Connect with us

ព័ត៌មានជាតិ

រឿងថៃបាត់ទង់ជាតិ លោក ឆាំង យុ មើលឃើញថា គ្រាន់ជាឆាកល្ខោនសម្ដែងឡើងដើម្បីបង្កជម្លោះជាមួយកម្ពុជា

បានផុស

នៅ

ថៃប្រកាសបាត់ទង់ជាតិរបស់ខ្លួនមួយពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ គ្រាន់តែជាឆាកល្ខោនសម្ដែងឡើងដោយយោធាថៃប៉ុណ្ណោះ ដើម្បីជាលេសក្នុងការបង្កជម្លោះប្រដាប់អាវុធជាថ្មីជាមួយនឹងប្រទេសកម្ពុជា។ នេះជាការមើលឃើញរបស់នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ខណៈយោធាថៃបានបង្ហាញការខឹងសម្បារខ្លាំងចំពោះការបាត់ទង់ជាតិមួយនេះ ដោយទាញកម្ពុជាមកភ្ជាប់ក្នុងករណីនេះ ហើយបានព្រមានឆ្លើយតបដោយកម្លាំងយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃ នឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថា មានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលលោក ឆាំង យុ ហៅថា ជាសម្ដីដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។

លោក ឆាំង យុ បានលើកឡើងតាមរយៈសំណេរនាថ្ងៃទី២១ ខែមេសា ថា កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការរបស់ប្រទេសដទៃ ខណៈពេលដែលខ្លួនកំពុងតែកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ លោក បានសម្ដែងនូវការអស់សំណើច និងហួសចិត្តចំពោះការបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។

លោក ឆាំង យុ បានពណ៌នាបែបឌឺដងឱ្យថៃ ថា ថ្ងៃនេះបាត់ទង់ជាតិ ប្រហែលជាថ្ងៃស្អែក អាចមានការបាត់ដើមឈើមួយដើម ឬវត្ថុបុរាណប្លែកៗផ្សេងទៀតចេញពីដែនអធិបតេយ្យភាពរបស់ថៃ ដែលអាចត្រូវប្រើប្រាស់ធ្វើជាលេសស្របច្បាប់ ដើម្បីបង្កឱ្យមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាងប្រទេសទាំងពីរក៏ថាបាន។

លោកបានលើកពីភាពផ្ទុយគ្នារវាងកម្ពុជា និងថៃ ដោយខណៈពេលកងទ័ពថៃកំពុងស៊ើបអង្កេតទៅលើកាលៈទេសៈគួរឱ្យសង្ស័យជុំវិញការបាត់ទង់ជាតិដ៏អាថ៌កំបាំងរបស់ខ្លួន និងកំពុងស្វែងរកលទ្ធភាពប្រើប្រាស់កម្លាំងយោធា ជាការឆ្លើយតបនោះ តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជា លោកថា នៅតែបន្តបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់ និងមានភាពចាស់ទុំជាងមុនក្នុងការដោះស្រាយវិវាទព្រំដែន តាមរយៈវិធានការទូតដោយសន្តិវិធី។

ក្នុងន័យនេះ លោក ឆាំង យុ បានបង្ហាញក្ដីសង្ឃឹមថា ភាពម៉ឺងម៉ាត់ ភាពចាស់ទុំ និងសន្តិភាព នឹងទទួលបានជ័យជម្នះជាស្ថាពរលើការសម្តែងការខឹងសម្បារខុសរឿង ក្នុងកាលៈទេសៈទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម