Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកចន្ទ្រា បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់

បានផុស

នៅ

អនុវត្តតាមស្មារតីនៃអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល និងការបង្កើនការយកចិត្តទុកដាក់លើសន្តិសុខតាមមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានបើកប្រតិបត្តិការចុះឆែកឆេរ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងកិច្ចសហការយ៉ាងល្អប្រសើរពីម្ចាស់ផ្ទះជួលឈ្មោះ  ផូ ដេ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដែលបានរាយការណ៍អំពីសកម្មភាពសង្ស័យនៅក្នុងទីតាំងរបស់ខ្លួន។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា ឱ្យដឹកនាំកម្លាំងជំនាញចុះអនុវត្តច្បាប់ជាបន្ទាន់។

ក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញសម្ភារបម្រើឱ្យសកម្មភាពបទល្មើសមួយចំនួន និងបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ភេទប្រុស ជនជាតិវៀតណាម។

កិច្ចប្រតិបត្តិការនេះ ក៏បានបង្ហាញពីគំរូដ៏ល្អរបស់ម្ចាស់ទីតាំងស្នាក់នៅ ដែលបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ក្នុងការតាមដាន និងរាយការណ៍រាល់សកម្មភាពមិនប្រក្រតីស្របតាម អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ដើម្បីរួមចំណែកលុបបំបាត់បទល្មើសបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម