្ជើញរបស់លោកប្រធានាធិបតី FELIX GOUIN និងបានជួបលោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) នៅ COLOMBEY។ នៅឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តន៍ទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ (SAUMBUR) ប្រទេសបារំាង។

ឆ្នាំ១៩៤៧ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឱ្យរាជាណាចក្រ ថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។

ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទាមទារឱ្យបារំាង បញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គ បានឡាយព្រះហត្ថខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះលុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់ ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ”។

ឆ្នាំ១៩៥៤ ព្រះអង្គបានបញ្ជូនរាជគណៈប្រតិភូ ជាតំណាងរបស់ព្រះអង្គទៅចូលរួមនៅក្នុងសន្និសីទអន្តរជាតិ ស្តីពីបញ្ហាឥណ្ឌូចិននៅទីក្រុងហ្សឺណែវ (GENEVE) ដែលមានប្រទេសកម្ពុជាចូលរួម ក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គ បានដាក់រាជថ្វាយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សុរាម្រិត ជាព្រះរាជបិតា។ ព្រះករុណាព្រះបាទសម្តេច នរោត្តម សុរាម្រិត ជាព្រះរាជបិតា ព្រះអង្គបានប្រទានចំពោះព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ នូវព្រះបរមងារជា “សម្តេចព្រះឧបយុវរាជ នៃព្រះរាជណាចក្រកម្ពុជា”។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបាន បង្កើតចលនាសង្គមរាស្រ្ត និយម ដែលគណបក្សជាច្រើនបានចូលរួមក្នុងចលនានោះ។ ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូល អាហ្រ្វិក-អាស៊ី លើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេសឥណ្ឌូណេស៊ី) ហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត ក្នុងឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសទំាងអស់ ដោយមិនគិតពីមនោគមវិជ្ជាឡើយ។

ព្រះអង្គបានជួបជាលើកដំបូងជាមួយនឹងលោក ហ្សវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តី ឥណ្ឌា លោក ហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ជូ អេនឡាយ (ZHOU EN LAI ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានទទួលមហាជោគជ័យ ក្នុងការបោះឆ្នោតសភាជាតិ ដោយបានការទទួលគាំទ្រពីប្រជារាស្រ្តខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួល ព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយឋានៈជា ប្រមុខនៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំ ដើម្បីអភិវឌ្ឍព្រះរាជាណា ចក្រកម្ពុជា ជាទូទៅក្នុងគ្រប់វិស័យ នៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេសការលើស្ទួយនារីឱ្យមានភាពស្មើគ្នានឹងបុរសក្នុងការងារ។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

នៅឆ្នាំ១៩៥៦ នៅប្រីយ៉ូនី (BRIONI) នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនាមិនចូលបក្សសម្ព័ន្ធ ដោយបានឡាយព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូល បក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់៤ រូបទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOSIP BROZ TITO ) ប្រធានាធិបតីយូហ្គោស្លាវី លោក ហ្សាវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោក ហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។

នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងរាជឋានៈជា នាយករដ្ឋមន្រ្តី ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅ សាធារណរដ្ឋប្រជាមានិតចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូបមាន ឯកឧត្តមលោកប្រធាន ម៉ៅ សេទុង (MAO TSETUNG) ជាដើម។ ព្រះអង្គបានឡាយព្រះហស្ថលេខា លើសេចក្តីប្រកាសរួមស្តីពី មិត្តភាពកម្ពុជា-ចិន។

នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេច នរោត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គត ពេលនោះព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ សម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គជា ព្រះប្រមុខរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។ ក្នុងព្រះរាជឋានៈព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ច កសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត។ ខែកញ្ញា ឆ្នំា១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតឡើងអាស៊ីអាគ្នេយ៍ជា តំបន់អព្យាក្រឹតរវាងប្លុកមហាអំណោយទាំងពីរ។

ខែកញ្ញា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ សន្និសីទជាតិ មួយត្រូវបានបង្កើតឡើងនៅទីក្រុងហ្សឺណែវ (GENEVE) ដើម្បី ដោស្រាយទំនាស់រវាងភាគីទាំង៣ នៅប្រទេស ឡាវ។ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្ម នយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិ វប្បធម៌បេតិកភណ្ឌជាតិខ្មែរមកវិញ ពីប្រទេសថៃ ដោយតុលាការទីក្រុងឡាអេ (LA HAYE) បានសម្រេចប្រគល់មក ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នៅខែវិច្ឆិកា ឆ្នំា១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបាន យាងចូលរួមក្នុងសន្និសីទកំពូលលើកទី១ នៃចលនាមិនចូលបក្សសម័្ពន្ធនៅបែលក្រាដ (BELG- RADE) នៃប្រទេសយូហ្គោស្លាវី ដែលមាន ២៩ប្រ​ទេសចូលរួម។ នៅទីនោះព្រះអង្គបានថ្កោលទោសចំពោះ អំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិកថ្វាយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ នៅទីក្រុងប៉ារីស។

លោកប្រធានាធិបតីបានទទួលដោយស្មោះសរ នូវសំណើរបស់ភាគីកម្ពុជា ស្តីពី ការទទួលស្គាល់អាព្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជា។ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជាឧឡារិក លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសា​ធារណរដ្ឋបារំាង ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកភ្នំពេញ លោកប្រធានាធិបតី បានគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាពទឹកដី អាព្យាក្រឹត សន្តិភាពនៃខ្លួន។

ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានា ជាច្រើនបានត្រូវកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗមានដូចជា៖ វិមានឯករាជ្យ ​វិមានរដ្ឋចំការមន ចំណតអាកាសយានដ្ឋាន​អន្តរជាតិពោធិចិនតុង ចំណតអាកាសយានដ្ឋាន​សៀមរាប ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង ​ផ្លូវជាតិលេខ៤ ភ្នំពេញ ក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ​ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ​ សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ​ សាលសន្និសីទចតុម្មុខ ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី២​ ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប​ សាកលវិទ្យាល័យសង្គមរាស្រ្ននិយម ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យ ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈស្ថាបនា​ មហាវិទ្យាល័យសិល្បៈ និងមុខរបរ ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត​ សាកលវិទ្យាល័យភូមិន្ទកំពង់ចាម​ សាកលវិទ្យាល័យភូមិន្ទបាត់ដំបង​ សាកលវិទ្យាល័យភូមិន្ទ តាកែវ កំពត​ រោងភាពយន្តរដ្ឋ​ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ​ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ រោងចក្រ នរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ​ រោងចក្រស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រវាយភ័ណ្ឌ ខេត្តបាត់ដំបង រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង​ រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត​ រោងចក្រកែវជើងឯក រាជធានីភ្នំពេញ​ រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ​ រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត​ រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល រោងចក្រត្រីខប្រអប់ ខេត្តកោះកុង រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម រោងចក្រវារីអគ្គិសនីគីរីរម្យ ខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀតនៅតាម​បណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពានជាដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចជាផ្លូវ ការនៅសហភាពសូវៀត ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែលមាន លន់ នល់ ជាមេក្លោង។ សាធារណរដ្ឋរបស់ លន់ នល់ ត្រូវបានបង្កើតឡើង នៅខែតុលាឆ្នំា១៩៧០។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា “រណសិរ្សរួបរួមជាតិកម្ពុជា” (FUNC) ព្រមជាមួយនោះក៏មានការបង្កើតរាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា (KRUNK )។

នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួចផ្តើមនៃសន្និសីទកំពូលរបស់ ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះមានការចូលរួមដោយអ្នកដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយក រដ្ឋមន្រ្តី ផាំ វ៉ាន់ ដុង (PHAM VAN DONG ) ពីរណសិរ្សជាតិ រំដោះវៀតណាមខាងត្បូង ដឹកនាំដោយលោក ង្វៀង ហ៊ីវ ថ(NGUYEN HUU THO) និងពី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់ និងគោរព ជាដរាបបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ (FUNC) ដណ្តើមបានជោគជ័យទាំងស្រុងនៅកម្ពុជា។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែលមានព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្តែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យ លាលែងមុខតំណែងជាព្រះប្រធាន នៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហមឃុំឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទំាងធ្វើគុតព្រះរាជបុត្រាបុត្រី មួយចំនួនផង។

នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា ព្រះប្រធានកម្ពុជា ប្រជាធិបតេយ្យជាលើកទី២។ ពីឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានខិតខំអស់ពីព្រះកាយ ពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម លោក ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅប្រទេសបារំាង៖

​នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Freen-Tardeniois។ នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint-Germainenlaye។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ បានទទួលពីមេដឹកនាំនៃកម្ពុជាទាំង ៤ ភាគី ដើម្បីប្រកាសជាឧឡារិកនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាន្ននូវការបាញ់គ្នានៅក្នុងប្រទេសកម្ពុជាទាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធ ពីប្រទេសដទៃដល់កងទ័ពកម្ពុជាទាំងបួន។ ទីក្រុងភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចាកចេញ ពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា(CNR) ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគី និងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបានសមាជិកទំាង១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា (SNC) ជ្រើសតាំងជាឯកច្ឆន្ទជាព្រះប្រធាន អព្យាក្រឹត នៃក្រុមប្រឹក្សានេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបាន ឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជាជាមួយសមាជិក នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា១១ រូបទៀត ជាមួយតំណាងរដ្ឋាភិបាល១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងនិវត្តន៍មកកាន់រាជធានី ភ្នំពេញវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ក្រោយពីមាតុភូមិនិវត្តន៍របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានឯកឧត្តមលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ឯកឧត្តម ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ដែល មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និងភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលលោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជាលាយលក្ខណ៍អក្សរថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋ ពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជា ទាំងមូល ម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ជាផ្លូវការនៅតែរក្សទុកតួនាទីជាប្រមុខរដ្ឋរហូតដល់មានការបោះឆ្នោតនៅ កម្ពុជាឆ្នាំ១៩៩៣។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជា បានអនុម័ត។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទងមហាជនមួយ ក៏ត្រូវបានរៀបចំឡើងដោយ មានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមជាទីបំផុតក្នុងការបង្រួបបង្រួមជាតិតាំងពីដើមរហូតមក។ ព្រះអង្គបានឱ្យចេញរូបរាជរដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៣ ហើយជាពិសេសព្រះអង្គបានបំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីអំពីគោលការណ៍ សហប្រតិបត្តិការ ដែលបានសម្រេចក្នុង កិច្ចប្រជុំកំពូលក្រោមព្រះរាជធិបតីភាព នៃព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា នៅមហាប្រសាទខេមរិន្ទ ព្រះបរមរាជវាំង ថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។

ព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ជាព្រះមហាវីរក្សត្រ មួយព្រះអង្គដែលតែងតែប្រកាន់ខ្ជាប់នូវ ព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជណាចក្រកម្ពុជា។ តំាងពីដើមរៀងមក ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាព សង្គមកិច្ច ដូចជាកសាងព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះទឹក សម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្រ្ត។ ព្រះអង្គបានប្រោសព្រះរាជទាន និងបន្តនូវការប្រោសព្រះរាជទាន (រៀងរាល់សប្តាហ៍) ព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងជីវ ភាពខ្វះខាតខ្លំាង។

ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈ ដែលព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តកម្ពុជា ដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរឡើយ។

ដោយសារគុណសម្បត្តិនេះហើយ ទើបប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានគាំទ្រដោយ​ឥតសំចៃ ថ្វាយព្រះអង្គ ចំពោះ​ការយាងគ្រងរាជសម្បត្តិសារជាថ្មីនៅឆ្នំា១៩៩៣ ហើយពុំធ្លាប់​មាននៅក្នុងប្រវត្តិសាស្រ្តលោកកន្លងមក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម