Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងក្រុងបាត់ដំបងសំណូមពរអាជ្ញាធរពិនិត្យមើលអាជីវករផ្សារណាត់ដែលលក់លើទ្រូងផ្លូវ

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងក្រុងបាត់ដំបង បានធ្វើការសំណូមពរទៅលើអាជ្ញាធរក្រុង មេត្តាជួយពិនិត្យទៅលើ ការប្រជែងគ្នាលក់នៅលើទ្រូងផ្លូវ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែលូតខ្លាំងឡើងៗ យ៉ាងអាណាធិបតេយ្យ ធ្វើឱ្យបាត់បង់អស់សោភ័ណភាព និងកណ្ដាប់ធ្នាប់ នៅប៉ែកខាងលិចផ្សារណាត់ កណ្ដាលក្រុងបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលប៉ុន្មានខែកន្លងទៅនេះ រដ្ឋបាលក្រុងបាត់ដំបងធ្លាប់បានដាក់ក្រុមការងារជំនាញឱ្យចុះបាញ់ខ្សែបន្ទាត់ក្រហមដោយកំណត់ទីតាំងឱ្យអាជីវករផ្សារណាត់ ប៉ែកខាងលិចលក់ត្រឹមលើចិញ្ចើមផ្លូវដោយមិនអនុញ្ញាតឲ្យលូតដាក់គ្រែ តុ មកលើទ្រូងផ្លូវជាដាច់ខាត ព្រោះវាអាចបង្កឲ្យមានការកកស្ទះចរាចរណ៍របស់អ្នកធ្វើដំណើរ។

មិនខុសអីពីការវៀចចកកណ្ដាលបឹងនោះឡើយ ព្រោះការដេញនិងកំណត់ទីតាំងឱ្យអាជីវករលក់ដូរ បានតែមួយរយៈខ្លីប៉ុណ្ណោះដែលបច្ចុប្បន្នគេសង្កេតឃើញថា អាជីវករទាំងនោះចាប់ផ្ដើមរុញតុ រុញគ្រែ ដាក់ឆ័ត្រ មកលើទ្រូងផ្លូវយ៉ាងអនាធិបតេយ្យ ដដែលឡើងវិញ គេមិនដឹងថាតើអាជីវករទាំងនោះ អាងខ្សែ ឬក៏អាជ្ញាធរក្រុងដេកលក់?

ប៉ុន្តែបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះបានលើកឡើងថា នេះមិនមែនជាការដេកលក់របស់អាជ្ញាធរក្រុងនោះឡើយ ព្រោះផ្លូវនេះអ្នកណាក៏ធ្វើដំណើរឆ្លងកាត់ដែរ ព្រោះជាផ្លូវធំកណ្ដាលក្រុងបាត់ដំបង ដូច្នេះប្រហែលជាឃើញហើយធ្វើមិនឃើញ ទើបធ្វើឱ្យអាជីវករទាំងនោះគិតតែសម្រុកប្រជែងគ្នា ដែលឃើញម្នាក់លូតទៅមុខម្នាក់ទៀតក៏លូតតាម ដូច្នេះហើយទើបធ្វើឱ្យបាត់បង់សម្រាប់ធ្នាប់នៅលើផ្លូវសាធារណៈដែលមនុស្សម្នាធ្វើដំណើរបង្កទៅជាការកកស្ទះដោយសារបញ្ហានេះ។

ពលរដ្ឋមួយចំនួនក៏បានសំណូមពរដល់អាជ្ញាធរក្រុង ដែលកន្លងមកធ្លាប់ចុះវាស់វែងនិងបាញ់គំនូសក្រហម កំណត់ទីតាំង សូមធ្វើការចុះពិនិត្យទៅលើករណីនេះផង បើមិនដូច្នោះទេបញ្ហានេះនឹងកាន់តែរាលដាលធំឡើង និងបង្កទៅជាការរាំងស្ទះចរាចរណ៍កណ្ដាលក្រុងតែម្ដង ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម