Connect with us

ព័ត៌មានជាតិ

ប្រមុខរដ្ឋស្ដីទីបញ្ចប់​គោរមងារ​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណារិទ្ធ ក្រោយមន្ត្រីចុះឆែកឆេរឃ្លាំងចូលជង្គង់មាន់ ស្លាបមាន់ប្រហិតពីថៃ

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែតុលា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឈ្មោះ អ៉ឹម សុផាន់ណារិទ្ធ  តាមសំណេីររបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រះរាជក្រឹត្យដដែល មិនបានបញ្ជាក់លំអិតអំពីមូលហេតុដែលនាំឲ្យឈានដល់ការបញ្ចប់គោរមងារនេះឡើយ។

ជាការកត់សម្គាល់ ការបញ្ចប់គោរមងារនេះបានធ្វើឡើងរយៈពេលប្រមាណ១សប្ដាហ៍ បន្ទាប់ពីសមត្ថកិច្ចចម្រុះ ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ដែលគេដឹងថា ជារបស់ឈ្មោះ អ៊ឹម សុផាន់ណារិទ្ធហៅ “ចែទូច” ហើយមន្ត្រីជំនាញបានរកឃើញសាច់ក្លាសេដូចជា ប្រហិត ជង្គង់មាន់ស្លាបមាន់,ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន ដែលមួយចំនួនបាននាំចូលពីប្រទេសថៃ។

ការបញ្ចប់គោរមងារនេះដែរកើតឡើង រយៈពេល២ថ្ងៃ បន្ទាប់ពីកាលពីល្ងាចថ្ងៃទី៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យថៃមើលងាយខ្មែរថា អត់ទំនិញគេមិនបាន។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖« ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ“»។

សូមរំលឹកថា បុគ្គល អ៉ឹម សុផាន់ណារិទ្ធ ទទួលបានគោរមងារ ឧកញ៉ា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ ៕

ដោយ÷ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម