Connect with us

KPT+

មកដឹងឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ប្រទេសមហាអំណាចទាំង៣ មួយណាខ្លាំងជាង?

បានផុស

នៅ

កាលពីដើមខែតុលា ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ទីក្រុងមូស្គូមិនគំរាមកំហែងអ្នកណាម្នាក់ដោយអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែគឺមហាអំណាចលោកខាងលិចឯណោះទេ ដែលប្រើវោហាសាស្ត្រនុយក្លេអ៊ែរ ដោយព្យាយាមធ្វើយ៉ាងណា ឲ្យមើលទៅដូចជារុស្ស៊ីកំពុងរៀបចំការវាយប្រហារដោយប្រើអាវុធប្រល័យលោក​ អ៊ីចឹង។

ឯកសារពិនិត្យឡើងវិញនូវឥរិយាបថនុយក្លេអ៊ែរថ្មី (NPR) របស់សហរដ្ឋអាមេរិក​ ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ និងបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេស (NDS) គឺផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែរបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ដោយដាក់បញ្ចូលរុស្ស៊ី និងចិន ជាសត្រូវសក្តានុពលដ៏សំខាន់។

ខាងក្រោមនេះគឺជាការបង្ហាញជូនខ្លីៗ អំពីកងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ប៉េកាំង និងវ៉ាស៊ីនតោន៖

​រុស្ស៊ី

NPR អះអាងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបរហូតដល់ទៅ ២០០០គ្រាប់ ហើយកំពុងស្វែងរកប្រព័ន្ធដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីៗជាច្រើនទៀត ដើម្បីទប់ទល់ជាមួយអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូដែលមានហានិភ័យ។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលទាំងក្បាលគ្រាប់ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START នោះទេ។

តួលេខនេះគឺស្របតាមការប៉ាន់ប្រមាណពីមុនរបស់មន្ទីរបញ្ចកោណ ដែលថា ទីក្រុងមូស្គូមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់ ៥៩៧៧គ្រាប់ ក្នុងឆ្នាំ២០១៩។

ជាផ្នែកមួយនៃការដោះដូរទិន្នន័យ New START, ប្រទេសរុស្ស៊ីបានបង្ហាញថា គិតត្រឹមថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានដាក់ពង្រាយយានដឹកជញ្ជូនយុទ្ធសាស្ត្រចំនួន៥១៣គ្រឿង ដែលមានក្បាលគ្រាប់ចំនួន១៤២៦គ្រាប់។

យាននិងអាវុធបំពាក់របស់រុស្ស៊ី រួមមានមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដ៏ទំនើប ក៏ដូចជាមីស៊ីល Yars និង Topol ផងដែរ។ លើសពីនេះ ក្បាលគ្រាប់ អាចបំពាក់លើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 និង Tu-95 រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ថ្នាក់ Borei ឈ្មោះ Bulava។

ចិន

យោងតាម ​​NPR, សាធារណរដ្ឋប្រជាមានិតចិន ទំនងជាមានបំណង បង្កើនក្បាលគ្រាប់ឲ្យបានយ៉ាងតិច ១០០០គ្រាប់ នៅត្រឹមចុងទសវត្សរ៍នេះ។

បច្ចុប្បន្ន ចិនគឺជារដ្ឋតែមួយគត់ក្នុងចំណោមរដ្ឋមានអាវុធនុយក្លេអ៊ែរផ្លូវការទាំងប្រាំ នៅក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដែលមិនផ្តល់ព័ត៌មានណាមួយអំពីកងកម្លាំងយោធារបស់ខ្លួន រួមទាំងសមាសធាតុនុយក្លេអ៊ែរ។

យ៉ាងណាក្តី មន្ទីរបញ្ចកោណជឿជាក់ថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤០០គ្រាប់ ដែលអាចបំពាក់លើមីស៊ីលប្រភេទ ICBM រួមទាំងមីស៊ីល Dongfeng (DF)-4, DF-5A, DF-31, និង DF-31A ក៏ដូចជាមីស៊ីល DF-41 កំណែចុងក្រោយបង្អស់ ដែលត្រូវបានបង្ហាញ​ជា​លើក​ដំបូង​ក្នុង​ក្បួនព្យុហយាត្រា​យោធា​នៅ​ទីក្រុង​ប៉េកាំង ​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៩ ផងដែរ។

យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស, យានដែលបំពាក់នុយក្លេអ៊ែររបស់ប្រទេសចិន ក៏រួមបញ្ចូលទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ០៩៤ និង ប្រភេទ០៩៦ ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកធុន H-6 និង H-6K បូករួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជំនាន់ចុងក្រោយធុន H-20 ផងដែរ។

លើសពីនេះ ចិនក៏មានមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម DF-17 ដែលទីក្រុងប៉េកាំងអះអាងថា អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ។

សហរដ្ឋអាមេរិក

មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥៤២៨គ្រាប់ លើយានដឹកជញ្ជូនយ៉ាងហោចណាស់ ៦៥២គ្រឿងនៅសហរដ្ឋអាមេរិក ដែលក្នុងនោះអាចបំពាក់លើមីស៊ីល Minuteman III ៤០០គ្រាប់និងនាវាមុជទឹកថ្នាក់ Ohio ឈ្មោះ Trident ដើរដោយថាមពលនុយក្លេអ៊ែរចំនួន១៤គ្រឿង។ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ដែលត្រូវបានដាក់ពង្រាយនាពេលបច្ចុប្បន្នគឺ ១៣៥០គ្រាប់។

យោងតាមព័ត៌មាន ដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការធ្វើទំនើបកម្មមីស៊ីល Minuteman III ដែលជាអាវុធឆ្លើយតបនុយក្លេអ៊ែរមានឥទ្ធិពលបំផុតរបស់អាមេរិក នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៩។

យានបំពាក់នុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិករួមមាន យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចជា B-52H Stratofortress និង B-2A Spirit៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី បញ្ជាក់ថា មានតែវិធីមួយគត់ ដែលអាចបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរបាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម