លោក Adam Mosseri បានកើតនិងធំធាត់នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ លោកចាប់កំណើតថ្ងៃទី ២៣ ខែមករា ឆ្នាំ ១៩៨៣។ Mosseri មានសញ្ជាតិអាមេរិក-អ៊ីស្រាអែល ព្រោះឪពុកជាជនជាតិអ៊ីស្រាអែល។ លោកបញ្ចប់បរិញ្ញាបត្រផ្នែករចនាព័ត៌មានក្នុងឆ្នាំ ២០០៥។
នៅឆ្នាំ ២០០៣ ខណៈកំពុងសិក្សានៅសាកលវិទ្យាល័យ Mosseri ចាប់ផ្ដើមពិគ្រោះយោបល់ផ្នែករចនាផ្ទាល់ខ្លួនដែលមានឈ្មោះថា Blank Mosseri ដោយផ្ដោតលើការរចនាក្រាហ្វិកអន្តរកម្មនិងការរចនាពិព័រណ៍។ ក្រុមហ៊ុនរបស់លោកមានការិយាល័យនៅញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ។ លុះក្នុងឆ្នាំ ២០០៧ លោកចូលរួមជាមួយក្រុមហ៊ុន TokBox ជាអ្នករចនាម៉ូដដំបូងគេរបស់ក្រុមហ៊ុន។
Mosseri ចូលធ្វើការក្នុងក្រុមហ៊ុនហ្វេសប៊ុក ជាអ្នករចនាផលិតផលក្នុងឆ្នាំ ២០០៨ ។ នៅឆ្នាំ ២០០៩ លោកក្លាយជាអ្នកគ្រប់គ្រងរចនាផលិតផល ហើយក្នុងឆ្នាំ ២០១២ លោកឡើងជានាយករចនាសម្រាប់កម្មវិធីទូរសព្ទរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ Mosseri គ្រប់គ្រងផ្នែកព័ត៌មានរបស់ហ្វេសប៊ុកហើយពីរឆ្នាំ ២០១៦ ដល់ខែឧសភា ឆ្នាំ ២០១៨ លោកបម្រើការជាអនុប្រធានផលិតផលសម្រាប់ហ្វេសប៊ុក។
ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ ២០១៦ លោក Mosseri បានចាត់តាំងធ្វើជាអ្នកនាំពាក្យតំណាងហ្វេសប៊ុកស្ដីពី “ព័ត៌មានក្លែងក្លាយ និងព័ត៌មានសន្តិសុខដែលគួរឲ្យទុកចិត្តបាន”។
នៅខែឧសភា ឆ្នាំ ២០១៨ លោក Mosseri ប្ដូរឲ្យធ្វើជាអនុប្រធានផលិតផលរបស់ Instagram ។ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ ហ្វេសប៊ុកបានប្រកាសតែងតាំង Mosseri ឲ្យក្លាយជាប្រមុខថ្មីរបស់ Instagram បន្ទាប់ពីការលាលែងពីតំណែងរបស់សហស្ថាបនិកកម្មវិធីចែករំលែករូបថតលោក Kevin Systrom និង Mike Krieger នាខែកញ្ញា ក្នុងឆ្នាំដដែល ។
ត្បិតតែតំណែងប្រធានក្រុមហ៊ុន Instagram ត្រូវបានប្រគល់ឲ្យ Mosseri ក៏ដោយ ប៉ុន្តែហ្វេសប៊ុកនៅតែរក្សាសិទ្ធិតំណែងនាយកប្រតិបត្តិឲ្យអតីតសហស្ថាបនិកបណ្ដាញ Instagram ដដែល។
នៅឆ្នាំ ២០២០ លោក Adam Mosseri ត្រូវបានចុះក្នុងបញ្ជីជាកំពូលអ្នកមានក្នុងចំណោមមនុស្ស ៤០ នាក់ក្នុងវិស័យតិចណូឡូជីដែលមានវ័យក្រោម ៤០ ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំនេះ លោកមានទ្រព្យសម្បត្តិសរុបចំនួន ១២០ លានដុល្លារអាមេរិក និងមានអ្នកតាមដាន ១២៨ ពាន់នាក់នៅលើ Instagram៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖សារៈសំខាន់នៃការកសាងបណ្ដាញក្នុងសង្គម social network ?
ចុចអាន៖ជំនាញទំនាក់ទំនង៖ រៀនពីរបៀបសុំអភ័យទោស