Connect with us

ព័ត៌មានជាតិ

ស្អែកនេះ! គ្រឹះស្ថានអប់រំរដ្ឋ-ឯកជន ២ទីតាំង មានរៀបចំកម្មវិធី «សង្ក្រាន្ត» រយៈពេល ២ថ្ងៃ

បានផុស

នៅ

ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរកំពុងខិតជិតមកដល់ គ្រឹះស្ថានអប់រំនានានៅរាជធានីភ្នំពេញ ក៏មិនខុសពីតាមបណ្តាខេត្តដែរ ដោយបាននិងកំពុងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត» ជាបន្តបន្ទាប់ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កម្ពុជាថ្មីសូម្បីលើកយកវិទ្យាល័យ និងសាកលវិទ្យាល័យ ២ ដែលត្រៀមរៀបចំកម្មវិធី «សង្ក្រាន្ត» ពីថ្ងៃសុក្រ ទី៣ ខែមេសាស្អែកនេះ រួមមាន៖

១. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
កម្មវិធី «អិនយូអឹមសង្ក្រាន្ត» នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១០យប់ នៅក្នុងបរិវេណសាកលវិទ្យាល័យ។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពី ក្រុមក្បាច់គុនល្បុក្កតោ និងសិល្បករចាប៉ីដងវែង លោក ម៉ើ មឿន ព្រមនិងសិល្បករ សិល្បការិនីល្បីៗជាច្រើនទៀត ក្នុងនោះក៏មាន អ្នកនាង មាស សុខសោភា, ឧកញ៉ា ខេមរៈ សិរីមន្ត ផងដែរ។

កម្មវិធីនឹងផ្តល់ជូនសកម្មភាពបែបប្រពៃណីជាច្រើន ដូចជា ល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពល្ខោនយីកេ របាំបុរាណ និងការដើរម៉ូតបែបបុរាណ និងសម័យ ដោយបើកឱ្យសាធារណជន និងនិស្សិតចូលរួមដោយសេរី ដើម្បីអបអរសាទរបុណ្យជាតិដ៏សំខាន់នេះ។

២. វិទ្យាល័យបឹងត្របែក
ឆ្នាំនេះ មិនមែន១ មិនមែន២ តែគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ រួមគ្នារៀបចំកម្មវិធី «សង្ក្រាន្ត» នៅទីតាំងតែមួយ ដើម្បីបង្កើនភាពរីករាយ និងលើកស្ទួយវប្បធម៌ខ្មែរ។ គ្រឹះស្ថានទាំង៣ រួមមាន វិទ្យាល័យបឹងត្របែក, ព្រះយុគន្ធរ និង ព្រះស៊ីសុវត្ថិ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាមួយការណែនាំពី «បម្រាម និងការត្រៀមខ្លួន» ដើម្បីធានាថា ការចូលរួមរបស់សិស្សានុសិស្ស និងសាធារណៈជនមានសុវត្ថិភាព និងរលូន។ ជាពិសេស ក៏មានកម្មវិធីតន្ត្រីសប្បុរសធម៌ ដែលបន្ថែមភាពរស់រវើក និងអត្ថន័យសង្គមទៅក្នុងព្រឹត្តិការណ៍ផងដែរ។

ជាមួយនឹងការរៀបចំសង្ក្រាន្តនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យទាំងនេះ កំពុងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ឱ្យបន្តរីកចម្រើនក្នុងសង្គមសម័យថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម