Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវចូលឃុំថ្មស ស្រុកបូទុមសាគរ ដែលរអិលជាប់ផុងខ្លាំង ត្រូវចាក់បេតុងកម្រាស់ ២ តឹកកន្លះ

បានផុស

នៅ

កំណាត់​ផ្លូវ​ក្រួស​ក្រហម​ចូល​មូលដ្ឋាន​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ដែល​មាន​សភាព​រអិល​ជាប់​ផុង​ខ្លាំង​លំបាក​ធ្វើដំណើរ ត្រូវ​បាន​ក្រុមហ៊ុន​ Royal ចាក់​បេតុង​កម្រាស់​ ២​ តឹក​កន្លះ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ឱ្យ​ល្អប្រសើរ​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ក្រួច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ បានឱ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ថ្ងៃទី​ ១៧​ ខែតុលា ឆ្នាំ ២០២៥ ​ថា ការចាក់​បេតុង​ប្រវែង​ជាង ​២​ គីឡូម៉ែត្រ ទទឹង ​៧​ ម៉ែត្រ និង​កម្រាស់ ​២ ​តឹក​កន្លះ ត្រង់​ចំណុច​ដែល​ជាប់ផុង​រអិល​ខ្លាំង​លើផ្លូវ​ក្រួស​ក្រហម​ចូល​ឃុំ​ថ្ម​ស នៅពេលនេះ ​ជា​គម្រោង​ចំណាយ​របស់​ក្រុមហ៊ុន ​Royal Gorup ពុំ​មែន​ជា​គម្រោង​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល រដ្ឋបាល​ស្រុក ឬ​អាជ្ញាធរ​ឃុំ​នោះ​ទេ។

បើតាម​ លោក​អភិបាលស្រុក​បូ​ទុម​សាគរ សកម្មភាព​ នៃ​ការចាក់​បេតុង​ដែល​គ្មាន​សរសៃ​ដែក​កម្រាស់​ ២ ​តឹក​កន្លះ ជា​បច្ចេកទេស​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន​ម៉ៅការ​របស់​ចិន ដែល​បេតុង​ទាំងនោះ​លាយ​សារធាតុ​គីមី ហើយ​កំពុងតែ​និយម​ប្រើប្រាស់​នៅ​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន​តែម្តង។ ជាក់ស្តែង​ផ្លូវ​បេតុង​នេះ អាច​ទ្រ​ទម្ងន់​រថយន្ត​ដឹកទំនិញ​ប្រមាណ​ ១០០​ តោន។

លោក ក្រួច បូរី​សីហា ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Royal Gorup ដែល​ជួយ​គាំទ្រ​យកចិត្តទុកដាក់​ខ្ពស់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​ខាងលើ តាមរយៈ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី ងាយស្រួល​ដឹកទំនិញ​កសិកម្ម និង​ទិន្នផល​នេសាទ​ទៅ​កាន់​ទីផ្សារ​បាន​ឆាប់រហ័ស។

កន្លងទៅ អំឡុង​រដូវវស្សា​ភ្លៀង​ធ្លាក់​ខ្លាំង ផ្លូវ​ក្រួស​ក្រហម ​១​ ខ្សែ​ ដែល​កែង​ផ្លូវ​វិថី​សាយ ភូ​ថង ចូល​ទៅ​មូលដ្ឋាន​ឃុំ​ថ្ម​ស តែង​ជួប​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅមក ព្រោះ​ការ​ជាប់​ផុង​រអិល​មិន​ទៅ​បន្ត​ដំណើរ​ទៅមុខ​បាន ហើយ​មន្ទីរ​សាធារណការ​ខេត្ត អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ និង​ក្រុមហ៊ុន​ឯកជន ចុះ​ពិនិត្យ​កែសម្រួល​ដោះស្រាយ​ជា​បន្តបន្ទាប់​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម