ព័ត៌មានជាតិ
ចាប់ខ្លួនឧត្តមសេនីយ៍ទោម្នាក់ និងបក្សពួក២នាក់ទៀត ដែលគឃ្លើន រៀបចំកម្មវិធីផឹកស៊ីបំពាន
មនុស្សចំនួន៣នាក់ ក្នុងនោះមានម្នាក់ ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន ក្រោយពួកគេបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនទាំង៣នាក់ មានឈ្មោះ ទី១.ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ជាមន្ត្រីនគរបាល មានឋានន្តរសក្ដិថ្នាក់ឧត្តមសេនីយ៍ទោ មុខងារជាអនុប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ , ទី២.ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងរហូតមានការឡាយតាមហ្វេសបុកទៀតនោះ លោក ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសហការចូលរួមពីកម្លាំងនគរបាលអន្តរាគមន៍ នៃអគ្គស្នងការ បានចុះទៅជាបន្ទាន់ ទៅដល់លំនៅឋានជនដែលបំពានបម្រាមរាជរដ្ឋាភិបាលខាងលើ ដើម្បីមានវិធានការ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ពិតជាឃើញមានការជួបជុំផឹកស៊ីរាំរែក និងប៉ាតម្សៅប្រាកដមែន ទើបកម្លាំងនគរបាលធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ និងអ្នកនៅជាមួយ២នាក់ទៀត ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់ ។
តាមប្រភពពីមន្ត្រីនគរបាល ឲ្យដឹងថា ការចុះបន្ទាន់ ក្នុងការឃាត់មនុស្ស និងបញ្ឈប់កម្មវិធីផឹកស៊ីខាងលើ គឺធ្វើឡើង ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ពិសេសនោះ គឺអនុវត្តឲ្យមានប្រសិទ្ធិភាព តាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានហាមប្រាមមិនឲ្យមានការជួបជុំផឹកស៊ី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក ជាមួយនឹងជម្ងឺកូវីដ១៩ ។
យ៉ាងណាមិញ ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅពេលក្រោយបន្តទៀត ៕
អត្ថបទ៖ លីហេង
សូមចុចអាន៖ ប្រកាសទាំងយប់ អាជីវករផ្សារលើក្រុងព្រះសីហនុ ២៥ នាក់ឆ្លងកូវីដ១៩
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ